ក្រសួង មិន​ឲ្យ​ទិញ​ដី​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី នៅ​ស្រុក​សំឡូត ព្រោះ​ជា​តំបន់ការពារធម្មជាតិ​
ជាតិ
សង្គមជាតិ
ក្រសួង មិន​ឲ្យ​ទិញ​ដី​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី នៅ​ស្រុក​សំឡូត ព្រោះ​ជា​តំបន់ការពារធម្មជាតិ​
18, Sep 2019 , 9:52 am        
រូបភាព
តំបន់ដីឡូតិ៍ ឡុង វុទ្ធី (រូបពីក្រសួងបរិស្ថាន)
តំបន់ដីឡូតិ៍ ឡុង វុទ្ធី (រូបពីក្រសួងបរិស្ថាន)
​ក្រសួងបរិស្ថាន បាន​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ ទិញ​លក់ ដី​នៅ​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមាន​ទីតាំងនៅ​ភូមិ​ភ្នំ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយសារ​តំបន់​នេះ​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ដែល​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​ដែល​ចុះ​តាំងពី​ឆ្នាំ​១៩៩៣​មក​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។



​តំបន់ការពារធម្មជាតិ​នៅ​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី មាន​ទំហំ​ជិត​៥​ម៉ឺន​ម៉ែត្រការ៉េ​។ តំបន់ការពារធម្មជាតិ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ដែល​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ និង​មិនអាច​ឋិត​នៅក្រោម​ការកាន់កាប់​ដោយ​កម្មសិទ្ធិ​ស្របច្បាប់​នៃ​បុគ្គល​ណាមួយ​ឡើយ​។ ក្រសួង ព្រមាន​ថា អ្នកចាត់ចែង លក់ដូរ​ដី​នៅ​តំបន់​ធម្មជាតិ នឹងត្រូវ​ជាប់ពន្ធនាគា​រ និង​ត្រូវ​ចាត់​ចូល​ជា​បទល្មើស​ព្រហ្មទណ្ឌ​។

ដើម្បី​ជៀសវាង​ការសម្រេចចិត្ត​ខុស ក្នុង​ការទិញ​ដី​ឡូ​តិ៍ ក្រសួង​បានបង្ហាញ​ចំណុច​សំខាន់ៗ​មួយចំនួន សម្រាប់​ជាការ​យល់ដឹង​រួមមាន ពិនិត្យ​ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ និង​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ មាន​ជាប់​បន្ទុក​ឬ​អត់​។ លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ​ឬ​អង្គភាព​មាន​សមត្ថកិច្ច មាន​ចែង​ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​ដែនដី​ស្ដីពី​ការអភិវឌ្ឍ​ដី​។ ក្រៅពីនេះ ត្រូវ​ពិនិត្យ ឯកសារ​បង់ពន្ធ​អចលនវត្ថុ ប័ណ្ណ​បំបែក​ក្បាលដី និង​ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យា​ទិញ​លក់​៕


Tag:
 ដី​ឡូ​តិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com