ជាតិ
សម្តេចព្រះ​វររាជ​មាតា៖ សូមកូនចៅ​ចូលរួម​លើកកម្ពស់​វប្បធម៌​អហិង្សា ក្នុង​គ្រួសារ​
08, Mar 2019 , 1:39 pm        
រូបភាព
សម្តេចព្រះវររាជមាតាជាតិខ្មែរ។  រូបពី AFP
សម្តេចព្រះវររាជមាតាជាតិខ្មែរ។ រូបពី AFP
ដោយ: ថ្មីៗ
សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល មាន​ព្រះរាជសារ​មួយ សម្រាប់​ជាការ​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​នេះ​។ ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រី បង្ហាញ​ព្រះរាជបំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ទាំងអស់គ្នា​ក្នុង​ការលុបបំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ​។



​សម្តេចព្រះវររាជមាតា ទ្រង់ បាន​មាន​ព្រះរាជ​បន្ទូល​ក្នុង​ព្រះរាជសារ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ សូម​កូនចៅ មាតាបិតា អាណាព្យាបាល​ទាំងអស់ ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា នៅក្នុង​គ្រួសារ​និង​សង្គម តាមរយៈ​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ ដោយ​រៀបចំខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ការប្រើ​អំពើហិង្សា ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ និង​សុជីវធម៌​...»​។

​តាមរយៈ​ព្រះរាជសារ សម្តេចព្រះ​វររាជ​មាតា បាន​សរសើរ​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល ដែល​ខិតខំ​បំពេញការងារ ដើម្បី​ប្រទេស និង​សរសើរ​សម្តេច ប៊ុន រ៉ានី ដែល​ខិតខំ​លើកកម្ពស់​សីលធម៌​សង្គម និង​តម្លៃ​ស្ត្រី​។

លើសពីនេះ ព្រះមហាក្សត្រី ក៏បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ ចំពោះ​សម្តេច​សង្ឃ​ទាំងពីរ​គណៈ និង​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័នរដ្ឋ​និង​ឯកជន​ទាំងអស់ ដែល​បាន​ខិតខំ​លើកកម្ពស់​សមភាព​យេនឌ័រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ទទួលបាន​ឱកាស​បង្កើន​សមត្ថភាព សេចក្តីសុខ​ចម្រើន​ក្នុង​គ្រួសារ និង​សង្គម​។ ព្រះមហាក្សត្រី មាន​ព្រះបន្ទូល​ថា​៖«​ខ្ញុំ សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ នឹង​បន្តទៅ​មុខជា​រៀង​ដរាប​»៕ 





Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com