ជាតិ
ព្រឹត្តិការណ៍​ផ្សារ​បារាំង ជាទី​តាំង​ស្វែងយល់​ពី​វប្បធម៌ និង​ផលិតផល​បារាំង
01, Apr 2019 , 6:03 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ថ្ងៃ​សៅរ៍​ទី​៣០​ខែមីនា​កន្លងទៅ​ថ្មីៗ​នេះ ស្ថានទូត​បារាំង​បានក្លាយ​ជាង​ផ្សារ​បារាំង​។ ស្ថានទូត​បារាំង​បានរៀបចំ​ព្រឹត្តិការណ៍ ផ្សារ​បារាំង ដើម្បី​ផ្សព្វផ្សាយ​ផ​លិ​ផល​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា​។​

 
​ស្តង់​ផលិតផល​ផ្នែក​សុខភាព សម្អាង កីឡា វប្បធម៌ ម៉ូដ​សម្លៀកបំពាក់ និង​ម្ហូបអាហារ​ជាដើម ត្រូវបាន​នាំយកទៅ​ដាក់​បង្ហាញ និង​លក់​ជូន​អ្នកចូលរួម​ទស្សនា នៅក្នុង​ព្រឹត្តិការណ៍​ផ្សារ​បារាំង​។ ព្រឹត្តិការណ៍​ផ្សារ​បារាំង ដែលមាន​ក្រុមហ៊ុន​បារាំង​ខ្មែរ ជាង​៥០ ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្តល់ឱកាស​ជួយ​ឲ្យ​ធុរជន​កម្ពុជា​និង​បារាំង​បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​គ្នា​។​


 
​រយៈពេល​មួយថ្ងៃ​ពី​ម៉ោង​ប្រមាណ​១០​ព្រឹក​ដល់​៦​ល្ងាច​នៅ​ស្ថានទូត​បារាំង អ្នក​ចេញចូល​ទាំង​បរទេស​និង​ពលរដ្ឋ​កម្ពុជា បានក្លាយ​ទៅជា​ផ្សារ​មួយ ដែល​ព​ពេញ​ដោយ​មនុស្ស​យ៉ាង​កុះករ​ក្នុង​ពិព័រណ៍​ផ្សារ​បារាំង​លើកដំបូង​នៅ​កម្ពុជា​។​


 
​កញ្ញា សំណាង សុ​ភ័​ត្រា ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​ក្នុង​ហាង SAMATOA LOTUS TEXTILES ដែល​បាន​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌​ផ្សារ​បារាំង​នេះ បាន​និយាយថា ព្រឹត្តិការណ៍​នេះ​ពិតជា​សំខាន់​សម្រាប់​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់បង្ហាញ​ផលិតផល​របស់​ពួកគេ​ដល់​សាធារណជន​។​


 
​នៅឯ​ហាង Sweet Lab ក៏មាន​អ្នក​ឈរ​សួរ​និង​ទិញ​ជា​នំ​បារាំង ដែល​ផលិត​ពី​វត្ថុធាតុដើម​ដែល​ត្រូវបាន​នាំចូល​ពី​ប្រទេស​បារាំង​តែម្តង​។ កញ្ញា វ៉ាន ឌី ដែលជា​តំណាង​ក្រុមហ៊ុន បានបង្ហាញ​ទឹកមុខ​រីករាយ​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ហាង​របស់​កញ្ញា​បាន​លក់ដាច់​ច្រើន ហើយ​ថា អ្វីដែល​រឹតតែ​ល្អ​នោះ ហាង​របស់​កញ្ញា​ក៏មាន​ឱកាស​ផ្តល់​រសជាតិ​ឱ្យ​អតិថិជន​បាន​ស្គាល់​នំ​បែប​បារាំង​របស់​ហាង​កញ្ញា​។​


 
​សំឡេង​អ្នកចម្រៀង​និង​ក្រុមអ្នកលេង​ភ្លេង​ជា​ភាសា​បារាំង​នៅ​ទល់មុខ​ស្តង់​លក់​ផលិតផល បាន​គ្រប​លើ​សំឡេង​អ៊ូអរ​របស់​អ្នកចូលរួម​។ ទោះយ៉ាងណា​ក៏ដោយ សំឡេង​ទាំងនេះ​ក៏​មិនបាន​រំខាន​ចំណាប់អារម្មណ៍​របស់​អ្នកចូលរួម​ចំពោះ​ផលិតផល​ពី​ហាង Artisans d’Angkor ឡើយ​។ កញ្ញា នឿន ស្រី​តូច ដែលជា​អ្នកទទួលខុសត្រូវ​នៅក្នុង​ស្តង់​នេះ បាន​បញ្ជាក់ថា វត្តមាន​របស់​ហាង Artisans d’Angkor នៅក្នុង​ផ្សារ​បារាំង មិន​ផ្តោតទៅលើ​ការលក់ទំនិញ​ឲ្យ​បាន​ច្រើន​នោះឡើយ ប៉ុន្តែ​គឺ​ការ​បានបង្ហាញ​ទំនិញ​ដែល​ផលិត​ដោយ​ដៃ​របស់​បុគ្គលិក ឱ្យដល់​សាធារណជន​។​


 
​ចំណាប់អារម្មណ៍​បែប​វិជ្ជមាន មិនមែន​មានតែ​មកពី​ខាង​ក្រុមហ៊ុន​ឡើយ​។ អ្នកចូលរួម​ទស្សនា​ដូចជា កញ្ញា ជន សុផាន់​នី ក៏​ពេញ​ចិត្តនឹង​វត្តមាន​ផ្សារ​បារាំង​ដែរ​។ សម្រាប់​កញ្ញា ការដែល​កញ្ញា​បានមក​ដល់​ផ្សារ​បារាំង វា​ហាក់បីដូចជា​កញ្ញា​កំពុងស្ថិត​នៅក្នុង​ប្រទេស​បារាំង​ដូច្នោះ​ដែរ​។ កញ្ញា​បាន​ទស្សនា​ទាំង​ការ​ច្រៀង ម្ហូបអាហារ ផលិតផល​សម្អាង និង​ការជជែក​គ្នា​ជាមួយ​អ្នកចូលរួម​ដែលជា​ជនជាតិ​បរទេស​ផងដែរ​។ 


 
​អ្នកនាង ធី​ដា និង​លោក គី​រិ​ន ឯណោះ​វិញ ក្រៅពី​បាន​ទស្សន​ស្វែងយល់​ផលិតផល​បារាំង​ហើយ ពួកគេ​ក៏មាន​អារម្មណ៍​ប្លែក ដោយសារ​ជា​លើកទីមួយ​ហើយ​ដែល​ពួកគេ​ទាំងពីរ​បាន​ចូលក្នុង​ស្ថានទូត​បារាំង ហើយ​បានឃើញ​ដើមឈើ​ធំៗ និង​ខ្ពស់​នៅក្នុង​ស្ថានទូត​បារាំង​ដែលមាន​ទំហំ​ជិត​៥​ហិកតា ហើយ​ដែលមាន​អាយុ​ជាង​៦០​ឆ្នាំ​មកហើយ​៕


















 

Tag:
 ពិព័រណ៍​
  ផ្សារ​បារាំង​
  ស្ថានទូត​បារាំង​
  ផលិតផល​ខ្មែរ​-​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com