អន្តរជាតិ
លោក ស៊ី ប្រាប់​គ្រូបង្រៀន​ជួយ​សាបព្រោះ​គោលការណ៍​បក្ស​កុម្មុយនីស្ត តែ​ត្រូវ​ប្រឆាំង​ផ្នត់គំនិត​«​លោកខាងលិច​»
19, Mar 2019 , 5:33 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានស្នើ​ឲ្យ​មានការ​រឹតបន្តឹង​លើ​គោល​គំនិត ឬ​មនោគមវិជ្ជា​នយោបាយ​ក្នុង​គ្រឹះស្ថាន​អប់រំ​គ្រប់​កម្រិត​ថ្នាក់ ដោយ​ទាមទារ​ឲ្យ​គ្រូបង្រៀន​ជួយ​សាបព្រោះ​គោលការណ៍​បក្ស​កុម្ម​យ​និ​ស្ត តែ​ត្រូវ​ប្រឆាំង​ទៅនឹង «​ផ្នត់គំនិត​មិន​ត្រឹមត្រូវ​»​។ ក្នុងន័យនេះ បក្សកុម្មុយនិស្ត​ចិន​ចង់​សំដៅលើ ផ្នត់គំនិត »​លោកខាងលិច​» រួមមាន លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម​។

 
​ការលើកឡើង​របស់លោក​ស៊ី ជីន​ភីង គឺធ្វើឡើង​នៅក្នុង​សិក្ខាសាលា​មួយ​ក្នុង​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃទី​១៨ ខែមីនា ដែល​គ្រូបង្រៀន​ចិន​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោក ស៊ី ជិន​ភីង គូសបញ្ជាក់ថា ប្រជា​ជាតិចិន មាន​តួនាទី​ចាំបាច់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ខ្លួន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ជាពិសេស​យុវជន ដែល​គាំទ្រ​គោលការណ៍​បក្ស​កុម្មុយនីស្ត និង​ប្រព័ន្ធ​សង្គមនិយម​របស់​ចិន​។​
 
​មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​រូបនេះ ក៏បាន​ស្នើ​ឲ្យ​ស្ថាប័ន​អប់រំ​ទាំងអស់​របស់​ចិន អនុវត្ត​គំនិត​ផ្តួចផ្តើម​សាបព្រោះ​ស្មារតី​ស្នេហា​ជាតិនិយម​ទៅដល់​យុវជន និង​ច្រាល​ចោល​នូវ​មនោគមវិជ្ជា និង​ផ្នត់គំនិត​ដែល​បក្ស​កុម្មុយនីស្ត​ចិន​ចាត់ទុកថា «​ពុំ​ត្រឹមត្រូវ​»​។ ត្រង់ចំណុច​នេះ លោក ស៊ី បន្តថា គន្លឹះ​ដើម្បី​ពង្រឹង​ការអប់រំ​នយោបាយ​និង​មនោគមវិជ្ជា​នោះ​គឺ​គ្រូបង្រៀន ដ្បិត​ពួកគេ​គួរ​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​សាបព្រោះ​មនោគមវិជ្ជា​ដែល​បក្ស​កុម្មុយនីស្ត​អនុវត្ត​។ 
 
«​យើង​ត្រូវតែ​សាបព្រោះ​មនោគមវិជ្ជា​ជា​មូលដ្ឋាន​របស់​បក្ស​កុម្មុយនីស្ត​ចិន និង​ទប់ទល់​ដោយផ្ទាល់​ជាមួយនឹង​ទស្សនៈ និង​មនោគមវិជ្ជា​ទាំងឡាយណា​ដែល​ពុំ​ត្រឹមត្រូវ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ស៊ី ដោយ​ចង់​សំដៅ​ទៅលើ​ឥទ្ធិពល​និង​ផ្នត់គំនិត​របស់លោក​ខាងលិច​។ លើសពីនេះ លោក​និយាយទៀតថា កាលណា​សិស្ស ឬ​និស្សិត​ឈ្វេងយល់​ច្បាស់​ពី​លទ្ធិសង្គមនិយម​បែប​ចិន ព្រមទាំង​មាន​ស្មារតី​ស្នេហា​ជាតិនិយម​ផងដែរ​នោះ ពួកគេ​នឹង​ចូលខ្លួន​ដោយ​ស្ម័គ្រចិត្ត​ក្នុងការ​កសាង​ប្រទេស​សង្គមនិយម​បែប​ទំនើប​ដ៏​អស្ចារ្យ​មួយ និង​តស៊ូ​ដើម្បី​អនុភាព​របស់​ប្រជា​ជាតិចិន​។​
 
​បើតាម​សារព័ត៌មាន​ចិន​ដដែល ប្រមុខរដ្ឋ​ចិន​រូបនេះ ក៏​ទទូច​ឲ្យ​គ្រូបង្រៀន​បង្កើត​គំរូ​ល្អៗ​សម្រាប់​សិស្ស​ទាំង​ក្នុង​ថ្នាក់រៀន កន្លែង​ឯកជន និង​តាម​បណ្តាញ​សង្គម​ផងដែរ​។ នេះ​មានន័យថា គ្រូបង្រៀន​ទាំងអស់​នឹងត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​បង្ហោះ​លើ​ប្រព័ន្ធ​អន​ឡាញ​។​
 
​មែនទែនទៅ សន្ទរកថា​របស់លោក​ស៊ី ជិន​ភីង គឺធ្វើឡើង​ក្រោយពី​អាជ្ញាធរ កាលពី​ថ្មីៗ​នេះ បាន​បើក​ការបង្ក្រាប​លើ​បាតុកម្ម​មួយ ដែល​ដឹកនាំ​ដោយ​សកម្មជន​ក្មេងៗ​គាំទ្រ​លទ្ធិ​ម៉ា​ក្សី​ស នៅឯ​សកល​វិទ្យាល័យ​មួយចំនួន ក្នុង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ចិន​។ ការធ្វើ​បាត​កម្ម​របស់​និស្សិត​ទាំងនេះ មាន​គោលបំណង​តវ៉ា​ជុំវិញ​រឿង​ពុករលួយ​និង​វិសមភាព​ក្នុងសង្គម​ចិន​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​លោក ស៊ី ជីន​ភីង ចូលកាន់​តំណែង​កាលពី​ឆ្នាំ​២០១២​មក បក្ស​កុម្មុយនីស្ត​ចិន បាន​ព្យាយាម​ទប់ស្កាត់​ការ​សាបព្រោះ «​គុណ​តម្លៃ​លោកខាងលិច​» ក្នុង​ទីតាំង​អប់រំ​ផ្សេងៗ និង​ហាមឃាត់​សៀវភៅពុម្ព​នានា ដែល​លើកស្ទួយ «​ផ្នត់គំនិត​លោកខាងលិច​» រួមមាន លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាដើម​។​
 
​ក្នុង​ឆ្នាំ​២០១៦ មេដឹកនាំ​ចិន​រូបនេះ បាន​ប្តេជ្ញា​ប្រែក្លាយ​សកលវិទ្យា​ល័យ​ទៅជា​ទីតាំង​ដើម្បី​គាំពារ​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត និង​តម្រូវ​ឲ្យ​គ្រប់​ស្ថាប័ន​អប់រំ​ទាំងអស់​ពង្រឹង​លើ​ការបង្ហាត់បង្រៀន​លទ្ធិ​ម៉ា​ក្សី​ស​និយម​។ ជាក់ស្តែង ស្ថាប័ន​អប់រំ​ឧ​ត្ត​ម​សិក្សា​មួយចំនួន រួមមាន សកលវិទ្យា​ល័យ Peking និង​សកល​វិទ្យាល័យ Renmin បាន​បង្កើត​ដេ​ប៉ា​តេ​ម៉​ង់​ថ្មី ដែល​បង្រៀន​លើ «​គោល​គំនិត ស៊ី ជិន​ភីង​» ដោយហេតុថា ទ្រឹស្តី​នយោបាយ​របស់លោក​ស៊ី នេះ ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​ធម្មនុញ​បក្ស​កាលពី​ឆ្នាំ​២០១៧៕
 

Tag:
 ចិន​
  ស៊ី​ជិន​ភីង​
  មនោគមវិជ្ជា​និង​គោល​គំនិត​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com