ONE Championship
កីឡាជាតិ
ជាតិ
សម្រាប់ One Championship នៅ ស្រី​ពៅ ត្រៀមខ្លួន​ជានិច្ច ទោះ​ត្រូវ​ប៉ះ​ជាមួយ​អ្នកណា​ក៏ដោយ​
29, Mar 2019 , 9:39 pm        
រូបភាព
ដោយ​៖ ស៊ី​ធី  
 
​កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ ដែល​ចាប់ផ្ដើម​ហ្វឹក​ហាត់គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់​តា​ឡី​ដំរី​មាន​រិ​ទ្ធ​តាំងពី​ឆ្នាំ ២០១៤ បាន​ថ្លែង​ប្រាប់ថា​៖«​ខ្ញុំ​មិន​ខ្លាច​គូប្រកួត​ណា​ទាំងអស់​នៅ​សង្វៀន One Championship ឲ្យ​តែ​ត្រូវ​គីឡូ ហើយ​ខ្ញុំ​បន់​ឲ្យ​តែ​គេ​ចាប់​គូ​ឲ្យ​វ៉ៃ​។ ព្រោះ​អី នៅ​កម្ពុជា ឥឡូវនេះ ពិបាក​រក​កីឡាការិនី​វ៉ៃ​ជាមួយ​ខ្ញុំ​។ ដូច្នេះ​បើ​សួរ​ខ្ញុំ ចង់​ប្រកួត​ទៀត​អត់ ...​ខ្ញុំ​ត្រូវតែ​ឆ្លើយថា ចង់​ប្រកួត ហើយ​ជាមួយ​អ្នកណា​ក៏បាន​»​។​

 
​ការ​ថ្លែង​អំពី​ការតាំង​ចិត្ត​បែបនេះ បន្ទាប់ពី ស្រី​ពៅ មិនទាន់​ចាញ់​នៅឡើយ​ក្នុងការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ចំនួន ៣ លើក ជាពិសេស​ជ័យជម្នះ​លើ​កីឡាការិនី​មានបទពិសោធន៍​ច្រើន​ម្ចាស់ផ្ទះ​ថៃ Rika Ishige ដោយ​ពិន្ទុ​កាល​ពាក់​កណ្ដាលខែ កុម្ភៈ​កន្លង​ទៅក្នុង​កម្មវិធី One Championship: Clash of Legends នាទី​ក្រុង​បាងកក​។ ទោះជា​អន្ទះសា​ចង់​ប្រកួត​ប្រកួត​យ៉ាងណាក្ដី ប៉ុន្តែ កីឡាការិនី​ដែលមាន​វ័យ ២៤ ឆ្នាំ​រូបនេះ​រៀប​ថា គេ​ត្រូវ​ប្រឹងប្រែង​ហ្វឹកហាត់​ប្រដាល់​សាកល​ជាមួយ​លោកគ្រូ វ៉ែន សុផល នៅ​ពហុ​កីឡដ្ឋាន​ជាតិ ទាំង​ព្រឹក និង ល្ងាច ក្រោយពី​ការកោះហៅ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម ចុងឆ្នាំ​នេះ ដែល​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​។ ប្អូនស្រី​បង្កើត​របស់​អតីត​កីឡាករ​ប្រដាល់ នៅ ស៊ីថា បញ្ជាក់ថា ៖«​ខ្ញុំ​រវល់​ហ្វឹកហាត់​ប្រដាល់សកល​ជាង​មួយខែ​ហើយ​តាំងពី​ឈ្នះ​កីឡាការិនី​ថៃ​។ ខ្ញុំ​ផ្ដោតលើ​ការហាត់​ប្រដាល់សកល​ដើម្បី​ចេញ​វ៉ៃ​តំណាង​ឲ្យ​កម្ពុជា​។ ខ្ញុំ​ផ្អាក ហាត់​ប្រដាល់សេរី សិន​។​»
 
​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ក្រោយ​ឈ្នះ Shwe Sin Min កាល​ខែកុម្ភៈ រូបនេះ​បាន​យកចិត្តទុកដាក់​ហ្វឹកហាត់​ខ្លាំងក្លា​ដើម្បី​ដាក់​គោលដៅ​យក​មេដាយ​ជូន​កម្ពុជា​ក្នុងការ​បង្ហាញខ្លួន​ស៊ី​ហ្គេម ចុងឆ្នាំ ២០១៩ នេះ​។ 
 
​ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​ទម្ងន់ ៦៣,៥ គីឡូក្រាម​រូបនេះ​សង្កត់ធ្ងន់ថា​៖«​ឥឡូវ​ជាប់​ហាត់​ប្រដាល់​នៅ​ជម្រើសជាតិ​អីចឹង​ប្រហែល​មិនទាន់​អាច​ចេញទៅ​ប្រកួត​ខាងក្រៅ​ទេ ព្រោះ​ក្រសួង​ប្រមូលផ្ដុំ​ជម្រើសជាតិ​។ តែ​ពេល​ចប់​ភារកិច្ច​ស៊ី​ហ្គេម ខ្ញុំ​ស្វាគមន៍​ប៉ះ​អ្នកណា​ក៏បាន​។​បើ​យើង​ចាញ់ យើង​ត្រូវ​ប្រឹង​បន្តទៀត​។ ប៉ុន្តែ ចាញ់ ឬ ឈ្នះ ខ្ញុំ​វ៉ៃ​ច្បាស់​ជា​ល្អមើល​។​»
 
​គួរ​ដឹង​ដែរ​ថា នៅ ស្រី​ពៅ ដែលមាន​ដើមកំណើត​នៅ​ចំការ​ដូង​រាជធានី​ភ្នំពេញ បាន​ចូល​ហ្វឹកហាត់​ប្រដាល់ តាំងពី​ឆ្នាំ ២០១៤ ជាមួយ​បងប្រុស​បង្កើត ឈ្មោះ នៅ ស៊ីថា​។ ប៉ុន្តែ ឥឡូវ​បងប្រុស​បង្កើត​បានបញ្ចប់​អាជីព​ហើយដោយ​ទៅ​ប្រកប​របរ​រកស៊ី​វិញ​។ គ្រូបង្វឹក​របស់ ស្រី​ពៅ ដំបូង​គឺ ញ៉ូ​វ ម៉ាក និង លោកគ្រូ ម៉ាក សា​ខន នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​។ ប៉ុន្តែ មុនពេល​ទៅ​ប្រកួត​ក្នុង​កម្មវិធី MMA ឬ One Championship កីឡាការិនី​រូបនេះ​ទៅ​ហ្វឹកហាត់​ក្បាច់​ក្លេរ ឬ គុន​ចម្រុះ​ជាមួយ​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ នៃ​ក្លិប Cambodian Top Team៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com