អ្នកស្ម័គ្រចិត្ត Peace Corps អាមេរិកាំង​៦២​នាក់​សច្ចាប្រណិធាន​ទៅ​រស់​នៅតាម​ជនបទ​កម្ពុជា​
ជាតិ
អ្នកស្ម័គ្រចិត្ត Peace Corps អាមេរិកាំង​៦២​នាក់​សច្ចាប្រណិធាន​ទៅ​រស់​នៅតាម​ជនបទ​កម្ពុជា​
14, Sep 2019 , 7:59 pm        
រូបភាព
ក្រុម​អ្នក​ស្ម័គ្រចិត្ត​ភ័ស​ខ័រ (Peace Corps)​ ក្រុម​ទី ១៣ ចូលរួម​ក្នុង​​ពិធី​សច្ចាប្រណិធាន​របស់​អ្នក​ស្ម័គ្រចិត្ត ភីសខ័រ ក្រុម​ទី១៣ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ក្រុម​អ្នក​ស្ម័គ្រចិត្ត​ភ័ស​ខ័រ (Peace Corps)​ ក្រុម​ទី ១៣ ចូលរួម​ក្នុង​​ពិធី​សច្ចាប្រណិធាន​របស់​អ្នក​ស្ម័គ្រចិត្ត ភីសខ័រ ក្រុម​ទី១៣ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ក្រុម​អ្នកស្ម័គ្រចិត្ត​ថ្មី​ចំនួន ៦២ នាក់​ដែលជា​ក្រុមទី​១៣ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក Peace Corps Cambodia បានធ្វើ​សច្ចាប្រណិធាន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ មុនពេល​ធ្វើដំណើរ​ទៅ​រស់នៅ​ជាមួយ​សហគមន៍​ខ្មែរ​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​កម្ពុជា​។



​អ្នកស្ម័គ្រចិត្ត​អាមេរិក​ទាំងនេះ​នឹងត្រូវ​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៦០​គ្រួសារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ ពួកគេ​នឹងត្រូវ​រស់នៅ​តាម​ភូមិ​និង​សហគមន៍​នៃ​តំបន់​ជនបទ​ក្នុង​ខេត្តតាកែវ ខេត្តកំពង់ចាម កំពង់ស្ពឺ កំពត ព្រៃវែង និង​ស្វាយរៀង​ជាដើម​។​

​ក្នុង​រយៈពេល​នៃ​ការរស់នៅ​អ្នកស្ម័គ្រចិត្ត​វ័យក្មេង​ទាំងនេះ​ត្រូវ​ផ្លាស់ប្តូរ​ចំណេះដឹង​និង​វប្បធម៌​របស់​ពួកគេ​ជាមួយ​គ្រួសារ​និង​សហគមន៍​ដែល​ទទួល​ឲ្យ​ពួកគេ​ស្នាក់នៅ​។​

​លោក Michael Newbill ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​បាន​ផ្តល់ឱកាស​ឲ្យ​មានការ​ចែករំលែក និង​ពង្រឹង​ទំនាក់ទំនង​នៅតាម​សហគមន៍​នានា​ក្នុងប្រទេស​កម្ពុជា​។​

«​យើង​បាន​ចំណាយពេល​ជាច្រើន​និយាយ​ពី​តម្លៃ​ដែល​ទីភ្នាក់ងារ Peace Corps ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា និង​ការណ៍​ដែល​ទំនាក់ទំនង​នេះ​ជា​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​។ ខ្ញុំ​មាន​ក្តីសប្បាយ​រីករាយ​ដែល​យើង​អាច​រក្សា​ការយោគយល់​គ្នា​បាន​ប្រសើរ​ជាមួយនឹង​រដ្ឋាភិបាល​អំពី​ការចែករំលែក​របស់​យើង និង​ហេតុផល​ដែល​យើង​ធ្វើ​ដូច្នេះ​»​។​


លោក Austin Gelber អាយុ ២៥ ​អ្នក​ស្ម័គ្រចិត្ត​ភ័ស​ខ័រ​ (Peace Corps) ក្រុម​ទី ១៣ ចូលរួម​ក្នុងពិធី​សច្ចាប្រណិធាន​របស់​អ្នក​ស្ម័គ្រចិត្ត ភីសខ័រ ក្រុម​ទី១៣ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

​ជន​ស្ម័គ្រចិត្ត​សញ្ជាតិ​អាមេរិកាំង​ទាំង ៦២​នាក់​មាន​បុរស ២៧​នាក់ និង​ស្ត្រី ៣៥​នាក់​។ ពួកគេ​ត្រូវបាន​បង្រៀន​ភាសា​ខ្មែរ រៀន​ពី​បច្ចេកទេស​ផ្សេងៗ និង​រៀន​ពី​វប្បធម៌ យ៉ាងហោចណាស់​រយៈពេល​២​ខែ មុននឹង​ពួកគេ​អាចធ្វើ​ដំណើរ​ទៅ​រស់​នៅតាម​គេហដ្ឋាន​ដែល​បាន​កំណត់ទុក​។​

​លោក Austin Gelber អ្នកស្ម័គ្រចិត្ត Peace Corps មួយរូប ដែល​ទើប​នឹងធ្វើ​សច្ចាប្រណិធាន បាន​ប្រាប់ VOA ថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ ដោយសារ​តែមាន​ការទទួល​ស្វាគមន៍​ពី​សំណាក់​សហគមន៍ និង​រដ្ឋាភិបាល​កម្ពុជា​។​

​លោក Austin Gelber អាយុ ២៥​ឆ្នាំ ដែល​នឹង​បម្រើការ​ជា​គ្រូបង្រៀន​អង់គ្លេស​នៅ​ខេត្តព្រៃវែង បាន​បន្តថា លោក​សង្ឃឹម​នឹង​រៀនសូត្រ​បន្ថែម​ពី​កម្ពុជា និង​ស្គាល់​ពី​របៀបរបប​រប​ស់​ក្រុមគ្រួសារ​ដែល​ទទួល​លោក​។​

«​ខ្ញុំ​សង្ឃឹមថា មិន​ត្រឹមតែ​អាច​ចែករំលែក​ភាសា​អង់គ្លេស​របស់ខ្ញុំ​ជាមួយនឹង​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​លោកគ្រូ​អ្នកគ្រូ​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួកគេ ក៏ដូចជា​លើកកម្ពស់​ជំនាញ​របស់​ពួកគេ​ក្នុងការ​បង្រៀន​ក្នុង​ថា្នក់​រៀន​របស់ខ្ញុំ​ផងដែរ​»​។​


លោក Brendan Stewart អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace Corps បាន​បម្រើការ​ជា​អ្នកស្ម័គ្រចិត្ត​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស​នៅ​វិទ្យាល័យ​ក្នុង​ស្រុក​ព្រៃប្រសប់ ​ខេត្ត​ក្រចេះ​ អស់រយៈពេល ២​ឆ្នាំ ចូលរួម​ក្នុងពិធី​សច្ចាប្រណិធាន​របស់​អ្នក​ស្ម័គ្រចិត្តភីសខ័រ ក្រុម​ទី១៣ នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

​លោក Brendan Stewart អាយុ ២៦​ឆ្នាំ ជា​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps បាន​បម្រើការ​ជា​អ្នកស្ម័គ្រចិត្ត​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​ក្នុងស្រុក​ព្រៃ​ប្រសប់ ខេត្តក្រចេះ អស់​រយៈពេល ២​ឆ្នាំ​មកនេះ ហើយ​លោក​កំពុង​បន្ត​រយៈពេល​មួយឆ្នាំ​ទៀត​។​

«​មាន​មូលហេតុ​មួយចំនួន​។ ទីមួយ ខ្ញុំ​ចូលចិត្ត​រស់នៅ​កម្ពុជា​ខ្លាំង​មែនទែន​។ ប្រជាជន​កម្ពុជា​រួសរាយ ទទួល​ខ្ញុំ ជួយ​ខ្ញុំ​ខ្លាំង​មែនទែន ពេល​ខ្ញុំ​ធ្វើការ​នៅ​ព្រៃ​ប្រសប់​។ ខ្ញុំ​ស្រឡាញ់​ជនជាតិខ្មែរ​។ ខ្ញុំ​ចង់​បន្ត​ធ្វើការ​ជាមួយ​ជនជាតិខ្មែរ​»​។​

​ភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិក ត្រូវបាន​បង្កើត​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក John F. Kennedy កាលពី​ឆ្នាំ​១៩៦១ ដើម្បី​លើកកម្ពស់​សន្តិភាព និង​មិត្តភាព​ពិភពលោក​។ ភ្នាក់ងារ Peace Corps បាន​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​១៣​ឆ្នាំ​មកហើយ ហើយ​អ្នកស្ម័គ្រចិត្ត​ដែល​បាន​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន​ជាង ៦៤៣​នាក់​មកទល់ពេលនេះ​។​

​លោក មាស គីមហេង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែងថា​៖ «​កម្ពុជា​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ការសហការ និង​ភាពជា​ដៃគូ​ជាមួយនឹង​ទីភ្នាក់ងារ Peace Corps ដែល​ប្រកាន់ខ្ជាប់​នូវ​សន្តិភាព និង​មិត្តភាព​ដោយ​លោក​ប្រធានាធិបតី John F. Kennedy»​។​

​មន្ត្រី​រដ្ឋាភិបាល​ដដែល​បាន​ហៅ​ការស្បថ​សច្ចាប្រណិធានរ​បស់​ក្រុម​អ្នកស្ម័គ្រចិត្ត​អាមេរិក​នៅថ្ងៃនេះ​ថា​ជា​សក្ខីភាព​នៃ​«​ការពង្រឹង​ទំនាក់ទំនង​រវាង​គ្នា ជំនឿ​ទុកចិត្ត មិត្តភាព និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​»​រវាង​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com