អត្ថបទពាណិជ្ជកម្ម
តោះ​! ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប
29, Mar 2019 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​កែប សហការ​ជាមួយ​ក្រុមហ៊ុន A&S Advertising រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បង្កើត​ការជួបជុំ​ប្រមូលផ្តុំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​។ ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ ក៏​ទទួលបាន​ការឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ស្រា​បៀ​អង្គរ និង​ភេសជ្ជៈ Pepsi ផងដែរ​។​
 
​នេះ​គឺជា​លើកដំបូង​បំផុត ដែល​ខេត្ត​កែប​មាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ដូច្នេះ​កុំ​ភ្លេច​ចូលរួម​លេង​កម្សាន្ត​សង្ក្រាន្ត​ខេត្ត​កែប​របស់​យើង ឲ្យ​បាន​ច្រើន​កុះករ​ណា ព្រោះថា​រយៈពេល៣​ថ្ងៃនេះ នឹងមាន​ការរៀបចំ​ក​ម្ម​វិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន ដូចជា​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ​ដូចជា​ចោល​ឈូង ទាញព្រ័ត្រ ល្បែង​វាយក្អម និង​ការលេង​បាញ់​ទឹក​ផងដែរ​។ ទន្ទឹម​នោះ​បងប្អូន​ប្រជា​ប្រពល​រដ្ឋ នឹង​បាន​រាំលេង​កម្សាន្ត​ជាមួយនឹង​ចង្វាក់​ប្រពៃណី​ខ្មែរ ការ​រាំលេង​កម្សាន្ត​ជាមួយ​DJ និង​បទ​ចម្រៀង​បែប​ពេញនិយម ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការតាំងពិព័រណ៍​ផលិតផល នៅ​ទីតាំង​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​ផងដែរ​។ លើសពីនេះ នឹងមាន​ការបាញ់​កាំជ្រួច​នៅពេល​រាត្រី ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប និង​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​រំភើប​រីករាយ និង​ទាក់ទាញ​។ 
 
​ជាការ​រៀបចំ​លើក​ទី​១​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ មិនចាំបាច់​បារម្ភ​ចំពោះ​សុវត្ថិភាព​នោះទេ ព្រោះ​រដ្ឋបាលខេត្ត​បាន​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ​,​សុ​វត្តិភាព​ចំពោះ​ប្រជាពលរដ្ឋ​ត្រៀម​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​រួចជាស្រេច ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃនេះ​។ កាន់តែ​ពិសេស​ជាងនេះទៀត​នោះ អាជ្ញាធរខេត្ត ក៏បាន​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់​ផ្ទះសំណាក់ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ដទៃទៀត​យកចិត្តទុកដាក់​ផ្តល់​សេវា​ឲ្យ​ល្អ​បំផុត​ជូន​ភ្ញៀវទេសចរ​ផងដែរ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ទាំងមូល​ផងដែរ​។​
 
​ដឹង​តែ សប្បាយ​ឲ្យ​អស់ដៃ​ហើយ សង្ក្រាន្ត​ខេត្ត​កែប មានកម្ម​វិធី​ប្រពៃណី​ច្រើន​ហើយ មិនបាច់​ភ័យ​រឿង​សន្តិសុខ និង​កន្លែង​ស្នាក់នៅ​នោះទេ​។ កុំ​ភ្លេច បងប្អូន​ទាំងអស់ ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប​ទាំងអស់គ្នា​ណា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com