ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖បញ្ហា​បច្ចេកទេស​មិនមែនជា​ដំណោះស្រាយ​ទេ​បើ​គ្មាន​ឆន្ទៈ​នយោបាយ
18, Aug 2013 , 1:52 pm        
រូបភាព
ដោយ:
«បច្ចេកទេស​បើសិនជា​គ្មាន​ឆន្ទៈ​នយោបាយ​ក៏​មិនអាច​ដោះស្រាយ​បានដែរ ប៉ុន្តែ​មុននឹង​ឈាន​ចូលដល់​បញ្ហា​ហ្នឹង យើង​ត្រូវ​លាតត្រដាង​បញ្ហា​បច្ចេកទេស ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទើប​យើង​ឈានទៅរក​ដំណោះស្រាយ​ស្របទៅតាម​ឆន្ទៈ​នយោបាយ​របស់​យើង ដែល​យើង​បាន​អះអាងថា​ចង់រក​ដំណោះស្រាយ​ដែល​ល្អប្រសើរ​មួយ សម្រាប់​ប្រទេស​កម្ពុជា​ទាំងអស់គ្នា​នេះ»។


នេះ​គឺជា​ការលើកឡើង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សិក្ខាសាលា​មួយ​ស្ដីអំពី ដំណោះស្រាយបច្ចេកទេសចំពោះភាពមិនប្រក្រតី នៃការបោះឆ្នោត កាលពី​ព្រឹក​មិញ​នេះ នៅឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ។

លោក​បន្តថា៖«សិក្ខាសាលា​នេះ​នឹង​ផ្ដល់នូវ​អនុសាសន៍​ក្នុង​ការរក​ដម​ណោះ​ស្រាយ​ជា​វិជ្ជមាន ដើម្បី​កុំ​ឲ្យ​មានការ​ជាប់គាំង​នយោបាយ កុំ​ឲ្យ​មាន​វិបត្តិ កុំ​ឲ្យ​មាន​អំពើហិង្សា ហើយ​យើង​ចង់រក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់​មួយ ដោយ​សន្តិវិធី»។

លោក កឹម សុខា​អនុប្រធាន​គណបក្ស​ក៏បាន​លើកឡើង​ដែរ​ថា៖«គោលបំណង​ធំ​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​រក​ឲ្យ​ឈើ​ញ​ថា អ្នកឈ្នះ ឈ្នះ​ដោយ​ថ្លៃថ្នូរ អ្នកចាញ់​ចាញ់​ដោយ​អស់ចិត្ត»។

លោក​ក៏បាន​បន្តថា៖«សិក្ខាសាលា​នៅថ្ងៃនេះ នឹង​អាច​បញ្ជៀ​ស​ឲ្យ​ផុតពី​ភាព​រាំងស្ទះ ផ្នែក​នយោបាយ និង​យើង​មិន​ចង់​ឲ្យ​មាន​អំពើហិង្សា ឬ​អស្ថេរភាព​នយោបាយ​នោះទេ»។

គួរបញ្ជាក់​ផងដែ​ថា សិក្ខាសាលា​ដែល​រៀបចំឡើង​នោះ ក៏មាន​ការចូលរួម​ពី​សំណាក់ តំណាង​ស្ថានទូត សង្គម​ស៊ីវិល អង្គការក្រៅរដ្ឋាភិបាល អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ព្រម​តាំង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com