អត្ថបទ៖ Matias Andres
កីឡាការិនីគុនចម្រុះរបស់ ONE Championship វី ស្រីខួច កំពុងរង់ចាំឱកាសដើម្បីត្រលប់ចូលសង្វៀនប្រកួតវិញ ខណៈនាងពង្រឹងការហ្វឹកហាត់មិនឈប់ឈរ។
ស្រីខួច ដែលជាមិត្តភ័ក្តិជិតស្និទ្ធម្នាក់របស់តារាកំពុងរះនៅ ស្រីពៅ បច្ចុប្បន្នកំពុងស្ថិតក្នុងជំរំហ្វឹកហាត់ពេញម៉ោងដើម្បីតំណាងកម្ពុជាក្នុងការប្រកួតអន្តរជាតិនៅប្រទេសថៃ។
ស្រីខួច ប្រាប់ថា៖ «ឥឡូវនេះខ្ញុំកំពុងផ្ដោតលើការប្រកួតនៅប្រទេសថៃក្នុងខែមេសាខាងមុខ។ ខ្ញុំ, ស្រីពៅ និងកីឡាករពីរបីនាក់ផ្សេងទៀតនឹងទៅបោះជំរំហ្វឹកហាត់និងប្រកួតនៅទីនោះ»។
មុនត្រលប់ទៅ ONE Championship និងមុនការប្រកួតប្រដាល់របស់នាងមកដល់ ខាងក្រោមនេះជារឿងគួរឱ្យចាប់អារម្មណ៍៣យ៉ាងដែលអ្នកគួរដឹងអំពី ស្រីខួច។
១- តារាល្បីដែលនាង crush លើនិងបទចម្រៀងសំណព្វចិត្ត
ថ្វីបើជីវិតរបស់ស្រីពៅភាគច្រើនក្រវែលជុំវិញក្បាច់គុន ប៉ុន្តែនាងក៏ជាអ្នកស្រលាញ់តន្ត្រីដ៏ខ្លាំងក្លាម្នាក់និងចូលចិត្តបទចម្រៀងខ្មែរ។ នៅពេលត្រូវបានសួរថាតារាណាដែលនាងបាក់ចិត្តលើ? ស្រីខួច ញញឹមផងសើចផង ហើយឆ្លើយថា៖ «ខ្ញុំគិតថា ព្រាប សុវត្ថិ និងកូនៗរបស់គាត់ ពិសេសគឺបង សុវត្ថិ គឺគាត់សង្ហាខ្លាំងណាស់។ ទោះបីឥឡូវគាត់រាងចាស់បន្តិច តែគាត់នៅតែសង្ហា»។
ពេលនិយាយពី idol ក្នុងដួងចិត្ត នាងជ្រើសរើសតារាចម្រៀងស្រីម្នាក់។
ស្រីខួច បញ្ជាក់ថា៖ «idol របស់ខ្ញុំគឺតារាចម្រៀង មាស សុខសោភា។ ខ្ញុំស្រលាញ់គាត់ព្រោះគាត់រួសរាយផងនិងចូលចិត្តលេងសើចផង។ ខ្ញុំចូលចិត្តស្ដាប់បទថ្មីៗរបស់គាត់ តែខ្ញុំក៏ចូលចិត្តបទពីដើមៗច្រើនដែរ»។
២- អ្នកប្រយុទ្ធដែលនាងចូលចិត្តជាងគេ
ស្រីខួច សម្រួចជំនាញគុនចម្រុះរបស់នាងនៅក្លិប Cambodian Top Team និងហាត់ប្រដាល់ជាប្រចាំនៅស្តាតអូឡាំពិក។ មុននោះ ស្រីខួច ធ្លាប់ហាត់នៅក្លិបសិល្បៈ ហើយនាងនៅតែចាត់ទុកម្ចាស់ក្លិបនេះក្នុងចំណោមកីឡាករអាជីពដែលនាងចូលចិត្តជាងគេ។
ពេលត្រូវបានសួរអំពីវីរបុរសក្នុងកីឡាប្រយុទ្ធនេះ ស្រីខួច តបថា៖ «គឺ ចាន់ រតនា។ ខ្ញុំធ្លាប់ហាត់និងមើលការប្រកួតរបស់គាត់។ ខ្ញុំសរសើរឆន្ទៈចង់ឈ្នះរបស់គាត់។ គាត់មិនខ្លាចហត់ទេ គាត់គិតតែខំប្រឹង។ លើសពីនេះ គាត់ពូកែចាប់កាច់។ គាត់មានឆន្ទៈខ្លាំងណាស់។ ខ្ញុំសរសើរគាត់មែនទែន»។
៣- នាងចូលចិត្តច្រៀង
ក្រៅពីស្ដាប់ចម្រៀង ស្រីខួច ក៏ចូលចិត្តច្រៀងដែរ ដូច នៅ ស្រីពៅ ដែរ។
ស្រីខួច ទម្លាយថា៖ «ក្រៅពីវ៉ៃ ខ្ញុំចូលចិត្តច្រៀងបទចម្រៀងពីដើមៗ។ ស្រីពៅ និងខ្ញុំ គឺដូចគ្នា។ ពួកយើងចូលចិត្តច្រៀង។ នៅពេលច្រៀង ខ្ញុំមានអារម្មណ៍ថាបានធូរអារម្មណ៍។ តែខាងធ្វើម្ហូបវិញ ចប់ហើយខ្ញុំ។ ខ្ញុំមិនចេះធ្វើម្ហូបទេ»៕