ជាតិ
កម្ពុជា និង​ហ្វីលីពីន នឹងមាន​ជើងហោះហើរ​ត្រង់​លើកដំបូង នា​ដើមខែ​មេសា​
09, Mar 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា និង​ហ្វីលីពីន នឹងមាន​ជើងហោះហើរ​ត្រង់​លើកដំបូង ពី​រដ្ឋធានី​ម៉ានីល​-​រាជធានី​ភ្នំពេញ នៅ​ដើម​ខែមេសា​ខាងមុខ ។ កម្ពុជា​រំពឹងថា ការភ្ជាប់​ជើងហោះហើរ​ត្រង់នេះ នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​នៅ​កម្ពុជា​។

 
​ការហោះហើរ​ត្រង់​ទៅវិញទៅមក​នេះ ប្រើពេល​តែ​ប្រមាណ​ជាង ២​ម៉ោង​ប៉ុណ្ណោះ​។ ត្រង់ចំណុច​ក្រសួងទេសចរណ៍ មាន​សុទិដ្ឋិនិយម​ថា ការតភ្ជាប់​ជើងហោះហើរ​ត្រង់នេះ គឺ​នឹង​ជួយ​ជំរុញ​កំណើន​ទេសចរ​ពី​ហ្វីលីពីន និង​ប្រទេស​ទី​៣ មកកាន់​កម្ពុជា​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន​ភ្ញៀវទេសចរ​ហ្វីលីពីន​ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ មាន​ប្រមាណ​តែ​ជាង ៩​ម៉ឺន​នាក់​។​
 
​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរ​មួយ​របស់​ហ្វីលីពីន ក៏បាន​ហោះហើរ​ត្រង់​ពី​ទីក្រុង​សេ​ប៊ូ (​ទីក្រុង​មួយ​នៅលើ​កោះ​សេ​ប៊ូ នៃ​ប្រទេស​ហ្វីលីពីន​) មក​ក្រុង​សៀមរាប​ផងដែរ ដោយ​ក្នុង​មួយ​សប្ដាហ៍​ហោះហើរ​បាន​ចំនួន​៤​ជើង​។​
 
​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ម៉ានីល​-​ភ្នំពេញ​នេះ គឺជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា ពីព្រោះ​តាំងពី​ឆ្នាំ​១៩៧០​មក កម្ពុជា​មិនទាន់មាន​ជើងហោះហើរ​ត្រង់​ណាមួយ ពី​ភ្នំពេញ​ទៅមក​ម៉ានីល​ឡើយ​។ ប៉ុន្តែ​ដោយសារ​កម្ពុជា​មានការ​អភិវឌ្ឍ ទើប​ក្រុមហ៊ុន​អាកាសចរ Philippines Airline ក៏ដូចជា​ក្រុមហ៊ុន​អាកាសចរ​ក្រៅប្រទេស​ដទៃទៀត ពង្រីក​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​បែបនេះ​។ ម្យ៉ាងវិញទៀត និ​ន្ន​នា​ការ​របស់​ភ្ញៀវទេសចរ​បច្ចុប្បន្ន និយម​ចូលចិត្ត​ការហោះហើរ​ត្រង់ ដែល​វា​ផ្ដល់​ភាពងាយស្រួល និង​ប្រើពេល​ខ្លី​ឆាប់​ដល់​គោលដៅ​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងទេសចរណ៍​៕
 

Tag:
 Airline
  អាកាសចរ​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com