អគ្គនាយកដ្ឋានផ្លូវថ្នល់វៀតណាម បានបញ្ជូនការសិក្សាស្តីពីគម្រោងផ្លូវល្បឿនលឿន (Expressway) ប្រវែង៥៣,៣គីឡូម៉ែត្រទៅកាន់ក្រសួងដឹកជញ្ជូន។ គម្រោងផ្លូវល្បឿនលឿនដែលត្រូវបានគេប៉ាន់ស្មានថា មានតម្លៃជិត ៤៦០លានដុល្លារនេះ នឹងរត់ឆ្លងកាត់ពីទីក្រុងហូជីមិញ ទៅកាន់ច្រកព្រំដែនអន្តរជាតិ Moc Bai ក្នុងខេត្ត Tay Ninh ដែលជាប់នឹងក្រុងបាវិត ខេត្តស្វាយរៀងនៃប្រទេសកម្ពុជា។
យោងតាមការសិក្សាស្តីគម្រោងនេះ ដែលចុះផ្សាយដោយសារព័ត៌មាន Vietnam Express នៅថ្ងៃទី២៤ ខែមេសា ការសាងសង់ផ្លូវល្បឿនលឿន នឹងធ្វើឡើងក្រោមទម្រង់ភាពជាដៃគូរដ្ឋ-ឯកជន។ ការសាងសង់នេះ នឹងត្រូវធ្វើឡើងជាពីរដំណាក់កាល និងចំណាយអស់ទឺកប្រាក់ប្រមាណ ៤៥៩,៣៦លានដុល្លារ។
ផ្លូវល្បឿនលឿននេះ នឹងរត់កាត់ពីសង្កាត់ Hoc Mon ទីក្រុងហូជីមិញ ទៅកាន់ច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា និងវៀតណាម ដែលស្ថិតក្នុងភាពខាងត្បូងខេត្ត Tay Ninh Province និងជាប់ក្រុង បាវិត ខេត្តស្វាយរៀង ទឹកដីកម្ពុជា។
បើតាម Vietnam Express ដំណាក់កាលដំបូង នឹងរួមបញ្ចូលការសាងសង់ផ្នែកពីរដាច់ដោយឡែកពីគ្នានៃផ្លូវល្បឿនលឿន។ផ្នែកទីមួយ នឹងមានប្រវែង ៣៣គីឡូម៉ែត្រ ចាប់ពី ទីក្រុង ហូជីមិញ ដល់ សង្កាត់ Trang Bang ខេត្ត Tay Ninh ដែលនឹងគន្លងចំនួន៤ និងរចនាឡើងសម្រាប់ការបើកបរក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ផ្នែកទីពីរ ពីសង្កាត់ Trang Bang ទៅកាន់ ច្រកព្រំដែន Moc Bai ប្រវែង ២០,៥គីឡូម៉ែត្រ ក៏នឹងមានគន្លងចំនួន៤ដូចគ្នា ជាមួយការរចនាឡើងសម្រាប់ការបើកបរក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រោយបញ្ចប់ការសាងសង់ផ្នែកទាំងពីរនេះ ដំណាក់កាលទីពីរនៃការសាងសង់ នឹងពង្រីកផ្លូវល្បឿនលឿននេះទៅជាគន្លងបើកបរពី ៦ ដល់ ៨ តែម្តង។
បើតាមប្រភពដដែល សាលាក្រុងហូជីមិញ និង ខេត្ត Tay Ninh នឹងដាក់សំណើទៅកាន់ក្រសួងដឹកជញ្ជូនវៀតណាមដើម្បីស្នើសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងអនុវត្តគម្រោងនេះ។ អាជ្ញាធរមូលដ្ឋានទាំងពីរនេះ បានអះអាងថា ពួកគេនឹងចំណាយលើសំណងនានាក្នុងគម្រោងសាងសង់ផ្លូវនេះ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួន។
អាជ្ញាធរក្រុង ហូជីមិញ នឹងចំណាយលុយ ៨៥,៨៧លានដុល្លារ។ អាជ្ញាធរខេត្ត Tay Ninh នឹងចំណាយ៤២,៩៤លានដុល្លារ។ ចំណែកលុយប្រមាណ ៣៤៣,៤៨ នៅសេសសល់ផ្សេងទៀត នឹងត្រូវចំណាយដោយក្រុមវិនិយោគិនឯកជន ដែលនឹងត្រូវជ្រើសរើសមកពីដំណើរការដាក់ដេញថ្លៃ ឬចាត់តាំងដោយរដ្ឋាភិបាល។
កន្លងទៅ ក្រសួងដឹកជញ្ជូនវៀតណាម ធ្លាប់បានលើកឡើងថា គម្រោងផ្លូវល្បឿនលឿន ហូជីមិញ-Moc Bai សមស្របនឹងតម្រូវការផ្នែកដឹកជញ្ជូនក្នុងតំបន់ និងគម្រោងបណ្តាញផ្លូវល្បឿនលឿនជាតិ។ ជាពិសេស ផ្លូវល្បឿនលឿន នឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុង ហូជីមិញទៅកាន់តំបន់ច្រកព្រំដែនអន្តរជាតិ និងពង្រឹងការតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចពិសេសខាងត្បូងដ៏សំខាន់របស់វៀតណាម និងច្រករបៀងសេដ្ឋកិច្ច East-West (មីយ៉ាន់មា់ ថៃ ឡាវ កម្ពុជា និងវៀតណាម) ។ ហើយវាក៏នឹងតភ្ជាប់ទៅកាន់បណ្តាញផ្លូវល្បឿនលឿនតំបន់អាស៊ី កាត់តាមរាជធានី ភ្នំពេញ នៃប្រទេសកម្ពុជា ផងដែរ៕