ជាតិ
​​​ន​យោ​បាយ​ជាតិ​
បន្ទប់​ស្ថា​នការណ៍​ទទូច​ឲ្យ​បក្ស​ធំ​ទាំង២ ស្វែងរក​ដំណោះស្រាយ​នយោបាយ
09, Sep 2013 , 9:48 am        
រូបភាព
ដោយ:
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បានរួម​គ្នា​បង្កើត​នូវ​បន្ទប់​ស្ថា​នការណ៍​ដើម្បី​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ដោយបាន​ទទូច​ដល់​មេ​ដឹក​នា​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​ដំណោះស្រាយ​នយោបាយ​ជាមួយគ្នា ពិសេស​ដំណោះស្រាយ​ដែល​អាច​ជម្រះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះ​តែម្ដង។


បន្ទប់​ស្ថា​នការណ៍ បានចាត់ទុក​ក្របខណ្ឌ​ច្បាប់​ដែល​បាន​អនុវត្ត​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​អ្នក​ស​ម្រ​ច​វិវាទ​បោះឆ្នោត​ថ្នាក់​កំពូល​នោះ​ថា បានទទួល​បរាជ័យ​រួចទៅហើយ ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្ងប់ចិត្ត ហើយ​ថា​ប្រមុខ​ដឹកនាំ​កំពូល​នៃ​បក្ស​ទាំងពីរ​ត្រូវតែ​ជួបគ្នា​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដដែល បន្ទប់​ស្ថា​នកាណ៍​បានបង្ហាញ​ពី​កង្វល់ និង​សម្ដែង​ការព្រួយបារម្ភ ចំពោះ​ការខកខាន​នៃ​ជំនួប​ថា្នក់​ដឹកនាំ​កំពូល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ថា​នឹង​អាច​បង្ក​ឲ្យ​មានការ​ប្រទូស្ត​រាយ​ក្នុងសង្គម ការកើតឡើង​នូវ​វិបត្តិ​នយោបាយ វិ​ប​ត្ត​សេដ្ឋកិច្ច​និង​សង្គម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​កេរ្តិ៍ឈ្មោះ ក៏ដូចជា​សេចក្ដីថ្លៃថ្នូរ​របស់​ជាតិ។
 
គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ជំនួប​ថ្នាក់​កំពូល​នៃ​មេដឹកនាំ​បក្ស​ជាប់ឆ្នោត​ទាំងពីរ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បង្ហើប​ប្រាប់​ក្រុមអ្នកកាសែត​ម្ដង​រួម​មកហើយ​កាលពីដើម​ខែសីហា ថា​លោក​អាច​នឹង​ជួបគ្នា​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ពិភាក្សា​ដោះស្រាយ​ប​ញ្ហ​ជាតិ។ ប៉ុន្តែ​គិត​មកដល់​ថ្ងៃនេះ នៅ​មិនទាន់មាន​សញ្ញាណ​ណាមួយ​ដែល​បញ្ជាក់​ពី​ជំនួប​នោះ​នៅឡើយ​នោះទេ។

ជាមួយគ្នានេះដែរ នៅមុន​ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប​នោះ  ទាំង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រមុខ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បានបញ្ជាក់​ពី​លទ្ធភាព​ដែលថា ពួកគេ​នឹង​អាច​ជួបគ្នា​នៅមុន​ថ្ងៃទី៨ ខែកញ្ញា ក៏ប៉ុន្តែ​គិត​មកដល់​ថ្ងៃនេះ​ក៏​នៅ​មិនទាន់មាន​សញ្ញាណ​ណាមួយ​នៃ​ការជួបគ្នា​របស់​ពូកគេ​នោះដែរ៕    
 

© រក្សាសិទ្ធិដោយ thmeythmey.com