ជាតិ
​កាំភ្លើង​បាញ់​ទឹក «Not Made in Cambodia» ជា​ទំនិញ​ដ៏​ត្រូវប៉ាន់​ពេល​ចូលឆ្នាំ​ខ្មែរ​
18, Apr 2019 , 4:24 pm        
រូបភាព
រូបថត AFP
រូបថត AFP
៥​ដុល្លារ ៦​ដុល្លារ ១០​ដុល្លារ រហូតដល់​ទៅ​៣០​ដុល្លារ​អាមេរិក​! ទាំងនេះ​ជាត​ម្លៃ​កាំំ​ភ្លើង​បាញ់​ទឹក ដែល​បាន​បម្រើ​ភាពសប្បាយ​រីករាយ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ ទំនិញ​ឱកាសនិយម​ទាំងនោះ នាំចូល​ពី​វៀតណាម ថៃ និង​ចិន​។​

 
​លោក រតនា ម្ចាស់​ហាង​ទំនិញ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់  ThmeyThmey ថា មួយខែ​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី លោក​បាន​បញ្ជា​ទិញ​កាំភ្លើង​បាញ់​ទឹក​ពី​ចិន ជាច្រើន​រយ​ដើម ដើម្បី​យកមក​លក់​បន្ត​។ «​ខ្ញុំ​លក់ដាច់​អស់ហើយ បន្ថែម​ពីលើ​នេះ​ទៀត ខ្ញុំ​ក៏បាន​បោះ​ដុំ​ឲ្យ​ដៃគូ​លក់​នៅ​ថៃ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រតនា ដោយ​អះអាងថា លោក​មិន​យក​ទំនិញ​ពី​ថៃ ឬ​វៀតណាម ឡើយ ព្រោះ​លោក​ដឹងថា ប្រទេសជិតខាង​ទាំងពីរ​ក៏​នាំចូល​កាំភ្លើង​បាញ់​ទឹក​ពី​ចិន​ផងដែរ​។​
 
​លោក ចូ​អី ម្ចាស់​ហាង​មួយកន្លែង​ទៀត បាន​កត់សម្គាល់ថា ឆ្នាំមុន មានការ​និយម​លេង​កាំភ្លើង​បាញ់​ទឹក​ច្រើន ទើប​ឆ្នាំនេះ លោក​សម្រេច​បញ្ជា​ទិញ​កាំភ្លើង​បាញ់​ទឹក​ពី​ប្រ​ទស​ចិន​និង​វៀតណាម​។ លោក​យក​កាំភ្លើង​ពី​ចិន​ប្រមាណ​ជាង​៥០០​ដើម វៀតណាម​ត្រឹមតែ​ជាង​២០០​ដើម​ប៉ុណ្ណោះ​។ ជុំវិញ​នឹង​ការយក​មកពី​ចិន​និង​វៀតណាម លោក ចូ​អី ថា​ភាគច្រើន​កាំភ្លើង​គេ​ច្រើន​យកមក​ពី​ចិន ដោយសារ​លោក មាន​អ្នក​ស្គាល់​នៅ​ទាំង​នៅ​ចិន​និង​វៀតណាម​។ 
 
​ដោយឡែក កញ្ញា ឆរ លីង បាន​យក​កាំភ្លើង​បាញ់​ទឹក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង​៧០​ដើម មក​លក់​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​។ កញ្ញា ធ្លាប់តែ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ ដូច្នេះ​ក៏​យក​កាំភ្លើង​បាញ់​ទឹក​ពី​ប្រទេស​ថៃ​មក​លក់​តែម្តង ព្រោះ​គាត់​ថា ជា​ទំនិញ​ត្រូវប៉ាន់​។​
 
​សម្រាប់​តម្លៃ​កាំភ្លើង​បាញ់​ទឹក​មាន​ចាប់ពី​៥​ដុ​លា្ល​រ ដល់​ជាង​៣០​ដុល្លារ ទៅតាម​ប្រភេទ​តូច ឬ​ធំ អ្នកលក់​ជាច្រើន​បាន​អះអាងថា អតិថិជន​ហាក់ដូចជា​មិនសូវ​សូ​ញ​សាញ​ឡើយ ព្រោះ​ពួកគាត់​ប្រញាប់​កម្សាន្ត​សប្បាយ​ជាមួយ​គ្រួសារ​មិត្តភក្តិ និង​អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​សង្ក្រាន្ត​ផ្សេងៗ​ទៀត​។​
 
​ទាក់ទង​នឹង​ការប្រើ​កាំភ្លើង​បាញ់​ទឹក​នេះ យុវជន​ម្នាក់ឈ្មោះ ស្រ៊ួ​រ ឆៃ​ហេង ជា​អ្នកលេង​កាំភ្លើង អះអាងថា ដោយសារ​មាន​ភាពងាយស្រួល​យកតាម​ខ្លួន ហើយ​មិន​ខ្ជះខ្ជាយ​ទឹក​ច្រើន​ដូច​ការ​ជះ​ទឹក ទើប​ទិញ​កាំភ្លើង​បាញ់​នេះ​។ ចំពោះ​កាំភ្លើង​បាញ់​ទឹក​នាំចូល​មកពី​ខាង​ណា លោក​មិន​បានដឹង​ឲ្យ​ប្រាកដ​នោះទេ គ្រាន់តែ​ដឹង​តាម​អ្នកលក់ ប្រាប់ថា​របស់​ថៃ​។​
 
​នៅ​កំពង់ចាម ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា  ក្រៅពី​ការដាក់​លក់​នៅតាម​ហាង​ទំនិញ អាជីវករ​ខ្លះ​ក៏បាន​ដឹក​កាំភ្លើង​ទៅ​លក់​នៅ​កន្លែង​ប្រារព្ធ​ពិធី​បាញ់​ទឹក​ផងដែរ​។ ក្រៅពី​កាំភ្លើង​បាញ់ ថង់​ច្រក​ទូរ​សព្ទ និង​សម្ភារ​ផ្សេងៗ ក៏​លក់ដាច់​ផងដែរ​។​
 
​ឱកាស​ចូលឆ្នាំ​លើក​ក្រោយ បើ​មានការ​បើកទូលាយ​ចំពោះ​ការលេង​កាំភ្លើង​បាញ់​ទឹក តើ​កម្ពុជា​គួរ​ផលិត​ទំនិញ​ទាំងនេះ​ដោយ​ខ្លួនឯង​បានដែរ​ទេ​?
 

Tag:
 កាំភ្លើង​បាញ់​ទឹក​
  សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com