ជាតិ
៤ថ្ងៃក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរឈ្មោះ យិន ម៉ាណា ចូលខ្លួន នារីបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ យិន ម៉ាណា ត្រូវបានឪពុកនាំកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា។ ប្រភពរូបថត Pheng Vannak News
× នាព្រឹកថ្ងៃព្រហាមថ្ងៃសុក្រនេះ យុវតីឈ្មោះ យិន ម៉ាណា ត្រូវឪពុកនាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចាត់ការតាមនីតិវិធីច្បាប់ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី២៦ ខែមីនា ដែលបណ្តាលឲ្យនិស្សិតស្រីម្នាក់ឈ្មោះ ឌុំ រីដា ទទួលមរណភាពភ្លាមៗ។
តាមរូបភាពដែលបង្ហោះដំបូងគេដោយ លោក ផែង វណ្ណៈ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដ៏ល្បីល្បាញម្នាក់នៅកម្ពុជា ជនបង្កមានវត្តមាននៅការិយាល័យចរាចរណ៍ផ្លូវគោក ជាមួយលោក យិន ង៉ិច ដែលជាឪពុក និងបុរសម្នាក់ទៀត។
សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសពួកគេកំពុងតាមដានសមត្ថភាពរបស់តុលាការក្នុងការចាត់ការលើសំណុំរឿងរវាងអ្នកបង្កដែលជាកូនអ្នកមាន រីឯជនរងគ្រោះ ជានិស្សិតដែលកើតចេញពីគ្រួសារក្រីក្រ។
ជាមួយគ្នាផងដែរ រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្តាច់ជីវិតកញ្ញា ឌុំ រីដា និស្សិតជិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ បានក្លាយទៅជាអាយ៉ៃឆ្លើយឆ្លងគ្នារវាងលោក ផែង វណ្ណៈ និងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
លោក ផែង វណ្ណៈ ដែលមានឈ្មោះល្បីក្នុងបណ្តាញសង្គម និងជាអតីតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានយកថវិកាចំនួន៥០០០ដុល្លារអាមេរិក ជួនទៅគ្រួសារជនរងគ្រោះ។ លោកបានអះអាងថា លោកស្គាល់គ្នាជាមួយឪពុកជនបង្ក ហើយលោកបានធ្វើជាតំណាងដើម្បីយកថវិកាទៅចូលបុណ្យ មិនមែនជាការផ្តល់សំណងណាមួយនោះឡើយ។
លោក ពេជ្រ ស្រស់ បានប្រតិកម្មចំពោះសកម្មភាពរបស់លោក ផែង វណ្ណៈ។ ក្រោយការឆ្លើយឆ្លងគ្នាមិនផ្ទាល់តាមរយៈ Facebook Live រៀងៗខ្លួន លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី២៨ ខែមីនា បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីតាមដានទាក់ទងនឹងការផ្តល់ថវិការបស់លោក ផែង វណ្ណៈ។ បច្ចុប្បន្ន សំណុំរឿងនេះ ស្ថិតក្នុងដៃ ACU ផងដែរ ដោយលោក ពេជ្រ ស្រស់ ត្រូវបានអញ្ជើញឲ្យទៅបកស្រាយទាក់ទងនឹងបណ្តឹងរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com