តំបន់​ពាម​ក្រសោប​ខេត្តកោះកុង ត្រូវបាន​បង្កើតជា​តំបន់​គ្រប់គ្រង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង
ជាតិ
សង្គមជាតិ
តំបន់​ពាម​ក្រសោប​ខេត្តកោះកុង ត្រូវបាន​បង្កើតជា​តំបន់​គ្រប់គ្រង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង
21, Sep 2019 , 11:46 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​តំបន់​គ្រប់គ្រង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង​នៅ​ពាម​ក្រសោប ខេត្តកោះកុង ដើម្បី​រក្សា​និង​ប្រើប្រាស់​ត្រី​កា​ម៉ុង​ប្រកបដោយ​និរន្តរភាព​ស្របតាម​គោលនយោបាយ​វិស័យ​ជលផល​ជាតិ​។ នេះ​តាម​សេចក្ដីប្រកាស​របស់​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១៩​។​



​ក្រសួងកសិកម្ម បាន​និយាយថា គោលដៅ​នៃ​ការបង្កើត​តំបន់​ត្រី​កា​ម៉ុង​នេះ គឺ​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី នៃ​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង និង​ការ​គ្របគ្រង​ផល​ស្កុ​ក​ត្រី​កា​ម៉ុង​ឲ្យ​បាន​និរន្តរភាព​។ ក្រៅពីនេះ គឺ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​ប្រជាពលរដ្ឋ​និង​សហគមន៍​មូលដ្ឋាន​។​
 
​តំបន់​ពាម​ក្រសោប​នៃ​ដែន​គ្រប់គ្រង​ជម្រក​ត្រី​កា​ម៉ុង​មាន​ទំហំ​១២៨៣​ហិកតា ស្ថិតនៅ​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ តំបន់​នេះ ត្រូវ​ហាមឃាត់​ការធ្វើ​នេសាទ​ត្រី​កា​ម៉ុង ចាប់ពី​ថ្ងៃទី​១ ធ្នូ ដល់​៣១ មីនា ជា​រៀងរាល់ឆ្នាំ លើកលែង​មានតែ​ការអនុញ្ញាត​ពីរ​ដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម ក្នុង​សកម្មភាព​ធ្វើការ​ពិ​សោ​ធិ៍​ស្រាវជ្រាវ​បច្ចេកទេស​វិទ្យាសាស្ត្រ​ជលផល​។ នេះ​បើតាម​ក្រសួងកសិកម្ម​។​

​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ៖«​រដ្ឋបាល​ជលផល​និង​រដ្ឋបាល​ខេត្តកោះកុង ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ មាន​ភារកិច្ច​រៀបចំ​យន្តការ​គ្រប់គ្រង អនុវត្ត​ផែនការ​គ្រប់គ្រង ក្រុម​ល្បាត​និង​បំពាក់​បរិក្ខារ​ល្បាត​។ លើសពីនេះ គឹជា​អ្នក​បោះបង្គោល​ព្រំប្រទល់ សិក្សា​ស្រាវជ្រាវ​បច្ចេកទេស តាមដាន​លក្ខណៈ​ជីវសាស្ត្រ និង​ផល​ស្តុក​ត្រី​កា​ម៉ុង​ក្នុង​ធម្មជាតិ​»​។​
 
​បន្ថែម​ពីនេះ​រដ្ឋបាល​ជលផល រដ្ឋបាល​ខេត្តកោះកុង និង​អង្គភាព​ពាក់ព័ន្ធ ត្រូវ​អប់រំ​និង​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​អំពី​សារប្រយោជន៍​នៃ​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង​។ ជាពិសេស ត្រូវ​ស្វែងរក​ជំនួយ​និង​កិច្ចសហការ​ពី​ដៃគូ​ង​ភិ​វឌ្ឍន៍ អង្គការ​ជាតិ អង្គការ​អន្តរជាតិ និង​សប្បុរសជន​នានា ដើម្បី​គាំទ្រ​ផ្ដល់​មូលនិធិ​ទ្រទ្រង់​សកម្មភាព​គ្រប់គ្រង​ក្នុង​តំបន់​គ្រប់គ្រង​ដែន​សុវត្ថិភាព​ត្រី​កា​ម៉ុង​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕




Tag:
 ខេត្តកោះកុង​
  ជម្រក​ត្រី​
  ត្រី​កា​ម៉ុង​
© រក្សាសិទ្ធិដោយ thmeythmey.com