ជាតិ
តើ​«​កម្ពុជា​» មាន​តួនាទី និង​ការរួមចំណែក​អ្វីខ្លះ​ក្នុង​អង្គការ​តំបន់​អាស៊ាន​?
30, Apr 2019 , 6:29 am        
រូបភាព
មេដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០១២
មេដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០១២
ដោយ៖ សំអាត ច័ន្ទ សុ​ម៉ានិត 
​ភាពខុសគ្នា​ក្នុង​វប្បធម៌ ភាសា ប្រព័ន្ធ​នយោបាយ និង​ប្រវត្តិសាស្ត្រ​ដ៏​ចំរូងចម្រាស់​ក្នុង​អាស៊ីអាគ្នេយ៍​មិនបាន​ក្លាយជា​ឧស​គ្គ​ធំ​សម្រាប់​កម្ពុជា​ទេ​។ កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​ចូលរួម​ជា​សមាជិក​អាស៊ាន​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ក៏ដូចជា​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្ដរជាតិ​។ កន្លងមក ក្នុងនាម​ជា​សមាជិក កម្ពុជា​បាន​ចូលរួម​សកម្មភាព​ផ្សេងៗ​ជាមួយ​អាស៊ាន​តាមរយ​:​ការចុះហត្ថលេខា និង​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ (TAC) ក្នុង​ឆ្នាំ ១៩៩៤ និង​ទីបំផុត​ចូល​ជា​សមាជិក​ទី ១០ ជា​ផ្លូវការ​នៅ​ខែមេសា ឆ្នាំ​១៩៩៩​។



អត្ថបទ​ខាងក្រោម​នេះ ខ្ញុំ​នឹង​រៀបរាប់​អំពី​តួនាទី និង​ការរួមចំណែក​របស់​ក​ម្ពុ​ជា​ក្រោយ​ការចូល​ជា​សមាជិក​អាស៊ាន​ក៏ដូចជា​ភាពជា​ប្រធាន​អាស៊ាន​ពីរលើក​ផង​របស់​កម្ពុជា​៖

 
​បើ​ផ្តោតលើ​គោលការណ៍​របស់​អាស៊ាន​ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន​មាត្រា ២ ក្នុងនាម​ជា​សមាជិក កម្ពុជា​ត្រូវ​ប្រកាន់ខ្ជាប់ និង​គោរព​នូវ​គោលការណ៍​ជា​មូលដ្ឋាន​ដែលមាន​ក្នុង​សេចក្ដីប្រកាស កិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា និង​លិ​ខិ​តូ​បក​រណ៍​ផ្សេងៗ​របស់​អាស៊ាន​។ កម្ពុ​ជាមាន​តួនាទី​គោរព​ឯករាជភាព  អធិបតេយ្យភាព  បូរណភាព​ទឹកដី  សមភាព​ក្នុង​តំបន់ និង​ការមិន​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​អាស៊ាន​។ 
 
​កម្ពុ​ជាមាន​ភារកិច្ច​រួមជាមួយ​សមាជិក​ដទៃ​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ដោយ​ប្រកាន់យក​នូវ​វប្បធម៌​ពិគ្រោះ​ចរចារ និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការមិន​ប្រើប្រាស់​កម្លាំង​ទ័ព ការគំរាមកំហែង ឬក៏​សកម្មភាព​ទាំងឡាយណា​ដែល​មិន​អនុលោម​តាមច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏មាន​តួនាទី​គោរព និង​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ពាណិជ្ជកម្ម​ពហុភាគី ដោយ​ផ្អែកលើ​ច្បាប់​គោល​របស់​អាស៊ាន ដើម្បី​ជំរុញ​បន្ថែម​ការអនុវត្ត​ផែនការ​សកម្មភាព​ផ្សេងៗ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​លុបបំបាត់​របាំង​ទាំងឡាយ​ដែលជា​ឧបសគ្គ​ដល់​សមា​រណកម្ម​សេដ្ឋកិច្ច​នៃ​តំបន់​។ ការប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ អភិបាលកិច្ច​ល្អ គោលការណ៍​ប្រជាធិបតេយ្យ ក៏ដូចជា​លើកកម្ពស់​នូវ​ការគោរព និង​ការការពារ​សេរីភាព សិទ្ធិមនុស្ស និង​លើកកម្ពស់​យុត្តិធម៌​សង្គម​ជាដើម​។

សម្រាប់​ភាពជា​សមាជិក កម្ពុជា​ក៏មាន​ភារកិច្ច​ក្នុងការ​គោរព​ដល់​មាគ៌ា​របស់​អាស៊ាន (ASEAN Way)​។ មាគ៌ា​របស់​អាស៊ាន គឺ​សំដៅលើ​វិធី​របស់​អាស៊ាន​ក្នុងការ​គ្រប់គ្រង ដោះស្រាយ និង​បញ្ចៀស​ជម្លោះ​ផ្សេងៗ ដោយ​ផ្អែកលើ​តួនាទី​ស្នូល និង​សាមគ្គីភាព (Centrality and Unity) របស់​អាស៊ាន ការសម្របសម្រួល​គ្នា ការ​មូលមតិ​កុងសង់ស៊ីស (Consensus) ទំនាក់ទំនង​ការទូត​ដោយ​ស្ងៀមស្ងាត់ (Quiet Diplomacy) ដែល​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​អាស៊ាន​អាចធ្វើ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​មិនចាំបាច់​យក​កិច្ចពិភាក្សា​រក​ដំណោះស្រាយ​នេះ​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណ​:​។ 
 
 ក្រៅពីនេះ កម្ពុជា​ក៏មាន​ភារកិច្ច​ជួយ​ក្នុង​ការជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​សសរស្ដម្ភ​ទាំងបី​ដែលមាន​ដូចជា សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន (APSC- ASEAN Political-Security Community) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC- ASEAN Economic Community) និង​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន (ASEAN Socio-Cultural Community) ដើម្បី​សម្រេចបាន​នូវ​សមា​រណកម្ម និង​ការតភ្ជាប់​អាស៊ាន​ពេញលេញ (ASEAN Integration and Connectivity) ស្របតាម​ផែនការ​ការងារ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​ជំហាន​ទីមួយ​, ទី​ពីរ និង​ទី​បី (IAI Work plan I, II, III)​។ ចំពោះ​វិស័យ​នយោបាយ​-​សន្តិសុខ​របស់​អាស៊ាន កម្ពុ​ជាមាន​តួនាទី​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព​ក្នុង​តំបន់​តាមរយ​:​ការចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN Summit) កិច្ចប្រជុំ​អាស៊ាន​បូក​បី (APT- ASEAN Plus Three) វេទិកា​តំបន់​អាស៊ាន (ARF- ASEAN Regional Forum) កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS- East Asia Summit) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM- ASEAN Foreign Ministerial Meeting) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ (ADMM- ASEAN Defense Ministerial Meeting) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM+1) សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​(PMC- Post Ministerial Conference) និង​សន្និសីទ PMC+1 ជាមួយ​ដៃគូ​សន្ទនា​អាស៊ាន​នីមួយៗ (10+1 Session) ក៏ដូចជា​កិច្ចប្រជុំ​គ្រប់​កម្រិត​ថ្នាក់ (Senior Officials Meeting and Joint Working Group) និង​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហានយោបាយ​-​សន្តិសុខ ដូច​ជាការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ទៅនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Transnational Crimes) ការជួញដូរ​មនុស្ស  ការជួញដូរ​គ្រឿងញៀន សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ភេ​វរ​កម្ម ជម្ងឺឆ្លង រួមទាំង​ចរចារ​ស្វែងរក​ដំណោះស្រាយ​រួម​ចំពោះ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​មិន​ប្រពៃណី (Non-traditional security threats) និង​ជា​ប្រពៃណី​ផ្សេងៗ​ដូចជា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង  វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ខាន និង​ការវិវត្ត​នៃ​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ រួមទាំង​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​មួយចំនួន​នៅក្នុង​តំបន់​ដូចជា ខ្សែក្រវាត់​មួយ វិថី​មួយ​របស់​ចិន (One Belt, One Road Initiative) និង​ទស្សនទាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (Indo-Pacific Perspectives) ជាដើម​។ កម្ពុជា និង​សមាជិក​ដទៃ​មាន​ភារកិច្ច​រួម​ក្នុងការ​ជំរុញ​ឲ្យ​បណ្ដា​ប្រទេសក្រៅ​តំបន់ ជាពិសេស​មហាអំណាច​ធំៗ​ចូល​ជា​ភាគី​ក្នុង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ (TAC) ក្នុងន័យ​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រទេស​ទាំងនេះ​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ (SEANWFZ) ដើម្បី​ជាការ​ឆ្លើយតប​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិសុខ ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។ 
 
​ចំពោះ​វិស័យសេដ្ឋកិច្ច​អាស៊ាន កម្ពុ​ជាមាន​តួនាទី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​សមាជិក​អាស៊ាន​ឲ្យ​កាន់តែ​ជិតស្និទ្ធ ដោយ​លុបបំបាត់​ទាំងស្រុង​នូវ​របាំង​ពន្ធគយ​ដែលមាន​លើ​ទំនិញ សេវា​ផ្សេងៗ និង​របាំង​មិនមែន​ពន្ធគយ​ដូចជា កូតា (Quota) ឧបត្ថម្ភ​ធន (Subsidy) បរិមាណ (Quantity) ដើម្បី​បង្កើតជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួមមួយ​តាមរយ​:​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម ការវិនិយោគ ការងារ ឬ​ជំនាញ​ផ្សេងៗ សម្ដៅ​សម្រេចបាន​នូវ​សមា​រណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ពេញលេញ​។ កម្ពុជា​ក៏មាន​តួនាទី​ផងដែរ​ក្នុងការ​ពង្រឹង​លើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី (Trade Liberalization) ការវិនិយោគទុន និង​លំហូរ​ទេសចរណ៍​រវាង​អាស៊ាន និង​បណ្ដា​ប្រទេស​ដែលជា​ដៃគូ​សន្ទនា​តាមរយ​:​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន (AFTA) ដែលជា​ក្របខ័ណ្ឌ​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​។ 
 
​កម្ពុជា​ក៏​ជំរុញ​បន្ថែម​នូវ​សមត្ថភាព​ផលិតកម្ម បច្ចេកវិទ្យា សេដ្ឋកិច្ច​ឌីជីថល នវានុវត្តន៍​បច្ចេកវិទ្យា ពត៌មាន​និង​ទូរគមនាគមន៍ (ICT) និង​ការអភិវឌ្ឍ​បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន (ASEAN Smart City Network) ដែលជា​គោលការណ៍​មួយ​ដើម្បី​លើកកម្ពស់​សហគ្រាស​មីក្រូ ធុន​តូច ស្រាល និង​មធ្យម (MSMEs) និង​ដើម្បី​ការលូតលាស់​ក្នុង​តំបន់​។ ចំពោះ​វិស័យ​សង្គម​-​វប្បធម៌ កម្ពុជា​ត្រូវ​ពង្រឹង​ការច្នៃប្រឌិត​ថ្មីៗ​លើ​វិស័យ​អប់រំ បង្កើត​ឲ្យ​មាន​បម្លាស់ប្ដូរ​បទពិសោធ​ន៍​នៃ​ការសិក្សា​រវាង​យុវជន​លើ​វិស័យ​ផ្សេងៗ​ដូចជា ភាសា វប្បធម៌ សិល្ប​: បេតិកភណ្ឌ ក្នុង​ទស្សន​:​ជំរុញ​ការស្វែងយល់​គ្នា​ទៅវិញទៅមក ក៏ដូចជា​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ​សម្រាប់​យុវជន​នៅ​គ្រប់​កម្រិត និង​គ្រប់​វិស័យ​តាមរយ​:​ស្ថាប័ន​អប់រំ​ដែល​ពាក់ព័ន្ធ​។

ស្របតាម​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) ក្រោម​របៀប​វារ​:​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០ កម្ពុ​ជាមាន​ភារកិច្ច​ក្នុងការ​ចូលរួម​លើកស្ទួយ​ទំនាក់ទំនង​គោលនយោបាយ​ក្នុងចំណោម​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​ទាំងអស់ ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការកាត់បន្ថយ​ភាពក្រីក្រ​គ្រប់​ទម្រង់ ការ​គាំពារ​បរិស្ថាន ស្ថាន​ជីវ​:​ចម្រុះ ការគ្រប់គ្រង​ធនធានទឹក និង​បម្រែបម្រួល​អាកាសធាតុ​ផ្សេងៗ​។
 
​ក្រៅពីនេះ​ក្នុងនាម​ជា​សមាជិក កម្ពុជា​ក៏មាន​តួនាទី​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា កិច្ចប្រជុំ​អាស៊ាន​បូក​បី វេទិកា​តំបន់​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក និង​កិច្ចប្រជុំ​គ្រប់​កម្រិត គ្រប់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ និង​កង្វល់​រួម​ស្ដីពី​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ការរួមចំណែក​យ៉ាង​ធំធេង​របស់​កម្ពុជា​នៅក្នុង​អាស៊ាន តាមរយ​:​ការធ្វើជា​ម្ចាស់ផ្ទះ​លើកទីមួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៨ និង​កិច្ចប្រជុំ​អាស៊ាន​បូក​បី​លើក​ទី ៦ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ក្នុង​ខែ​វិ​ច្ជិ​កា ឆ្នាំ​២០០២ ក្រោម​មូលបទ “​ការ​ឆ្ពោះទៅកាន់​សហគមន៍​អាស៊ាន​” និង​ការដាក់ចេញ​នូវ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ក្រម​ប្រតិបត្តិ​នៃ​បណ្ដា​ភាគី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង (DOC)​។​
 
 ក្នុង​ខែមិថុនា ឆ្នាំ​២០០៣ កម្ពុជា​ក៏បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​តំបន់​អាស៊ាន​លើក​ទី ១០ (ARF) ស្ដីពី​ការគំរាមកំហែង​ដល់​សន្តិសុខ​លំហ​សមុទ្រ និង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេ​វរ​កម្ម ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ប្រទេស​ជា​សមាជិក និង​បណ្ដា​ប្រទេស​មហាអំណាច​ក្នុង និង​ក្រៅ​តំបន់​។ ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ កម្ពុជា​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​ដល់​ភាព​តានតឹង​នៃ​កិច្ចពិភាក្សា​ស្របតាម​គោលជំហរ​នយោបាយ​ការបរទេស​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ដែលមាន​ជា​អា​ទ៏ គោលការណ៍​អព្យាក្រឹត (Neutral) សន្តិ​សហ​វិជ្ជមាន​(Peaceful coexistence) ទន់ភ្លន់ និង​បត់បែន (Flexible) ក៏ដូចជា​ប្រកាន់ខ្ជាប់​មាគ៌ា​របស់​អាស៊ាន (ASEAN Way) ដើម្បី​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួមមួយ​ដោយ​ស្ថាន​ភាពរលូន មិន​រដាក់រដុប​។ ជាថ្មី​ម្ដងទៀត​គម្រប់​រយ​:​ពេល ១០​ឆ្នាំ កម្ពុជា​បាន​វិល​មក​ស្វាគមន៍​ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី ៧ (EAS) ក្រោម​មូលបទ “​សហគមន៍​មួយ ជោគវាសនា​មួយ​” ដែល​ពិភាក្សា​ផ្ដោត​សំខាន់​ទៅលើ​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន និង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការកសាង​សហគមន៍​អាស៊ាន​។ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១ នេះ គេ​បានកត់សម្គាល់​ឃើញថា​មាន​ភាពចម្រូងចម្រាស់​គ្នា​ជុំវិញ​ការស្នើ​ពី​សំណាក់​ភាគី​វៀតណាម និង​ហ្វីលីពីន ឲ្យ​ដាក់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​របៀប​វារ​:​មួយ​ក្នុង​កិច្ចប្រជុំ​។

ប៉ុន្តែ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​បាន​ច្រានចោល​សំណើ​នេះ​ដោយ​គូសបញ្ជាក់ថា​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គួរតែ​ដោះស្រាយ​ក្នុង​កម្រិត​ទ្វេភាគី​រវាង​បណ្ដា​ប្រទេស​ដែល​ទាមទារ (Claimant States) ហើយ​មិនគួរ​យកមក​ចរចា​នៅក្នុង​វេទិកា​ពហុភាគី​រួម​នោះឡើយ​។ ក្នុងន័យនេះ កម្ពុជា​បាន​ប្រកាន់ខ្ជាប់​តួនាទី​ស្នូល និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន ប៉ុន្តែ​រង​ការចោទប្រកាន់​ពី​ភាគី​ដែល​ទាមទារ​ថា​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ជិតស្និទ្ធ និង​រឹងមាំ​ជាមួយ​ចិន​៕

សំអាត ច័ន្ទ​សុ​ម៉ានិត បច្ចុប្បន្នជា​និស្សិត កំពុង​សិក្សា​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និងធ្លាប់ជា​អ្នក​ហាត់​ការ​នៅ​អគ្គនាយកដ្ឋាន​អាស៊ាន នៃ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ 

ចង់ចុះផ្សាយអត្ថបទមែនទេ? សូមផ្ញើអត្ថបទរបស់អ្នកមកកាន់សារព័ត៌មានថ្មីៗ!


 

Tag:
 អាស៊ាន​
 ​ កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com