ទិន្នផល​ខ្ពស់ ប្រ​តេ​អ៊ី​ន​ច្រើន អ្នក​ចិញ្ចឹម​គោ​នៅ​កម្ពុជា នាំគ្នា​ងាក​ទៅ​ដាំ​ស្មៅ​អ៊ីស្រាអែល​
ជាតិ
សេដ្ឋកិច្ច
ទិន្នផល​ខ្ពស់ ប្រ​តេ​អ៊ី​ន​ច្រើន អ្នក​ចិញ្ចឹម​គោ​នៅ​កម្ពុជា នាំគ្នា​ងាក​ទៅ​ដាំ​ស្មៅ​អ៊ីស្រាអែល​
15, Jun 2019 , 3:16 pm        
រូបភាព
​ភ្នំពេញ​៖ ស្មៅ​អ៊ីស្រាអែល ឬ ស្មៅ​ផ្អែម កំពុង​ក្លាយជា​ដំណាំ​ដ៏​ពេញនិយម​សម្រាប់​អ្នក​ចិញ្ចឹមសត្វ​គោ​នៅ​កម្ពុជា​។  បើតាម​អ្នកជំនាញ ស្មៅ​នេះ​មាន​ប្រូតេអ៊ីន​២០​ភាគរយ សម្រាប់​ការលូតលាស់​របស់​គោ បើ​ធៀប​នឹង​ស្មៅ​ធម្មតា និង​ចំបើង​មាន​សារធាតុចិញ្ចឹម​ត្រឹម​៥​ភាគរយ​។ ម្យ៉ាងវិញទៀត វា​ជា​ប្រភេទ​ស្មៅ​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ទទួលបាន​ទិន្នផល​ច្រើន ដោយមាន​អាយុកាល​លូតលាស់​រហូត​១០​ឆ្នាំ ក្នុង​ការដាំ​ម្តងៗ​។​

 
​នៅលើ​ផ្ទៃដី​ជិត​មួយ​ហិកតា​នៅ​ខេត្តរតនគិរី លោក ហេង តារា បាន​ពង្រីក​ការដាំដុះ​ស្មៅ​អ៊ីស្រាអែល ឬ​ស្មៅ​ផ្អែម កាលពីដើម​ឆ្នាំកន្លងមក​។ លោក​គ្រោង​ពង្រីក​ឲ្យ​ដល់​៣០​ហិកតា ប្រសិនបើ​បាន​ទិន្នផល​ល្អ​។​


 
​បច្ចុប្បន្ន ម្ចាស់​កសិដ្ឋាន​នៅ​ភាគ​ឦសាន​រូបនេះ  ចិញ្ចឹម​កូន​-​មេគោ​ជាង​៧០​ក្បាល ហើយ​គ្រោង​ពង្រីក​ចំនួន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​នៅ​កម្ពុជា ពិសេស​ការ​បង្កាត់​ពូជ និង​ការចិញ្ចឹម​លក់​សាច់​។​
 
​លោក តារា បាន​និយាយប្រាប់​សារព័ត៌មាន ThmeyThmey ថា​ស្មៅ​អ៊ីស្រាអែល ងាយស្រួល​ដាំ ដោយ​ដាំ​បាន​គ្រប់​ខែ ពិសេស​ក្នុងអំឡុង​ប្រាំង​ដែលមាន​អាកាសធាតុ​ក្តៅ​ខ្លាំង បើ​ធៀប​បៀ​ប​នឹង​ពូជ​ស្មៅ​បរទេស​មួយចំនួន វា​មាន​ភាពងាយស្រួល​ជាង​។ 
 
​បុរស​វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​បន្ថែមថា​៖ «​ការដាំ​ស្មៅ​អ៊ីស្រាអែល មិនចាំបាច់​ប្រើ​ថ្នាំ​ការពារ​ឬ​ជំនួយ​អ្វី​ឡើយ​។ ប៉ុន្តែ​បើ​យើង​មាន​លាមក​គោ​ស្រាប់ យើង​ដាក់​ទៅលើ​ដី​ដាំ​ស្មៅ​ទាំងនោះ ក៏​ធ្វើឱ្យ​ស្មៅ​យើង​ល្អប្រសើរ​ដែរ​។ ស្មៅ​នេះ​មាន​រសជាតិ​ផ្អែម និង​មាន​សារធាតុចិញ្ចឹម​២០​ទៅ​២៥​ភាគរយ​ដែល​ល្អ​សម្រាប់​ការលូតលាស់​របស់​គោ​គ្រប់​ប្រភេទ មិន​ថា​គោ​ចិញ្ចឹម​យក​សាច់ គោ​ចិញ្ចឹម​យក​ទឹកដោះ និង​គោ​ចិញ្ចឹម​ទុក​ធ្វើ​មេបា នោះទេ​»​។​
 
​បើតាម​អ្នកជំនាញ​ចិញ្ចឹម​គោ ស្មៅ​អ៊ីស្រាអែល​នេះ បាន​នាំចូល​ពី​ថៃ ដែល​អាច​ឲ្យ​គោ​ស៊ី​បានជា​មធ្យម​៥​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ សម្រាប់​ស្មៅ​នេះ គេ​អាច​ឲ្យ​គោ​ស៊ី​សុទ្ធ​តែម្តង ឬ​លាយ​ជាមួយ​ស្មៅ​ធម្មតា លាយ​ជា​ចំបើង​ក៏បាន​ដែរ​។  លោក​បាន​បញ្ជាក់ថា​៖«​ស្មៅ​នេះ​អាចឱ្យ​គោ​ស៊ី​បាន​លក្ខណៈ​វិលជុំ​ក្នុង​រយៈពេល​១០​ឆ្នាំ​នៃ​ការដាំ​ម្តង​»​។​
 
​លើ​ផ្ទៃដី​ជិត​កន្លះ​ហិកតា នៅ​ភូមិសាស្ត្រ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី លោក មួយ រ៉ា​ដូ ក៏បាន​ដាំ​ស្មៅ​ផ្អែម​អ៊ីស្រាអែល សម្រាប់​ឲ្យ​គោ​ស៊ី និង​សម្រាប់ធ្វើ​ពូជ​ស្មៅ​ផងដែរ​។ លោក​បាន​អះអាងថា ក្រៅពី​មាន​ប្រូតេអ៊ីន​ច្រើន ស្មៅ​ប្រភេទ​នេះ ក៏មាន​ជាតិ​រ៉ែ និង​ជាតិ​ស្ករ​ពី​៧​ទៅ​១២​ភាគរយ​ទៀត សម្រាប់​ការលូតលាស់​លឿន​របស់​គោ​។ 


 លោក មួយ រ៉ាដូ អ្នកដាំស្មៅអ៊ីស្រាអែល នៅខេត្តមណ្ឌលគិរី
​លោក​គូសបញ្ជាក់ថា គោ​ដែល​បាន​ស៊ី​ស្មៅ​អ៊ីស្រាអែល​ជាប្រចាំ ក្នុង​រយៈពេល​យ៉ាងយូរ​មួយឆ្នាំ​ទៅមួយ​ឆ្នាំកន្លះ វា​នឹងមាន​សាច់​ពេញលេញ ឆ្អឹង​ធំ អាច​លក់បាន ប៉ុន្តែ​គោ​ដែល​ស៊ី​ស្មៅ​ធម្មតា ស៊ី​ដើម​ពោត និង​ចំបើង មាន​រយៈពេល​ជិត​៣​ឆ្នាំ​ទើប​អាច​យកទៅ​លក់បាន​។​
 
«​មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដាំ​ស្មៅ​នេះ ដោយសារ​ប្រភេទ​ស្មៅ​នេះ​ស្រួល​ដាំ ហើយ​មិនសូវ​ត្រូវការ​ទឹក​ច្រើន​។ ពិសេស​ស្មៅ​នេះ​មាន​សារធាតុចិញ្ចឹម​ច្រើន ដែល​ឲ្យ​គោ​ស៊ី​ទៅ​ឆាប់​ធំ​»​។ នេះ​ជាការ​អះអាង​របស់​កសិក​រ​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​កសិដ្ឋាន​របស់លោក ក៏មាន​ដាំ​ស្មៅ​Sorghum ដែល​នាំចូល​ពី​ប្រទេស​ជប៉ុន​ផងដែរ​។ 
 
​មិនមែន​តែ​នៅ​ភូមិភាគ​ឦសាន​នោះឡើយ លោក សន រតនា (រ៉ូប៊ែរ​ កសិករ) នៅ​សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏​រីករាយ​នឹង​របរ​លក់​ពូជ​ស្មៅ​អ៊ីស្រាអែល​ផងដែរ ដោយ​លោក​បានចាប់ផ្តើម​ដាំ​ស្មៅ​នេះ ឲ្យ​គោបា ៦​ក្បាល​របស់លោក​ស៊ី​តាំង​ចុងឆ្នាំ​២០១៨ មក​។ 

លោក សន រតនា អ្នក​ដាំ និង​អ្នកលក់​ពូជ​ស្មៅ​អ៊ីស្រាអែល នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ​។​

​បើតាម លោក រតនា ស្មៅ​នេះ​មាន​ប្រភពដើម​មកពី​អ៊ីស្រាអែល ដោយ​លោក​ផ្ទាល់​បាន​នាំយក​បន្ត​ពី​ថៃ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​។  លោក​ថា ស្មៅ​នេះ មានឈ្មោះ​ជា​ភាសា​អង់គ្លេស Sweet Grass ឬ King Grass​។ ក្រៅពី​ដាំ​ស្មៅ​អ៊ីស្រាអែល លោក រតនា ក៏​ដាំ​ស្មៅ​រុស្សី ស្មៅ​ជប៉ុន (Sorghum) ផងដែរ​។​


 
​មិនមែន​តែ​សត្វ​គោ​នោះឡើយ មាន់ ជ្រូក សេះ ពពែ ត្រី ក៏មាន​ការលូតលាស់​ផងដែរ​ក្រោយពេល​ស៊ី​ស្មៅ​ប្រភេទ​នេះ​។ «​មាន​កសិករ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​ធំៗ​នៅ​បណ្តា​ខេត្ត​នានា​បាន​បញ្ជា​ទិញ​ច្រើន​ពី​ខ្ញុំ​។ ខ្ញុំ​ផ្គត់ផ្គង់​សឹង​មិនទាន់​ពួកគាត់​ទេ ហើយ​ពូជ​ស្មៅ​នេះ មាន​រូបរាង និង​លក្ខណៈ​ដូច​ពូជអំពៅ​អ៊ីចឹង​។ ខ្ញុំ​លក់​ពូជ​ស្មៅ​អ៊ីស្រាអែល​នេះ ៣០០ទៅ៥០០​រៀល​ក្នុង​មួយ​កង់ ព្រមទាំង​ជួយ​ប្រាប់​ពី​របៀប​ដាំ​ដុះ ដែល​ខ្ញុំ​ចេះ​ជូន​ពួកគាត់​ទៀត ប្រសិន​ពួកគាត់​តម្រូវការ​»​។ នេះ​ជាការ​អះអាង​របស់លោក រតនា​។​
 
 
​មិនត្រូវ​ការ​ទឹក​ច្រើន តែ​ស្មៅ​អ៊ីស្រាអែល​លូតលាស់ និង​ផ្តាច់​ច្រូត​បាន ក្រោយ​ដាំ​ពី​១​ខែ ទៅ​១​ខែ​កន្លះ ហើយ​លក្ខណៈពិសេស​មួយ​ទៀត គឺ​វា​ទន់ បែក​គុម្ព​លឿន (​ដើម​មួយ​វា​អាច​បែប​ទៅជា​១០) ហើយ​ទោះជា​មានទឹក​លិច​ក៏​វា​នៅរស់​ដែរ​។ 
 
​លោក សួ​ម សុវណ្ណ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​បន្ថែមថា ក្រៅពី​ច្រូត​ឲ្យ​ស៊ី​ភ្លាមៗ ដែល​គេ​ហៅថា​ស៊ី​ឆៅ ឬ​ស្មៅ​ស្រស់ គេ​ក៏​អាច​ផ្អាប់​រក្សាទុក​ឲ្យ​គោ​ស៊ី​បានដែរ​។ 


 លោក សួ​ម សុវណ្ណ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ
​អ្នកជំនាញ​រូបនេះ​បាន​ពន្យល់ថា​៖ « ធម្មតា ស្មៅ​ផ្អាប់​ជា​ប្រភេទ​ស្មៅ​ម្យ៉ាង​ដែល​យើង​យក​ស្មៅ​ស្រស់​ទៅ​រក្សាទុក​ឲ្យ បឺត​ខ្យល់​ចេញ​-​ចូល ដោយ​ទុក​ក្នុង​រយៈពេល​ពី​៧​ទៅ​១០​ថ្ងៃ យើង​អាច​យក​ឲ្យ​គោ​ស៊ី​បាន ហើយ​សារជាតិ​នៅក្នុង ស្មៅ​នោះ គឺ​ជួយ​ដល់​សត្វ​គោ​ឲ្យ​មានការ​លូតលាស់​ល្អ និង​ធំធាត់​លឿន​ដូច​ស៊ី​ស្មៅ​ឆៅ​អ៊ីចឹង​ដែរ​»​។  
 
​លោក​បាន​បន្តថា​ស្មៅ​នេះ បើ​គិត​ត្រឹម​ឆ្នាំ​២០១៨ នេះ អាច​ផ្គត់ផ្គង់​បាន​គ្រប់​រាជធានី​-​ខេត្តហើយ​។ បច្ចុប្បន្ន នៅ​ខេត្តបន្ទាយមានជ័យ​មាន​ប្រជាពលរដ្ឋ ជាង​២០​ភាគរយ បាន​ស្គាល់​ស្មៅ​នេះ និង​ដាំ​ដុះ​លើ​ទំហំ​ដី​ធំ​-​តូច​ទៅតាម​លទ្ធភាព​។​
 
«​បើ​យើង​ដាំ​លក្ខណៈ​ឧស្សាហកម្ម​ទ្រង់ទ្រាយ​ខ្នាត​ធំ យើង​ត្រូវ​ប្រើ​ចន្លោះ​គុម្ព​ស្មៅ​នីមួយៗ ពី​៥០​ទៅ​៨០​សង់ទីម៉ែត្រ និង​ចន្លោះ​រោង​ពី​៨០​ទៅ​១២០​សង់ទីម៉ែត្រ ព្រោះ​ស្មៅ​នេះ​វា​ឆាប់​បែប​គុម្ព និង​មាន​គុម្ព​ធំៗ​។ ប៉ុន្តែ​បើ​ដាំ​លក្ខណៈ​គ្រួសារ យើង​អាច​ដាំ​ចន្លោះ​នីមួយៗ​ពី​៤០​ទៅ​៥០​សង់ទីម៉ែត្រ និង​ចន្លោះ​រោង​ពី​៥០​ទៅ​៦០​សង់ទីម៉ែត្រ​»​។ នេះ​យោបល់​ណែនាំ​របស់លោក សួ​ម សុវណ្ណ ដោយ​ផ្អែក​តាម​បទពិសោធន៍ និង​ការអនុវត្ត​ផ្ទាល់ខ្លួន​។​
 
​មន្ត្រី​ជំនាញ​បានបញ្ជាក់​ទៀតថា ជាទូទៅ​សម្រាប់​ផ្ទៃដី​២៥​ម៉ែត្រ​បួន​ជ្រុង​ដែល​ដាំ​ស្មៅ​ផ្អែម​អ៊ីស្រាអែល ប្រជាពលរដ្ឋ​ចំណាយ​ប្រាក់​យ៉ាងច្រើន​បំផុត​ត្រឹម​៣០​ម៉ឺន​រៀល​។ ការចំណាយ​នេះ គឺ​ទៅលើ​ការទិញ​ពូជ ទិញ​សម្ភារៈ​ស្រោចស្រព និង​ចំណាយ​ទៅលើ​ការ​ភ្ជួរ​រាស់​ដី​ប៉ុណ្ណោះ ហើយ​ប្រភេទ​ស្មៅ​នេះ​ដាំ​តែ​មួយដង ប៉ុន្តែ​អាច​ឲ្យ​គោ​ស៊ី​បាន​រាប់​ឆ្នាំ​៕
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  កសិកម្ម​
  គោ​
  ស្មៅ​អ៊ីស្រាអែល​)
© រក្សាសិទ្ធិដោយ thmeythmey.com