ជាតិ
សង្គមជាតិ
តំណាង​សាកលវិទ្យាល័យ​ជាង​៦០ ចែករំលែក​ពី​ការទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សហរដ្ឋអាមេរិក​
21, Sep 2019 , 2:16 pm        
រូបភាព
សិស្សានុសិស្ស​នៅតាម​​បណ្តា​សាលា​នៅ​រាជធានីភ្នំពេញ ​ចូលរួម​នៅ​ក្នុង​កម្មវិធី«​ពិព័រណ៍ការសិក្សានៅ​សហរដ្ឋអាមេរិក» នៅ​សណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩
សិស្សានុសិស្ស​នៅតាម​​បណ្តា​សាលា​នៅ​រាជធានីភ្នំពេញ ​ចូលរួម​នៅ​ក្នុង​កម្មវិធី«​ពិព័រណ៍ការសិក្សានៅ​សហរដ្ឋអាមេរិក» នៅ​សណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩
ដោយ:
​ភ្នំពេញ​៖ តំណាង​សាកលវិទ្យាល័យ​ជាង​៦០ ដែល​នៅ​សហរដ្ឋអាមេរិក បានមក​ចែករំលែក​ពី​របៀប​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សហរដ្ឋអាមេរិក នា​ថ្ងៃទី​២០ ខែកញ្ញា នៅក្នុង​កម្មវិធី​«​ពិព័រណ៍​ការសិក្សា​នៃ​សហរដ្ឋអាមេរិក​»  ។ នៅក្នុង​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​បណ្តា​សិស្ស​នៅតាម​សាលារៀន​ទូទៅ​នៅ​រាជធានី​ភ្នំពេញ​។

 
​កញ្ញា Linnette Franco មន្ត្រី​កិច្ចការ​វប្បធម៌​នៅ​សា្ថ​ន​ទូត​អាមេរិក បានបញ្ជាក់​ពី​គោលបំណង​ដែល​ស្ថានទូត​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ឲ្យ​សិស្សានុសិស្ស និង​និស្សិត​កម្ពុជា​ទទួលបាន​ព័ត៌មាន​ពី​ការអប់រំ​នៅតាម​សកលវិទ្យា​ល័យ នៅ​សហរដ្ឋអាមេរិក​។ ជាពិសេស​យល់ដឹង​ពី​របៀប​ទទួលបាន​អាហារូបករណ៍ និង​របៀប​ដាក់ពាក្យ​ដើម្បី​ជាប់​អាហារូបករណ៍​លើ​ជំនាញ​ដែល​ពួកគេ​ពេញចិត្ត និង​សម្រាប់​ផ្តល់ឱកាស​ឲ្យ​សិស្ស​មាន​អាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នកតំណាង​នៅតាម​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​។  
 
«​ពិព័រណ៍​ការសិក្សា​នៃ​សហរដ្ឋអាមេរិក​»​ធ្លាប់​បានរៀបចំ​ជាច្រើនលើក​មកហើយ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ដើម្បី​ឲ្យ​សិស្ស និង​និស្សិត និង​មាតាបិតា​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​សាលា​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​។ តាមរយៈ​តាំងពិព័រណ៍​នេះ បណ្តា​សិស្ស​ទូទាំង​កម្ពុជា​បាន​យល់ដឹង​ច្រើន​ពី​សាកលវិទ្យាល័យ​ដែល​ខ្លួន​មានបំណង​នឹងសិក្សា​នៅពេល​អនាគត​។ នេះ​បើតាម​កញ្ញា Linnette Franco មន្ត្រី​កិច្ចការ​វប្បធម៌​នៅ​សា្ថ​ន​ទូត​អាមេរិក​។ 
 
​យុវតី សាន្ត កិ​តិ​កា ក៏មាន​បំណង​បន្ត​ការសិក្សា​នៅ​ប្រទេស​សហរដ្ឋអាមេរិក​ដែរ​។ នៅក្នុង​ដៃ​មាន​កាន់​ក្រដាស​លិខិត​ព័ត៌មាន​សិក្សា​នៅតាម​សកល​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក កញ្ញា សាន្ត កិ​តិ​កា បាន​ប្រាប់​ឲ្យ​ដឹងថា កញ្ញា​បាន​រកឃើញ​សាកលវិទ្យាល័យ​ដែល​ត្រូវ​នឹង​ជំនាញ​របស់ខ្លួន​ស្រឡាញ់​ហើយ បន្ទាប់ពី​បាន​សួរនាំ​អ្នកតំណាង​សកល​វិទ្យាល័យ​ជាច្រើនរូប​។ នៅពេលដែល​នាង​បញ្ចប់​ថ្នាក់​វិទ្យាល័យ នាង​មានបំណង​ចង់​រៀន​ផ្នែក Business ដើម្បី​បំពេញ​បំណង​របស់​ឱ​ពុក​ម្តាយ​នាង​ដែល​ចង់​ឲ្យ​នាង​ក្លាយជា​អ្នករកស៊ី​។ មុននឹង​សម្រេច​បំណង​មួយ​នេះ នាង​បេ្ត​ជ្ញា​ថា នឹង​ខិត​ខំរៀន​ភាសា​អង់គ្លេស​បាន​ឲ្យ​ល្អ​សិន ដើម្បី​មានឱកាស​ទទួលបាន​អាហារូបករណ៍​សិក្សា​នូវ​ជំនាញ​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក​។ 
 
​ជា​សិស្ស​រៀន​ភាសា​ខ្មែរ​ថ្នាក់​ទី​១១ និង​រៀន​ភាសា​អង់គ្លេស​ថ្នាក់​ទី​១២ នៅ​សាលា​ប៊ែ​ល​ធី បាន​និយាយថា​៖«​កម្មវិធី​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​ឲ្យ​សិស្ស​បានដឹង​ពី​គោលបំណង​របស់ខ្លួន​ថា​ចង់​ចាប់យក​ជំនាញ​អី ហើយ​អាច​ជ្រើសរើស​សាកល​វិ​ទ្យ​ល័យ​ណាមួយ​ដែល​យើង​ថា​នឹង​ទៅ​រៀន ហើយ​ធ្វើ​វា​ឲ្យ​បាន​។ ប្រសិន​ខ្ញុំ​មិន​បានមក​ចូលរួម​កម្មវិធី​នេះ​ទេ ខ្ញុំ​ប្រហែលជា​មិនបាន​ដឹងថា​ត្រូវ​រើស​សាកលវិទ្យាល័យ​ណា​ទេ នៅពេលដែល​ខ្ញុំ​រៀន​ចប់​ទី​១២​។ ពេល​យើង​មក​អ៊ីចឹង យើង​អាច​ដឹង​ពី​សាកលវិទ្យាល័យ​ដែល​ល្បីៗ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​»​។​
 
​ដោយឡែក​យុវជន ជុន ព្រំ​នា សិស្ស​ថ្នាក់​ទី​១១ នៅ​សាលា​មី​គី​វ៉េ ដែល​បាន​ដើរ​សួរ​ព័ត៌មាន​អំពី​របៀប​ដាក់​អាហារូបករណ៍ បាន​បញ្ជាក់ថា ខ្លួន​បាន​យល់ដឹង​ច្រើន​ពី​គន្លឹះ​ដាក់​អាហារូបករណ៍​សិក្សា​ជំនាញ​វិស្វកម្ម​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​ត្រៀមខ្លួន​ដាក់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​សហរដ្ឋអាមេរិក​។ 
 
​បើតាម​កញ្ញា Linnette Franco សិស្ស​កម្ពុជា​ដែល​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១៧-២០១៨​មាន​ចំនួន​៦៥៩​នាក់​។ មន្ត្រី​កិច្ចការ​វប្បធម៌​នៅ​សា្ថ​ន​ទូត​អាមេរិក បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​សិស្ស​កម្ពុជា​ដែល​សិក្សា​នៅ​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង ដោយឡែក​នៅ​ឆ្នាំ​២០១៨ គឺ​កើន​ឡើងដល់​៣០​ភាគរយ​៕

Tag:
 អាមេរិក​
 ​អាហារូបករណ៍​
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com