អន្តរជាតិ
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​៖ ម៉ាឡេស៊ី​នឹង​ក្លាយជា​ខ្លា​អាស៊ី​ម្តងទៀត​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​
20, Mar 2019 , 8:39 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lim Guan Eng (ឆ្វេង) និង​ទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍របស់លោក មហាធៀ ក្នុងវេទិកាវិនិយោគម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ (រូបថត៖Bernama)
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lim Guan Eng (ឆ្វេង) និង​ទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍របស់លោក មហាធៀ ក្នុងវេទិកាវិនិយោគម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ (រូបថត៖Bernama)
ដោយ:
​ម៉ាឡេស៊ី នឹង​វិលត្រឡប់​ក្លាយទៅជា «​ខ្លា​សេដ្ឋកិច្ច​អាស៊ី​» ម្តងទៀត​នា​រយៈពេល​៣​ឆ្នាំ​ខាងមុខ​។ នេះ​បើ​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក Lim Guan Eng នៅ​ថ្ងៃទី​១៩ ខែមីនា ដោយ​លើក​អំណះអំណាង​មួយចំនួន រួមមាន កំណើន​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ភាព​វិជ្ជមាន​នៃ​សម្ទុះ​សេដ្ឋកិច្ច​ផងដែរ​។

 
​ថ្លែង​នៅក្នុង​វេទិកា​វិនិយោគ​ម៉ាឡេស៊ី​ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី Lim Guan Eng គូសបញ្ជាក់ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស បាន​ហក់​ឡើង​ចំនួន​៤៨​ភាគរយ ស្មើនឹង ១៩,៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ១៣,៣​ពាន់​លាន​ដុល្លារ​។ លោក Lim ពន្យល់ថា តួលេខ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​ក្រុម​អ្នក​វិនិយោគិន​លើ​សុខភាព​សេដ្ឋកិច្ច​របស់​ម៉ាឡេស៊ី​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bernama មន្ត្រីជាន់ខ្ពស់​រូបនេះ លើកឡើងថា ការវិនិយោគ​ចិន និង​ជប៉ុន​នៅ​ម៉ាឡេស៊ី មាន​កំណើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ លោក Lim សង្ឃឹមថា ក្រុម​អ្នកវិនិយោគ​ក្នុងស្រុក​ក៏​នឹង​យក​គំរូ​តាម​នេះដែរ​។  ដោយ​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​តួលេខ​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រូបនេះ​យល់ឃើញថា សេដ្ឋកិច្ច​ម៉ាឡេស៊ី​កំពុងដំណើរការ​ទៅមុខ​ដោយ​ល្អប្រសើរ​។​
 
​ទន្ទឹមនឹង​គ្នា​នេះ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ខែកុម្ភៈ​កន្លងទៅ លោក Lim បាន​គូសបញ្ជាក់ថា សេដ្ឋកិច្ច​របស់​ម៉ាឡេស៊ី កំពុង​ដើរទៅ​មុខ​យ៉ាងខ្លាំង​ក្លា ហើយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ត្រូវ​រំពឹងថា កើនឡើង​លើស​ចំនួន ៤,៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​ដដែល​នេះ លោក​រដ្ឋមន្ត្រី អះអាងថា ការធ្លាក់ចុះ​នៃ​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) បង្ហាញ​ឲ្យ​ឃើញថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ស្តីពី​ការលុបចោល​ពន្ធ​លើ​សេវាកម្ម​និង​ទំនិញ (GST) និង​ជំនួស​មកវិញ​នូវ​ពន្ធ​លើ​សេវាកម្ម​និង​ការលក់ (SST) ព្រមទាំង​ការធ្វើ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​មាន​ស្ថិរភាព​នោះ ផ្តល់​ផលចំណេញ​ជាច្រើន​ដល់​ប្រជាជន និង​អ្នកជំនួញ​៕
 

Tag:
 ម៉ាឡេស៊ី​
  រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​
  ខ្លា​អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com