ជាតិ
សម្តេច ហ៊ុន សែន ផ្ញើសារទៅសមភាគីបារាំងពីអារម្មណ៍សោកស្តាយចំពោះ Notre-Dame de Paris
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រីបារាំង Edouard Philippe ដើម្បីសំដែងការសោកស្តាយចំពោះការខូចខាតវិហារ Notre-Dame de Paris ដែលរងគ្រោះដោយអគ្គិភ័យ [កាលពីថ្ងៃទី១៥ ខែមេសា]។
«រដ្ឋាភិបាលរបស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ រួមជាមួយពលរដ្ឋកម្ពុជា សូមចូលរួមសំដែងការសោកស្តាយជាទីបំផុតចំពោះឯកឧត្តម និងពលរដ្ឋបារាំង ក្រោយវិហារ Notre-Dame de Paris រងការលេបត្របាក់ដោយអគ្គិភ័យយ៉ាងសន្ធោសន្ធៅ»។ នេះជាសាររបស់ប្រមុខរដ្ឋាភិបាលខ្មែរ ទៅកាន់សមភាគីបារាំង។
សម្តេច ហ៊ុន សែន បានកត់សម្គាល់ថា Notre-Dame ប្រៀបដូចជាបេះដូងក្រុងប៉ារីស និងប្រទេសបារាំងទាំងមូល ដោយសម្តេច និងពលរដ្ឋខ្មែរ ក៏មានអារម្មណ៍សោកសៅដូចជាបណ្តាមិត្តរបស់បារាំងផងដែរ។
«យើងខ្ញុំ មានអារម្មណ៍សោកស្តាយជាពិសេសចំពោះព្រឹត្តិការណ៍នេះ ក៏ដោយសារតែយើងដឹងថា សំណង់វិហារនេះ ត្រូវបានចាប់ផ្តើមប្រហាក់ប្រហែលនឹងការសាងសង់ប្រាសាទអង្គរវត្តផងដែរ»។ នេះជាការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីខ្មែរ ដោយបន្ថែមថាសំណង់ទាំងនេះ បានផ្តល់សារដល់ពិភពលោកជាច្រើនសតវត្សន៍ដែលមិនអាចលុបបំបាត់បាននោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com