អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ជា​លើក​ទី​៣ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន​
07, Jun 2019 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បានរៀបចំ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ជា​លើក​ទី​៣ កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​
 
​លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​មានប្រសាសន៍ថា ការបង្កើត​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​នេះ​ឡើង គឺ​ដើម្បី​ជាការ​អបអរសាទរ ដល់​និស្សិត​របស់ខ្លួន ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។ លោក សុខ ពុទ្ធិ​វុ​ធ បន្ថែមថា​៖« ការខិតខំ​ប្រឹងប្រែង​សិក្សា បូក​រួមទាំង​ការតាំង​ចិត្ត​ដ៏​មោះមុត ដែល​និស្សិត​របស់​យើង​បាន​ចំណាយ ទាំង​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ពួកគេ គឺ​សុទ្ធតែ​ជាស​ម្ធិ​ផល ដែល​គួរ​ឲ្យ​កោតសរសើរ​សម្រាប់​ពួកគេ ក្នុងនាម​ជា​និស្សិត​មួយរូប​»​។​


 
​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ដដែល បានចាត់ទុក​កម្មវិធី​ប្រគល់​សញ្ញាបត្រ​នេះ​ថា ជាការ​បោះជំហាន​ន​ទៅមុខ​មួយ​ជំហាន​ទៀត ឆ្ពោះទៅកាន់​ការចាប់ផ្តើម ប្រឡូក​នៅក្នុង​អាជីព​ការងារ ដែល​សង្គម​កំពុង​ត្រូវការ​នូវ​ធនធានមនុស្ស ដើម្បី​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេស​។  
 
​លោក សុខ ពុទ្ធិ​វុ​ធ បញ្ជាក់ថា និស្សិត​បញ្ចប់​ការសិក្សា ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ  គឺជា​សរសៃឈាម​ដ៏​រឹងមាំ ក្នុងការ​ពង្រឹងគុណភាព ទាំង​ផ្នែក​សុខាភិបាល និង​ផ្នែក​សេវាសាធារណៈ​ផ្សេងៗ ជូន​ប្រជាជន​កម្ពុជា​ទាំងមូល​។ 
 
​ទន្ទឹមនឹងនេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​អញ្ជើញ​ជា​កិត្តិយស នៅក្នុង​ការចូលរួម​ក​ម្ម​វិធី​ដ៏​មាន​អត្ថន័យ​នៅថ្ងៃនេះ​។ «​យើងទាំងអស់គ្នា​សង្ឃឹមថា និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ទាំង​មាន​វត្តមាន​នៅទីនេះ​ក្តី និង​មិនបាន​ចូលរួម​ក្តី អាច​នាំយក​សមិទ្ធផល​ដ៏​ជោគជ័យ​នៅពេលនេះ ជា​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​របស់​យើង​ទៅ​ថ្ងៃមុខ​»​។ នេះ​ជាការ​បន្ថែម​របស់លោក សុខ ពុទ្ធិ​វុ​ធ​។  


 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៧​មក​។ រយៈពេល​១២​ឆ្នាំ​មកនេះ   សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​វិវត្តន៍​ខ្លួន​កាន់តែ​រឹងមាំ ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅក្នុង​ការពង្រឹង​គុណភាព​វិស័យ​អប់រំ​ធនធានមនុស្ស​។ ជាក់ស្តែង និស្សិត​ផ្នែក​ទន្តសាស្ត្រ ជំនា​ន់ទី​១ ទាំងអស​(១០០%) បាន​ប្រឡង​ជាប់​នៅក្នុង​ការប្រលង​ចេញ​ថ្នាក់ជាតិ នា​ឆ្នាំ​២០១៨ កន្លងទៅ ខណៈ​ដែលមាន​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ ចំនួន ៩៩% បាន​ប្រឡង​ជាប់​នៅក្នុង​ការប្រឡង​ចេញ​ថ្នាក់ជាតិ​នេះ​។  ទាំងនេះ គឺជា​ការ​ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត​របស់​និស្សិត បូករួម​ទាំង​ការផ្តល់​នូវ​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់ នៅក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងៗ ដែល​ជម​រុញ​ឲ្យ​និស្សិត​មាន​មោទកភាព នៅក្នុង​ការបញ្ចប់​ការសិក្សា​ដ៏​ជោគជ័យ​របស់​ពួកគេ ពី​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ផ្ទាល់​ផងដែរ​។ មិនតែប៉ុណ្ណោះ ប្រធាន​នាយក​នៅតាម​ស្ថាប័ន​នានា ក៏បាន​ទទួលស្គាល់​ពី​គុណភាព​អប់រំ​របស់​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ និង​ក្លាយជា​ធនធានមនុស្ស​ល្អ បុគ្គលិក​ល្អ និង​ទទួលបាន​ការងារ​ល្អ​នៅ​ថ្ងៃ​ខាងមុខ ជាក់​ជាមិនខាន​។  


 
​លោក Ian Findlay សាកលវិទ្យាធិការ​បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នោះ​ថា​៖«​នៅ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ យើង​តែងតែ​យកចិត្តទុកដាក់​ទៅលើ​ការអប់រំ ការបង្ហាត់បង្រៀន និង​លើកទឹកចិត្ត​ឲ្យ​និស្សិត​របស់​យើង ក្លាយខ្លួនជា​អ្នកដឹកនាំ​មួយរូប នាពេល​អនាគត ជាមួយនឹង​ចំណេះដឹង​ដ៏​ទូលំទូលាយ​ជា​លក្ខណៈ​អន្តរជាតិ​។ ទាំងនេះ​ក៏​ជា​មូលហេតុ ដែល​យើង​បាន​អញ្ជើញ​បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ជា​ជនជាតិ​បរទេស និង​បង្កើត​ឲ្យ​មាន​កម្មវិធី​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​មកពី​ក្រៅប្រទេស ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង ជាមួយ​និស្សិត​របស់​យើង​»​។ 
 
​សម្រាប់ លោក Ian Findlay នេះ​គឺជា​មោទកភាព​មួយ នៅពេល​បានឃើញ​និស្សិត​របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ទទួលបាន​លទ្ធផល​ដ៏​ប្រសើរ នៅក្នុង​ការប្រលង​ចេញ​ថ្នាក់ជាតិ និង​បាន​ឈានទៅរក​ការប្រកប​របរ​នៅ ក្នុង​អាជីព​ការងារ​ផ្ទាល់​។ លោក Ian Findlay បញ្ជាក់​«​យើង​មានការ​ជឿជាក់​យ៉ាង​មុតមាំ ទៅលើ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា នៅក្នុង​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​អាច​ពាំ​នាំយក​នូវ​ចំណេះដឹង និង​បទពិសោធន៍ របស់​ពួកគេ សម្រាប់​ជា​ប្រយោជន៍​នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ នាពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​ទៀត​។ និស្សិត​ជាង ១០០០ នាក់ ដែល​បាន​មាន​វត្តមាន នៅក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​លើក​ទី ៣ នេះ នឹង​ទទួលបាន​ការបញ្ចប់​ដោយ​បរិបូរណ៍​។ និស្សិត​របស់​យើង​ជាច្រើន ដែល​បានធ្វើ​ទស្សនកិច្ច​សិក្សា និង​បានធ្វើ​ការងារ​ស្ម័គ្រចិត្ត នៅតាម​បណ្តា​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​សុខាភិបាល​នៅក្រៅ​ប្រទេស ដែលមាន​ដូចជា ប្រទេស​កូរ៉េ ប្រទេស​ចិន ប្រទេស​ជប៉ុន និង សហរដ្ឋអាមេរិក​»​។​


 
​កញ្ញា សៀង ធីតា និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ សាកលវិទ្យាល័យ ពុទ្ធិ​សាបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅកាន់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ដែល​បាន​ផ្តល់ឱកាស​ឲ្យ​រូប​នាំ​ង បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា និង​បានធ្វើ​ការងារ​ស្ម័គ្រចិត្ត នៅក្រៅ​ប្រទេស​។ អតីត​និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​រូបនេះ​ចាត់ទុក​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​នោះ គឺជា​បទពិសោធន៍ ដែល​មិនអាច​កាត់ថ្លៃ​បាន និង​ជា​ដើមទុន​សម្រាប់​នាង ឲ្យ​អភិវឌ្ឍន៍ សមត្ថភាព និង​ចំណេះដឹង នៅក្នុង​ជំនាញ​របស់ខ្លួន​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com