អន្តរជាតិ
សិង្ហ​បុរី​ថា ខ្លួន​មិនអាច​អន្តរាគមន៍​ក្នុង​កិច្ចការ​តុលាការ តាម​សំណើ​ម៉ាឡេស៊ី​រឿង​កាត់ទោស​ពលរដ្ឋ​ម៉ាឡេស៊ី​ឡើយ​
27, May 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ផ្ទៃក្នុង និង​ច្បាប់​សិង្ហ​បុរី លោក K. Shanmugam បាន​ផ្ញើ​សារ​ទៅកាន់​រដ្ឋាភិបាល​ម៉ាឡេស៊ី ឲ្យ​បាន​យល់​ពី​ប្រព័ន្ធ​ច្បាប់​សិង្ហ​បុរី ដែល​រដ្ឋាភិបាល មិនអាច​អន្តរាគមន៍​ទៅលើ​កិច្ចការ​របស់​តុលាការ​ដោយ​ខុស​នីតិវិធី​ច្បាប់​បានឡើយ​។ លោក​រដ្ឋមន្ត្រី ថ្លែង​បែបនេះ បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី បានធ្វើ​សំណើសុំ​អន្តរាគមន៍​លើ​បទល្មើស​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ម៉ាឡេស៊ី​។​

 
​លោក​រដ្ឋមន្ត្រី​សិង្ហ​បុរី K. Shanmugam នៅ​ថ្ងៃ​២៣ ឧសភា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា គិត​ចាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​កាន់អំណាច​មក សិង្ហ​បុរី​ទទួលបាន​សំណើ​បី​រួចមកហើយ ដោយ​ស្នើ​ឲ្យ​បញ្ឈប់​ការកាត់ទោស​ពលរដ្ឋ​ម៉ាឡេស៊ី​នៅ​សិង្ហ​បុរី ក្នុង​រាប់បញ្ចូល​ទាំង​ករណី​ជួញដូរ​គ្រឿងញៀន ដែលជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទៀតផង​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី Straits Times លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សិង្ហ​បុរី មិនអាច​បង្កើត​ករណី​លើកលែង​សម្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ដោយសារតែ​ការប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​បានឡើយ ដ្បិត​បើ​ធ្វើបែបនេះ នោះ នីតិរដ្ឋ​របស់​សិង្ហ​បុរី នឹងត្រូវ​ធ្លាក់ចុះ​ជាក់​ជាពុំខាន​ឡើយ​។ 
 
​លោក​រដ្ឋមន្ត្រី បន្ថែមទៀតថា មិន​ថា​ម៉ាឡេស៊ី​ធ្វើសំណើ​ច្រើន​ប៉ុណ្ណា​ក៏ដោយ វា ជា​រឿង​មិនអាច​ទៅរួច​ឡើយ ដែល​រដ្ឋាភិបាល​សិង្ហ​បុរី ត្រូវធ្វើ​អន្តរាគមន៍​ដោយ​គ្មាន​ហេតុផល​ផ្នែក​ច្បាប់ និង​ខុស​នីតិវិធី ជាពិសេស​នោះ​នៅពេល​តុលាការ បាន​កាត់សេចក្តី និង​ផ្ទ​ន្ទា​ទោស​ហើយ​នោះ​។ 
 
​តាម​លោក​រដ្ឋមន្ត្រី សិង្ហ​បុរី បាន​រកឃើញថា នៅ​ឆ្នាំមុន ក្នុងចំណោម​អ្នកជួញដូរ​គ្រឿងញៀន​ដែល​ប៉ូលិស​សិង្ហ​បុរី បាន​ចាប់ខ្លួន មាន​ជនជាតិ​ម៉ាឡេស៊ី​ជិត​៣០ ភាគរយ ហើយ​ក្នុងចំណោម​អ្នក​ជួញ​ប្រាំ​នាក់ ដែល​បាន​នាំចូល​គ្រឿងញៀន​ក្នុង​បរិមាណ​លើសលប់ និង​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​តុលាការ​សិង្ហ​បុរី ក៏មាន​ពលរដ្ឋ​ម៉ាឡេស៊ី​ម្នាក់​ផងដែរ​។ 
 
​ជាមួយនឹង​ការលើកឡើង​នេះ លោក​រដ្ឋមន្ត្រី​សិង្ហ​បុរី ក៏បាន​មាន​ផែនការ​ឆ្លើយតប​ជាមួយនឹង​ភាគី​ម៉ាឡេស៊ី ដោយ​លោក ក៏​គ្រោង​លើ​សំណូមពរ​បី​ចំណុច​ផងដែរ​។ ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង​ការ​រឹតបន្តឹង​សន្តិសុខ​តាម​ច្រកព្រំដែន ដោយ​លោក​អះអាងថា បើ​មិន​ចង់​ឲ្យ​សិង្ហ​បុរី​ចាប់ខ្លួន និង​កាត់ទោស​ធ្ងន់ធ្ងរ​នោះទេ ម៉ាឡេស៊ី ត្រូវ​ចាប់​ជនល្មើស​នៅក្នុង​ទឹកដី​របស់ខ្លួន​ឲ្យ​បាន ។
 
​គួរ​ជម្រាប​បន្តិច​ថា តាមច្បាប់​សិង្ហ​បុរី ជន​ទាំងឡាយណា ពោលគឺ​មិន​ថា​បរទេស ឬ​ពលរដ្ឋ​សិង្ហ​បុរី​ឡើយ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ធ្ងន់ធ្ងរ នឹងត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត​។ តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ ទោស​ធ្ងន់ធ្ងរ​មួយ​នេះ ក៏​ទទួលបាន​ការគាំទ្រ​ភាគច្រើន​ពី​ពលរដ្ឋ​សិង្ហ​បុរី​ផងដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com