អន្តរជាតិ
កូរ៉េខាងជើង​ប្រាប់​អាមេរិក​និង​កូរ៉េខាងត្បូង​ឲ្យ​រក​ដំណោះស្រាយ​ថ្មី​សម្រាប់​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​
22, Oct 2019 , 8:19 pm        
រូបភាព
លោក Kim Hyong Ryong អនុរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាងជើង  ថ្លែងក្នុងវេទិកាសន្តិសុខ «សៀងសាន លើកទី៩» នាទីក្រុងប៉េកាំង នៅថ្ងៃ២១ តុលា (Reuters)
លោក Kim Hyong Ryong អនុរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាងជើង ថ្លែងក្នុងវេទិកាសន្តិសុខ «សៀងសាន លើកទី៩» នាទីក្រុងប៉េកាំង នៅថ្ងៃ២១ តុលា (Reuters)
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​មន្ត្រី​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង លើកឡើងថា ក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ថ្មី​ក្នុង​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ដោយ​ព្រមាន​ទៀត​ប្រទេស​ទាំងពីរ​អាចមាន​លទ្ធ​ផល​មិនល្អ ប្រសិនបើ​នៅតែ​ព្យាយាម​ប្រើប្រាស់​គោលនយោបាយ​ដែលមាន​គ្រោះថ្នាក់​សម្រាប់​ក្រុង​ព្យុងយ៉ាង​ទៀត​។​



​ក្នុង​វេទិកា​សន្តិសុខ «​សៀង​សាន លើក​ទី​៩» នាទី​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​២១ តុលា លោក Kim Hyong Ryong អនុរដ្ឋមន្ត្រី​ក្រសួង​ក​ង​កម្លាំងប្រដាប់អាវុធ​ប្រជាជន​កូរ៉េខាងជើង បាន​មានប្រសាសន៍ថា កូរ៉េខាងជើង​ការខិតខំ​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ ក៏ប៉ុន្តែ​ការខិតខំ​របស់​កូរ៉េខាងជើង​បាន​ធ្លាក់​ចូលក្នុង​ភាពគ្រោះថ្នាក់​និង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​សកម្មភាព​រប​ស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​និង​អាមេរិក​។​

​ការលើកឡើង​របស់លោក​បែបនេះ គឺជា​ការបញ្ជាក់​បន្ថែម​ទៅលើ​ការដើរ​ចេញ​របស់​កូរ៉េខាងជើង​ពី​កិច្ច​ជំនួប​ដែល​ធ្វើឡើង​ជាមួយ​អាមេរិក​នៅ​ដើម​តុលា​នេះ​។ ការដើរ​ចេញ​របស់​កូរ៉េខាងជើង​នេះដែរ គឺជា​ការបង្ហាញ​ពី​ការមិន​ពេញចិត្ត​ដែល​សហរដ្ឋអាមេរិក​មិនបាន​លើកយក​នូវ​ដំណោះស្រាយ​ថ្មីៗ​មក​និយាយ​។

​ទន្ទឹមនេះ កូរ៉េខាងជើង​ក៏បាន​គំរាម​ពី​ការចាប់ផ្តើម​សាកល្បង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ឡើងវិញ ខណៈដែល​មានការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ផ្សេងៗ​ក្នុង​គោលបំណង​អោយ​កូរ៉េខាងជើង​បោះចោល​នូវ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ក្តី​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង​រូបនេះ បន្ថែមថា​៖ «​វា​មាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ដំបូង​ជាមួយគ្នា ប៉ុន្តែ​ទំនាក់ទំនង​នេះ​ហាក់​មិនមាន​ការរីកចម្រើន​ឡើយ នេះ​គឺ​ដោយសារ​សហរដ្ឋអាមេរិក​តែងតែ​ប្រើប្រាស់​គោលនយោបាយ​មិន​សមស្រប និង​មាន​គ្រោះថ្នាក់​ដល់​កូរ៉េខាងជើង​»​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា នៅតែ​រៀបចំ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក បូករួម​នឹង​ការទិញ​នូវ​គ្រឿង​សព្វាវុធ​ថ្មីៗ​ផង ដែរ​នេះ​គឺជា​ការ​គំរាម​គំហែង​ដល់​កូរ៉េខាងជើង​។​

​គួរ​រំលឹក​ផងដែរ​ថា កូរ៉េខាងជើង​បាន​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ខ្លួន​ម្តង​ហើយ​ម្តងទៀត​បើទោះជា​មានការ​ដាក់ទណ្ឌកម្ម​ពី​បរទេស​ក្តី​។ ជាក់ស្តែង​នៅ​ដើមខែ​តុលា​នេះ បាន​បាញ់​សាកល្បង​នូវ​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចេញពី​នាវាមុជទឹក (SLBM) ប្រភេទ​ថ្មី Pukguksong3 ដែល​នេះ​បានធ្វើអោយ​មានការ​ព្រួយបារម្ភ​ជាថ្មី​ម្តងទៀត​ពី​ពិភពលោក​។ ទន្ទឹមនឹង​នេះដែរ​កិច្ច​ជំនួប​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ក៏បាន​បញ្ចប់​ទាំង​មិនទាន់បាន​ផ្លែផ្កា​អ្វីមួយ​នៅឡើយ​។ រួមជាមួយ​សកម្មភាព​របស់​កូរ៉េខាងជើង​នេះ មាន​អ្នកវិភាគ​មួយចំនួន​បាន​និយាយថា កូរ៉េខាងជើង​អាច​នឹង​បាញ់​មី​ស៊ី​ល​ថែមទៀត​នាពេលខាងមុខ​៕

© រក្សាសិទ្ធិដោយ thmeythmey.com