ជាតិ
សិល្បះ
សហ​ស្ថាបនិក​រំឭក​ពី​ប្រវត្តិ​បង្កើត​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​កាលពី​២៥​ឆ្នាំមុន​
11, Apr 2019 , 8:19 am        
រូបភាព
លោក​​ ​ស្រី បណ្តួល ​​​វ័យ​​​៤៦​​​ឆ្នាំ ដែល​​​​ជា​​​សហ​ស្ថាបនិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​សហ​​ស្ថាបនិក​​​ទាំង​​​ប្រាំបួន​​​នាក់​​​របស់​​​អង្គការ​​​ហ្វារពន្លឺសិល្បៈ​​ ​ចូលរួម​​​ក្នុង​​​ការ​​​រៀបចំ​​​ពិធី​​​តាំង​​​ពិព័រណ៍​​​និង​​​ការ​សម្តែង​​​​​សិល្បៈ​​​ក្នុ Photo: VOA
លោក​​ ​ស្រី បណ្តួល ​​​វ័យ​​​៤៦​​​ឆ្នាំ ដែល​​​​ជា​​​សហ​ស្ថាបនិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​សហ​​ស្ថាបនិក​​​ទាំង​​​ប្រាំបួន​​​នាក់​​​របស់​​​អង្គការ​​​ហ្វារពន្លឺសិល្បៈ​​ ​ចូលរួម​​​ក្នុង​​​ការ​​​រៀបចំ​​​ពិធី​​​តាំង​​​ពិព័រណ៍​​​និង​​​ការ​សម្តែង​​​​​សិល្បៈ​​​ក្នុ Photo: VOA
ដោយ: VOA
​ភ្នំពេញ ៖  លោក ស្រី បណ្តូល រស់ក្នុង​ជំរំ​ជនភៀសខ្លួន​សាយ​ធូ (Site Two) បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​ដែល​បាន​បង្ក​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​យ៉ាងហោចណាស់​មួយ​លាន​នាក់​។​

 
​នៅ​ជំរំសាយធូ​នេះហើយ ដែល​លោក​បណ្តូល​បាន​ជួប​មិត្តភក្តិ និង​កុមារ​ជាច្រើន​នាក់​ដែល​ត្រូវបាន​អ្នកគ្រូ​ជនជាតិ​បារាំង​ម្នាក់​បង្ហាត់បង្រៀន​ឲ្យ​ចេះ​គូរគំនូរ​ពី​ឆ្នាំ​១៩៨៧​ដល់​ឆ្នាំ​១៩៩២​។​
 
​លោក​បណ្តូល​ដែលមាន​វ័យ​៤៦​ឆ្នាំ​បាន​ប្រាប់ VOA ភាសា​ខ្មែរ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​ក្នុង​រាជធានី​ភ្នំពេញ​ថា​៖
 
«​ពេលដែល​ខ្ញុំ​អាយុ​១៤​ឆ្នាំ​ខ្ញុំ​បាន​ជួប​គាត់​នៅ​ជំរំសាយធូ​ហ្នឹង​។ គាត់​បាន​បើក​សាលា​គំនូរ​មួយ​។​គាត់​ឲ្យ​គូ​ល័​រ ឲ្យ​ពណ៌ ឲ្យ​ក្រដាស​ទៅ​ក្មេងៗ​ទៅហើយ​ឲ្យ​ក្មេងៗ​គូរ​អី​ក៏បាន​។ អ​ញ្ជឹ​ង​ទៅ​ក្មេងៗ​វា​គូរ​»​។​
 
​លោក​បន្តថា​៖
 
«​ខ្ញុំ​អីហ្នឹង​ចូលចិត្ត​គូររូប​។ បន្ទាប់មក​គាត់​ឃើញ​ក្មេងៗ​គូរ​ហ្នឹង​វា​ល្អ​។ អញ្ចឹង​ហើយ​គាត់​ថា ពួកនេះ​មាន​ទេ​ព្យ​កោសល្យ​។​
 
​ការ​គូរគំនូរ​បានធ្វើ​ឲ្យ​លោក​និង​មិត្តៗ​របស់លោក​មាន​ភាពស្និទ្ធស្នាល​និង​ស្រឡាញ់​សិល្បៈ​។​
 
​លោក​និង​មិត្ត​របស់លោក​ប្រើការ​គូរគំនូរ​ជាការ​ព្យាបាល​ផ្លូវចិត្ត​ដែល​រង​ការប៉ះពាល់​ដោយសារ​ការបែកបាក់​ពី​ម្តាយ​របស់លោក​នៅ​សម័យ​ខ្មែរក្រហម​និង​ការមើលឃើញ​ការសម្លាប់​គ្នា​រវាង​ក្រុម​មិន​ចុះសម្រុង​បន្ទាប់ពី​របប​ខ្មែរក្រហម​។​


 សហស្ថាបនិក​បី​នាក់​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​ គឺ​លោក ឃួន ដេត លោក​ ស្រី​ បណ្តុល និង​លោក ​តោ ​វុតា្ថ ដែល​ធ្លាប់​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ជួបជុំ​គ្នាដើម្បី​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ​ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​ ឆ្នាំ​២០១៩។(ផន​ បុប្ផា/VOA Khmer)
 
​ដោយ​ចេញពី​ការស្រឡាញ់​និង​ចូលចិត្ត​សិល្បៈ និង​ការលើកទឹកចិត្ត​ពី​អ្នកគ្រូ​របស់លោក លោក​និង​មិត្តភក្តិ​របស់លោក​បានសម្រេច​ចិត្ត​ថា នឹង​បើក​កន្លែង​មួយ​ដើម្បី​ឲ្យ​កុមារ​មានឱកាស​បាន​រៀន​គូរគំនូរ​ដូច​ពួកគាត់​។​
 
​បី​ខែ​មុន​ការបោះឆ្នោត​លើកទីមួយ​រៀបចំ​ដោយ​អ៊ុនតាក់​នៅ​ឆ្នាំ​១៩៩៣ គឺ​ក្រោយពី​ជំរំ​ត្រូវបាន​បិទ លោក ស្រី បណ្តូល និង​មិត្ត​ដទៃៗ​ទៀត​បាន​វិល​ត្រឡប់មក​ខេត្តបាត់ដំបង​វិញ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​អ្នកគ្រូ​គាត់​មកពី​ស្រុក​បារាំង​។ ពួក​ខ្ញុំ​ប្រាំពីរ ប្រាំបី ប្រាំបួន នាក់​នេះ​ដើររក​គ្នា​ហើយ​អ្នកគ្រូ​ក៏​ដើររក​[​គ្នា​]​ទៅ​។ អញ្ចឹង​យើង​ជួបគ្នា​នៅ​ឆ្នាំ​១៩៩៤​នៅ​បាត់ដំបង​ដោយសារ​ភាគច្រើន​យើង​នៅ​បាត់ដំបង​។ មកដល់​បាត់ដំបង​ដំបូង​គឺថា យើង​ត្រូវ​ហ្វឹកហ្វឺន​មួយឆ្នាំ ដើម្បី​ឲ្យ​យើង​ក្លាយជា​អ្នក​គូររូប​ដ៏​ល្អ​ហើយ​អាច​បង្រៀន​បាន​»​។​
 
​អ្នកគ្រូ​ជនជាតិ​បារាំង​របស់​ពួកគាត់​បាន​ជួយ​រក​ទីកន្លែង​និង​ជួយ​រកប្រាក់​ឧបត្ថម្ភ​សម្រាប់​បើក​សាលាបង្រៀន​។​
 
​ក្រុម​របស់លោក​បង្កើត​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅក្នុង​ខេត្តបាត់ដំបង​នៅ​ចុងឆ្នាំ​១៩៩៤​។ អង្គការ​នេះ​បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​១៩៩៥​។​
 
​លោក ស្រី បណ្តូល សហ​ស្ថាបនិក​និង​សិស្សៗ​បាន​ប្រារព្ធ​ខួប​២៥​ឆ្នាំ​របស់​អង្គការ​នេះ​កាលពី​សប្តាហ៍​មុន​។​


ក្រុម​សិល្បករ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​កំពុង​រៀបចំ​បង្ហាញ​ស្នាដៃ​សិល្បៈក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មេសា ឆ្នាំ​២០១៩។ (ផន បុប្ផា/VOA Khmer)


ក្រុម​សិល្បករ​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​កំពុង​សម​ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ​សិល្បៈ​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ​ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៩។(ផន​ បុប្ផា/VOA Khmer)
 
​ចាប់តាំងពី​ចាប់កំណើត​មក អង្គការ​នេះ​បាន​ជួយ​កុមារ​ដែលមាន​ការលំបាក​នៅក្នុង​ជីវិត​ឲ្យ​បាន​រៀនសូត្រ មានការ​ងារ​ធ្វើ និង​មាន​អនាគត​ល្អ​។​
 
​ទស្សនា​៖ ទិដ្ឋភាព​ប្រចាំថ្ងៃ​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ក្រុង​បាត់ដំបង​

 
​លោក​បណ្តូល​មានប្រសាសន៍ថា​៖
 
«​មាន​អ្នកខ្លះ​ជា​ក្រាហ្វិក​ឌី​ហ្សា​ញ [​អ្នក​រចនា​ក្រាហ្វិក​] អ្នកខ្លះ​ជា​អេ​នី​មែ​ទ័​រ ជា​អ្នកធ្វើ​គំនូរជីវចល​។ អ្នកខ្លះ​គាត់​មាន​ហាង​គំនូរ​។ អ្នកខ្លះ​ជា​អ៊ី​ឡះ​ស្ត្រេ​ត​ទ័​រ ជា​អ្នក​គូរ​សៀវភៅ​រឿង​។ អ្នកខ្លះ​មាន​ហាង​ធ្វើ​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​»​។​
 
​អង្គការ​នេះ​បានផ្តល់​ឱកាស​ឲ្យ​កុមារ​ក្រីក្រ កុមារ​ដែល​រងគ្រោះ​ពី​ការរំលោភបំពាន អំពើ​កេងប្រវ័ញ្ច អំពើហិង្សា​ក្នុង​គ្រួសារ​និង​តាមផ្លូវ និង​កុមារ​ដែលមាន​ការ​ប្រឡូក​នឹង​គ្រឿងញៀន​ឲ្យ​បាន​ចូលរៀន​ផងដែរ​។​
 
​ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក អង្គការ​ហ្វារ​បាន​រៀបរៀង​កម្មវិធីសិក្សារ​បស់​ខ្លួន​នានា និង​ថែមទាំង​បាន​ពង្រីក​ខ្លួន​ទៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ​២០១៣​ទៀត​។​
 
​ទស្សនា​៖ ទិដ្ឋភាព​នៃ​ការសម្តែង​មួយ​របស់​ក្រុម​សៀក​នៃ​អង្គការ​ហ្វារ​នៅ​ខេត្តសៀមរាប​


 
​លោក ឃួន ដេ​ត សហ​ស្ថាបនិក​ម្នាក់ទៀត​របស់​អង្គការ​នេះ បាន​ប្រាប់ VOA​ថា ក្រុម​របស់លោក​បា​នប​ន្ថែ​ម​មុខវិជ្ជា​សិល្បៈ​ដទៃៗ​ទៀត​ជាច្រើន​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​។​
 
​ឥឡូវនេះ​សិស្ស​អាច​ជ្រើសរើស​ជំនាញ​សិល្បៈ​ដូចជា គូរគំនូរ គំនូរជីវចល សូន​រូប តន្ត្រី របាំ សៀក និង​សិល្បៈ​ផ្នែក​កាយសម្ព័ន្ធ​ផ្សេងៗ​ទៀត​។ ហើយ​ទន្ទឹមនឹង​នេះដែរ ពួកគេ​អាច​បន្ត​ការសិក្សា​ចំណេះដឹង​ទូទៅ​របស់​ពួកគេ​។​


លោក​ ឃួន ​ដេត ​វ័យ​៤៦​ឆ្នាំ​ដែល​ជា​សហ​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​សហស្ថាបនិក​ប្រាំបួន​នាក់​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​ ត្រួតពិនិត្យ​និង​ចូលរួម​ការ​រៀបចំការ​តាំង​ពិព័រណ៍​និង​ការ​សម្តែង​សិល្បៈ​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ​ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​ ឆ្នាំ​២០១៩។ (ផន ​បុប្ផា/VOA Khmer) 

​សព្វថ្ងៃនេះ អង្គការ​នេះ​មាន​សិស្ស​ប្រហែល​ជាង​១.០០០​នាក់​ដែល​កំពុងធ្វើការ​សិក្សា​ជា​រៀងរាល់ថ្ងៃ​។​
 
​លោក ណែម ម៉ាន់ វ័យ ២៣​ឆ្នាំ គឺជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ជាង​១.០០០​នាក់​ដែល​កំពុង​ទទួល​ការហ្វឹកហាត់​ពី​អង្គការ​នេះ​។ លោក ណែម ម៉ាន់ ដែលជា​អ្នក​បាត់ដំបង បានចាប់ផ្តើម​ហាត់​សៀក​តាំងពី​ពេល​លោក​មាន​អាយុ​៨​ឆ្នាំ​ម្ល៉េះ​។ លោក​និង​បងប្អូន​៦​នាក់​ក្នុងចំណោម​១២​នាក់ បាននិងកំពុង​ហាត់​សៀក​និង​របាំ​នៅ​អង្គការ​នេះ​។​
 
​លោក ណែម ម៉ាន់ បាន​ប្រាប់ VOA នៅក្នុង​ទីក្រុង​ភ្នំពេញ​ថា​៖
 
«​ពី​តូ​ចមក ខ្ញុំ​បាន​ញ៉ាំ​បាយ​នៅក្នុង​សាលា បាន​រៀន​នៅក្នុង​សាលា​។ គ្រប់យ៉ាង​គឺ​ខ្ញុំ​ទទួល​ពី​ហ្វារ​ទាំងអស់ មិន​ថា​សម្លៀកបំពាក់ មិន​ថា​សៀវភៅ​រៀន មិន​ថា​ការ​ស្នាក់នៅ​។ គាត់​ជួយ​ទាំងអស់​»​។​


លោក ណែម ម៉ាន់ ​វ័យ​២៣​ឆ្នាំ​គឺ​ជា​សិល្បករសម្តែង​សៀក​ម្នាក់​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​ ចូលរួម​សម្តែង​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ឆ្នាំ​២០១៩។ (ផន​ បុប្ផា/VOA Khmer)

លោក​បាន​បន្ថែមថា​៖
 
«​ហ្វារ​បាន​ជួយ​ក្រុមគ្រួសារ​ខ្ញុំ​ប្រាំមួយ​អ្នក​ទៀត​ដែរ​។ ពី​ដើម​មាន​បងប្រុស​ខ្ញុំ​នៅ​សាលា​ហ្វារ​ហ្នឹង បាន​ហាត់រៀន​នៅក្នុង​ហ្នឹង​មុន​ខ្ញុំ​។ ហើយ​លោក​គ្រូរបាំ​បណ្តុះបណ្តាល​នៅក្នុង​សាលា​។​ហើយ​ក្រោយមក​មាន​បងប្រុស​ខ្ញុំ​ចូល​ហាត់​បន្តទៀត​។ ហើយនឹង​ប្អូនស្រី​ខ្ញុំ​បីនាក់​ហាត់​នៅក្នុង​ហ្នឹង​។ ហើយ​ពួកយើង​បាន​ញ៉ាំ​បាយ​នៅ​សាលា​ហ្វារ​ទាំងអស់​»​។​
 
​លោក ឃួន ដេ​ត និយាយថា អង្គការ​នេះ​បានផ្តល់​ឱកាស​ឲ្យ​សិស្ស​មួយចំនួន​អាច​ទៅ​សិក្សា​និង​សម្តែង​នៅ​ប្រទេស​លោកខាងលិច និង​ធ្វើការ​នៅ​ទីនោះ​ផងដែរ​។​
 
​បងប្រុស​របស់​ម៉ាន់​ម្នាក់ គឺជា​អ្នក​សម្តែង​សៀក ណែម សុ​ផា និង​អ្នក​សម្តែង​សៀក​ម្នាក់ទៀត សុខ ឌី​ណា បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា​សៀក​ជាតិ​នៅ​ទីក្រុង Montreal (​ម៉ុងរ៉េអាល់​) ដែលជា​សាលា​សៀក​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅលើ​ពិភពលោក​។ ឌី​ណា​បាន​ក្លាយជា​អ្នក​សម្តែង​សៀក​ជនជាតិខ្មែរ​ដំបូង​គេ​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើការ​នៅ​ក្រុមហ៊ុន Cirque du Soleil ដែលជា​ក្រុមហ៊ុន​សៀក​ធំ​បំផុត​មួយ​របស់​ប្រទេស​កាណាដា​និង​ពិភពលោក​។ ហើយ​សុ​ផា​ក៏​ជា​ជនជាតិខ្មែរ​ម្នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើការ​នៅក្នុង​ប្រទេស​កាណាដា​ផងដែរ​។​
 
​លោក ឃួន ដេ​ត សហ​ស្ថាបនិក​និង​នាយក​សាលា​សិល្បៈ​ទស្សនីយភាព​របស់​អង្គការ​នេះ បាន​ប្រាប់ VOA បន្ថែមថា នៅពេល​អនាគត​អង្គការ​នេះ​គ្រោង​នឹង​ពង្រីក​សកម្មភាព​របស់​ខ្លួន​នៅក្នុង​ខេត្ត​ផ្សេងៗ​ទៀត​និង​ប្រទេស​ក្នុង​តំបន់​ដែលមាន​ជំរំ​ជនភៀសខ្លួន ដើម្បី​ផ្តល់ឱកាស​ដល់​កុមារ និង​យុវជន​បាន​រៀនសូត្រ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com