អន្តរជាតិ
ចិន​នៅតែ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​លំដាប់​ទីមួយ ឯ​ឥណ្ឌា​ទី​ពីរ អាមេរិក​ទី​បី​
01, Oct 2019 , 9:19 am        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ប្រទេស​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​ដែល​ជាប់​ចំណាត់​ថ្នាក់ទីមួយ នៅតែ​មហា​យក្ស​ចិន​ដដែល​។ ឥណ្ឌា ក៏​បន្ត​ជាប់​ចំណាត់​ទី​ពីរ ស្រប​ពេលដែល​កំណើនប្រជាជន​បាន​កើនឡើង​រហ័ស ខណៈ​សហរដ្ឋអាមេរិក​ជាប់​ចំណាត់ថ្នាក់​ទី​បី​។​



​បើ​យោងតាម​ទិន្នន័យ​របស់​គេហទំព័រ World Population Review​និង Worldometers ចិន​ដែល​ឈរលើ​កំពូល​តារាង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ មាន​ប្រជាជន​សរុប​រហូតដល់​ទៅ​ជាង​មួយ​ពាន់​បួន​រយ​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ ។ រីឯ​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​២​ឥណ្ឌា​វិញ​មាន​ប្រជាជន​រស់នៅ​សរុប​ប្រមាណ​មួយ​ពាន់​បី​រយ​លាន​នាក់​។ សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី​បី​មាន​ប្រជាជន​សរុប ៣២៩​លាន​នាក់​ក្នុងឆ្នាំនេះ​ដែរ​។​

​របាយការណ៍​ទិន្នន័យ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ឥណ្ឌូណេស៊ី និង​ប៉ា​គី​ស្ថាន​បានទទួល​ចំណាត់ថ្នាក់​ទី​៤ និង​ទី​៥​។ ក្នុងនេះ​ប្រជាជន​រស់នៅ​ឥណ្ឌូណេស៊ី​មាន​ប្រមាណ ២៧១​លាន​នាក់ និង​នៅ​ប៉ា​គី​ស្ថាន​មាន​ជាង​២១៧​លាន​នាក់​។

​ចំណែកឯ​ប្រទេស​ដែលជា​លេខ​៦​គឺ ប្រទេស​អាមេរិក​ឡាទីន​ប្រេ​ស៊ី​ល​ដែលមាន​ប្រជាជន​សរុប​២១១​លាន​នាក់​។ រដ្ឋ​អាហ្វ្រិក​នី​ហ្សេ​រី​យ៉ា​ជាប់​ចំណាត់ថ្នាក់​ទី​៧ ក្នុង​បញ្ជី​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ទាំង​១០ ហើយ​មាន​ប្រជាជន​សរុប​ប្រមាណ​២០០​លាន​នាក់​។​

​ចំណាត់ថ្នាក់​ទី​៨ បាន​ទៅលើ​បង់​ក្លា​ដែ​ស​ដែលមាន​ប្រជាជន​សរុប​១៦៣​លាន​នាក់​។ ប្រ​ទ​រុស្សី​និង​ម៉ិ​ក​ស៊ិ​កបាន​ជាប់​ចំណាត់ថ្នាក់​ជាមួយ​ប្រជាជន​ចំនួន ១៤៥​លាន​នាក់ និង​ម៉ិ​ក​ស៊ិ​កនៅ​ទី​ដប់​មាន​ប្រជាជន​ជាង​១២៧​លាន​នាក់​។​

​ក្នុងនេះ​របាយការណ៍​ដែរ​ក៍​បានបង្ហាញ​ពី​ចំនួន​ប្រជាជន​ក្នុងប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ ប្រទេស​វៀតណាម​បានទទួល​ចំណាត់​លេខ​១៥ ពិភពលោក ដោយមាន​ប្រជាជន​ចំនួន​៩៦​លាន​នាក់ និង​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​២០​មាន​ចំនួន​ប្រជាជន​៦៩​លាន​នាក់​។ ចំណែកឯ​កម្ពុជា​និង​ឡាវ​ទទួលបាន​ចំណាត់​ទី​៧០​និង​ទី​១០៥​។ នេះ​បើ​យោងតាម​គេហទំព័រ World Population Review​។​

​គួរ​រំលឹក​ផងដែរ​ថា ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ​មាន​ចំនួន​៧,៧​ពាន់​លាន​នាក់ ដែលមាន​កើនឡើង ១,០៨ភាគរយ ឬស្មើនឹង​ជាង​៨២​លាន​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០១៨៕


​    ​


© រក្សាសិទ្ធិដោយ thmeythmey.com