ជាតិ
សង្គមជាតិ
ក្រោយ​មាន​បញ្ជា​ពីស​ម្តេច​! ពន្ធនាគារ ឈប់ឲ្យ​អ្នក​ជាប់ឃុំ​ទាំងអស់ ប្រើ​ទូរ​សព្ទ​
09, Mar 2019 , 8:39 am        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារ
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារ
ដោយ: ថ្មីៗ
​លោក ចាន់ គីម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានចេញ​សេចក្តីណែនាំ​មួយ កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ ស្តីពី​ការបញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ទូរ​សព្ទ​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត​។ លោក បាន​ហៅ​ការដាក់ចេញ​វិធានការ​នេះ ថា​ជា​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។



​តាមរយៈ​សេចក្តីណែនាំ លោក​អគ្គនាយក បាន​បញ្ជា​ទៅ​មន្ត្រី​តាម​ពន្ធនាគារ​ថា ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ទូរ​សព្ទ ដែល​ធ្លាប់​ដាក់​ឲ្យ​ជន​ជាប់ឃុំ​ប្រើប្រាស់​កន្លងមក ហើយ​ត្រូវ​ទប់ស្កាត់​រាល់​ការ​លួចលាក់​នាំចូល​ទូរ​សព្ទ​ចល័ត ទៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ករណី​រកឃើញ​ទូរ​សព្ទ ដែល​បម្រុង​នាំចូល ឬ​រកឃើញ​ទូរ​សព្ទ​ក្នុង​ពន្ធនាគារ ត្រូវ​ដកហូត​។ ចំពោះ​ជន​ណា ដែល​ប្រព្រឹត្ត​បទល្មើស ត្រូវមាន​វិមាន​ការ​តាមផ្លូវ​ច្បាប់​និង​តាម​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​»​។​
 
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់ ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ខាង​ពន្ធនាគារ ឲ្យ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ប្រើ​ទូរ​សព្ទ​ក្នុង​ពន្ធនាគារ​។ ប្រមុខ​រដ្ឋាភិបាល ទទួល​ព័ត៌មាន​ថា មាន​អ្នកខ្លះ បាន​លួច​ទាក់ទង​សាច់ញាតិ​តាម​ប្រព័ន្ធ​ទូរ​សព្ទ ដើម្បី​ឲ្យ​ជួយ​ធានាបាន​ចេញពី​ពន្ធនាគារ​៕ 

Tag:
 ពន្ធនាគារ​
  អ្នក​ជាប់ឃុំ​
© រក្សាសិទ្ធិដោយ thmeythmey.com