អន្តរជាតិ
និ​យោ​ជិ​ត​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ហុងកុង ខណៈ​មេដឹកនាំ​នៅតែ​បដិសេធ​មិន​ព្រម​ចុះ​ចេញពី​តំណែង​
06, Aug 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​និ​យោ​ជិ​ត​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​មិនអាច​ទៅធ្វើ​ការ​បាន ហើយ​បង្ខំ​ឲ្យ​ជើងហោះហើរ​ជាង​២០០​ត្រូវ​លុបចោល​។​

 
​ថ្លែង​ទៅកាន់​អ្នកកាសែត អ្នកស្រី Carrie Lam ដែលជា​មេដឹកនាំ​ទីក្រុង​ហុងកុង និង​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​និយាយថា បាតុករ​នាំគ្នា​បង្ក​ឲ្យ​ស្ថានភាព​នៅក្នុង​ទីក្រុង​នេះ «​កាន់តែ​គ្រោះថ្នាក់​ថែមទៀត​»​។ 
 
​អ្នកស្រី Lam បាន​បដិសេធ​ជាថ្មី​ម្ដងទៀត​ចំពោះ​ការស្នើ​របស់​បាតុករ​ដែល​សុំ​ឲ្យ​អ្នកស្រី​ចុះ​ចេញពី​តំណែង ហើយ​អ្នកស្រី​ថ្លែងថា រដ្ឋាភិបាល​មានការ​ប្ដេជ្ញា​រក្សា​សណ្ដាប់ធ្នាប់​នៅក្នុង​សង្គម​។​
 
​អ្នកស្រី​ក៏បាន​ថ្លែងថា រដ្ឋាភិបាល​ក៏​នឹងមិន​សម្រេច​ទៅតាម​ការទាមទារ​រប​ស់​បាតុករ​ក្នុងការ​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងអំឡុងពេល​នៃ​ការធ្វើ​បាតុកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះនោះ​ទេ​។ 
 
​អ្នកស្រី Lam ក៏បាន​ចោទប្រកាន់​ការធ្វើ​បាតុកម្ម​ទាំងនេះ​ថា​បានធ្វើ​ឲ្យ​ទីក្រុង​ហុងកុង ធ្លាក់ចូល​ក្នុង​ផ្លូវ​មួយ​ដែល​មិនអាច​ត្រឡប់ក្រោយ​វិញ​បាន និង​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ទីក្រុង​នេះ​។​
​បាតុករ​នៅ​ទីក្រុង​ហុងកុង បានធ្វើ​បាតុកម្មហិង្សា​នៅ​កន្លែង​សំខាន់ៗ​មួយចំនួន​កាលពី​យប់​ថ្ងៃអាទិត្យ ហើយ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​គេចវេស​ពី​ការ​វាយឆ្មក់ និង​ឧស្ម័ន​បង្ហូរទឹកភ្នែករ​បស់​ប៉ូលិស ខណៈដែល​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​ឈាន​ចូលដល់​សប្ដាហ៍​ទី​៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com