ជាតិ
សេដ្ឋកិច្ច
សម្តេច ស ខេង ស្នើឲ្យស្ថាប័នរដ្ឋពិនិត្យលើក្រុមហ៊ុនមករកស៊ីឲ្យល្អិតល្អន់ ដើម្បីកុំឲ្យមានការលាងលុយនៅកម្ពុជា
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធពិនិត្យលើក្រុមហ៊ុនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យបានល្អិតល្អន ដើម្បីកុំឲ្យមានការលាងលុយកង្វក់ និងប្រព្រឹត្តអំពើភេរវកម្ម ដែលបង្កអសន្តិសុខដល់កម្ពុជា ។
សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនដែលមករកស៊ីទាំងអស់ ត្រូវស្ថិតនៅក្រោមច្បាប់កម្ពុជា ទោះមកពីប្រទេសណា ឬមានទុនវិនិយោគច្រើនយ៉ាងណាក៏ដោយ។ និយាយចំណុចនេះសម្ដេច ស ខេង ក៏បានរំឭកដល់ក្រសួងដែលមានសិទ្ធសម្រេចអនុញ្ញាតដល់អ្នកវិនិយោគទាំងអស់ ត្រូវពិនិត្យលើក្រុមហ៊ុនដែលមានគម្រោងមកវិនិយោគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យច្បាស់ថា តើពួកគេមានលុយពិតឬមិនពិត ហើយមានប្រវត្តិក្រុមហ៊ុនត្រឹមត្រូវដែរទេ?
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងទី១ មីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងដូច្នេះថា៖« ថ្នាក់លើត្រូវតែផ្ដល់ព័ត៌មានដល់ថ្នាក់ខេត្តឲ្យដឹងអំពី ដើម្បីជួយកុំឲ្យមានបញ្ហា និងបន្ទោសគា្ន។ (យើង)ទាមទារឲ្យចេះធ្វើការងារជាក្រុម»។
កន្លងមកមានការរិះគន់ថា អ្នកវិនិយោគចិន ដែលនាំគ្នាសម្រុកមកដាក់ទុនរកស៊ីនៅកម្ពុជា ដោយនាំយកលុយកខ្វក់ពីប្រទេសចិន។ ប៉ុន្តែបញ្ហាត្រូវបានរដ្ឋាភិបាល បដិសេធថា គ្មានករណីអ្នកវិនិយោគចិន ប្រើប្រាស់លុយកខ្វក់មកលាងសម្អាតនៅប្រទេសកម្ពុជាឡើយ។ រដ្ឋាភិបាលចាត់ទុកការរិះគន់នេះ ក្នុងគោលបំណងបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិនប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com