ជាតិ
សិល្បះ
សម្ដេច ហ៊ុន សែន ប្រកាស​លើកលែង​ពន្ធភាព​យន្ត​៥​ឆ្នាំ
07, Mar 2019 , 9:59 pm        
រូបភាព
រូប​ពី​ក្រសួង​វប្បធម៌
រូប​ពី​ក្រសួង​វប្បធម៌
​ភ្នំពេញ​៖ ដើម្បី​លើកទឹកចិត្ត​និង​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ រាជរដ្ឋាភិបាល​បានសម្រេច​អនុគ្រោះ​ពន្ធដា​រយៈពេល​៥​ឆ្នាំ ដល់​ដាច់​ឆ្នាំ​២០២៣​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

 
​ថ្លែង​ក្នុង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥ និង​ពិធី​ជួបជុំ​សិល្បករ​ទូទាំងប្រទេស​លើក​ទី​២ សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា ៖« ដើម្បី​ជាការ​លើកទឹកចិត្ត​និង​លើកស្ទួយ​វិស័យ​សិល្បៈ និង​ការផលិត​ភាពយន្ត​ខ្មែរ រាជរដ្ឋាភិបាល​បានសម្រេច​អនុគ្រោះ​ពន្ធដា​រយៈពេល​៥​ឆ្នាំ​បន្តទៀត​។ ការបោះឆ្នោត​ឆ្នាំ​២០២៣ បើសិនជា​ប្រជាពលរដ្ឋ​កម្ពុជា សិល្បករ​សិល្បការិនី បន្ត​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គាំទ្រ​ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី​បន្តទៀត មានន័យថា​ពេលណា ហ៊ុន សែន នៅ​វត្តមាន​ជា​នាយករដ្ឋមន្ត្រី ពេលនោះ​ពន្ធ​មិនត្រូវ​បានដាក់​បន្ទុក ទៅលើ​សិល្បៈ​នោះទេ​»​។​
 
​សូម​ស្តាប់​ប្រសាសន៍​ជា​សំឡេង​របស់​សម្តេច​ខាងក្រោម​៖  




 
​ផ្នែក​ភាពយន្ត​ដែល​ត្រូវ​លើកលែង​ពន្ធ​រួមមាន ទី​១​អនុញ្ញាត​ព្យួរ​ពន្ធ​កាត់​ទុក​១៥​ភាគរយ សម្រាប់​ការផ្ដល់​សិទ្ធិ​បញ្ចាំង​ក្នុងស្រុក​។ ទី​២ អនុញ្ញាតឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់ចំណូល​ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ និង​ទី​៣ អនុញ្ញាត​ព្យួរទុក​ការអនុវត្ត​អាករ​ពិសេស​លើ​សេវា​លំហែ​កម្សាន្ត​១០​ភាគរយ ជូន​ដល់​សិល្បៈ​សៀក​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប​។​
 
​សហគ្រាស​ផលិតភាព​យន្ត និង​សៀក​ត្រូវបំពេញ​កាតព្វកិច្ច​ពន្ធ​ដារ កត់ត្រា និង​កាន់កាប់​បញ្ជី​គណនេយ្យ ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ ព្រមទាំង​បំពេញ​កាតព្វកិច្ច​ពន្ធដា​រ​ផ្សេងទៀត ឱ្យបាន​ត្រឹមត្រូវ​ដូច​ក្រុម​ពន្ធ​អាជីវកម្ម​ផ្សេងទៀត ដើម្បី​ជាការ​រួមចំណែក ពង្រឹង​អនុលោមភាព​សារពើពន្ធ និង​វប្បធម៌​ពន្ធ នៅ​កម្ពុជា​។ សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់ថា ការលើកលែង​ពន្ធភាព​យន្ត​នឹង​បន្តទៅ​ក្រោយ​ឆ្នាំ​២០២៣ ប្រសិនបើ​សម្តេច​ជាប់ឆ្នោត នៅ​អាណត្តិ​ក្រោយ​ទៀត​៕

Tag:
 សម្ដេច​
  ហ៊ុន សែន
 ​ភាពយន្ត​
  លើកលែង​ពន្ធភាព​យន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com