ជាតិ
នយោបាយជាតិ
កូនស្រីនិងអ្នកជំនិតលោក កឹម សុខា បង្ហាញជំហរផ្ទុយពីក្រុមលោក សម រង្ស៊ី កញ្ញា កឹម មនោវិទ្យា និង លោក ញ៉ែម បុញ្ញឫទ្ធិ ចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០១៧
× កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា និង លោក ញ៉ែម បុញ្ញឫទ្ធិ ដែលជាមនុស្សស្និទ្ធរបស់លោក កឹម សុខា យល់ដូចគ្នាថា មានតែការជជែកគ្នារវាងខ្មែរនិងខ្មែរទេ ទើបអាចដោះស្រាយបញ្ហាបាន ខណៈលោក សម រង្ស៊ី ប្រកាសដឹកនាំកម្លាំងចូលមកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អ្នកទាំងពីរ បានទៅចូលរួមពិធីរម្លឹកខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំឡើងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវបាន The Cambodia Daily សុំសម្ភាស។
ក្នុងបទសម្ភាសនោះ កញ្ញា កឹម មនោវិទ្យា សង្ឃឹមថា ការរម្លឹកខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាការក្រើនរម្លឹកដល់ខ្មែរគ្រប់ភាគី ឲ្យងាកមកជជែកគ្នាឡើងវិញ ដូចកាលពី២៨ឆ្នាំមុន ដែលគ្រប់ភាគីខ្មែរ រួមគ្នាដោះស្រាយបញ្ហាប្រទេសជាតិ តាមរយៈការជជែកនេះ រហូតដល់បង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កញ្ញា បញ្ជាក់បែបនេះថា៖«មានតែការដោះស្រាយតាមយរៈការជជែកគ្នាទេ ដែលអាចនាំមកនូវផ្លែផ្កាយូរអង្វែងពិតប្រាកដ»។
កញ្ញា បានលើកឡើងជាថ្មីថា ការឃុំលោកឪពុក ការរំលាយគណបក្សសង្គ្រោះជាតិ ការរឹតត្បិតសង្គមស៊ីវិល និង សារព័ត៌មាន ជាដើម គឺផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ចំណែក លោក ញ៉ែម បុញ្ញឫទ្ធិ ក៏ជំរុញឲ្យមានការគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ។ លោក ថ្លែងថា៖«ស្មារតីនេះ គំនិតនេះ យើងនៅតែមានសង្ឃឹម ហើយប្រជាពលរដ្ឋខ្មែរយើង ក៏នៅតែមានជំនឿថា ការដោះស្រាយដោយសន្តិវិធី ជាលក្ខណៈមួយដ៏ល្អប្រសើរ ដើម្បីរក្សាស្ថិរភាពប្រទេសជាតិផង និងដើម្បីអភិវឌ្ឍប្រទេសជាតិយើងទៅមុខទៀត»។
មនុស្សជំនិតរបស់លោក កឹម សុខា រូបនេះ មិនបានបង្ហាញការប្រឆាំងចំៗចំពោះផែនការផ្តួលរំលំរដ្ឋាភិបាលរបស់ក្រុមលោក សម រង្ស៊ី នោះទេ។ ប៉ុន្តែ លោក បានរម្លឹកពីគោលការណ៍រួម របស់អតីតគណបក្សសង្គ្រោះជាតិ និងជាការបង្ហាត់បង្រៀនរបស់លោក កឹម សុខា ដែលឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សានិងការមិនយកខ្មែរណាម្នាក់ ធ្វើជាសត្រូវ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«ចំពោះការដើរប្រាសចាកផុតឆ្ងាយពីគោលការណ៍របស់គណបក្សសង្គ្រោះជាតិនោះ យើងខ្ញុំគិតថា វាជារឿងបុគ្គលទៅវិញ វាអត់មានអីពាក់ព័ន្ធនឹងគណបក្សទេ»។
រដ្ឋាភិបាលកម្ពុជា បានហៅគម្រោងធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី ថា ដើម្បីធ្វើរដ្ឋប្រហារ ហើយតុលាការ បានចោទលោក និង ថ្នាក់ដឹកនាំ៨នាក់ទៀតរបស់លោក ពីបទឧបឃាត។ ចំណែក អ្នកគាំទ្រក្នុងស្រុកមួយចំនួន ត្រូវបានតុលាការ រកឃើញថា បានចូលរួមគាំទ្រក្នុងគម្រោងធ្វើរដ្ឋប្រហារនេះ ហើយក៏ចោទពីបទរួមគំនិតក្បត់ជាតិ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានសម្រេចរួចហើយ ថា នឹងដឹកនាំកម្លាំង ចូលមកកម្ពុជាដោយមិនរាថយឡើយ ហើយលោក បានព្យាយាមបំផុសបំផុល ឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេស ងើបតស៊ូជាមួយលោក។ លោក បង្ហើបថា លោក និង ពលករខ្មែរ ប្រហែលជាដើរកាត់ព្រំដែនថៃ ចូលមកកម្ពុជា។ លោក អះអាងថា លោក ចូលមកនេះ គឺដើម្បីរំដោះប្រទេសជាតិជូនប្រជាពលរដ្ឋ រំដោះព្រះមហាក្សត្រ និង រំដោះលោក កឹម សុខា។
លោក សម រង្ស៊ី នៅតែចាត់ទុកលោក កឹម សុខា ថាជាដៃគូស្លាប់រស់ ហើយលោក នៅតែប្រើសារដដែល ថាលោក និង លោក កឹម សុខា ជាមនុស្សតែមួយ។ សម្រាប់លោក កឹម សុខា ដែលត្រូវបានតុលាការដាក់ឲ្យស្ថិតក្នុងផ្ទះ បានត្រឹមតែរក្សាភាពស្ងៀមស្ថាត់ ដោយកម្រនឹងបញ្ចេញសារនយោបាយអ្វីណាស់។ គេ អាចដឹងសារបស់លោក តាមរយៈតែមេធាវីប៉ុណ្ណោះ៕
Tag:
កឹម មនោវិទ្យា
ញ៉ែម បុញ្ញឫទ្ធិ
កិច្ចព្រមព្រៀងទីក្រុងប៉ារីស
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com