អន្តរជាតិ
អាស៊ី ត្រៀម​ធ្វើជា​មេដឹកនាំ​ពិភពលោក​ក្នុង​ទីផ្សារ​ថាមពលខ្យល់​នៅ​ឆ្នាំ​២០៥០
24, Oct 2019 , 8:39 am        
រូបភាព
ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ទ្វីបអាស៊ី នឹង​ក្លាយជា​មេដឹកនាំ​ពិភពលោក​ក្នុង​វិស័យ​ផលិត​ថាមពល​ដោយ​កម្លាំង​ខ្យល់ នៅ​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខនេះ ហើយ​គ្រប់គ្រង​ទាំង​ឧស្សាហកម្ម​ផលិត​ថាមពលខ្យល់​លើគោក និង​ក្នុង​សមុទ្រ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ថាមពល​កកើត​ឡើងវិញ​អន្តរជាតិ នៅ​ថ្ងៃទី​២១ ខែតុលា​។​



​បើ​យោងតាម​របាយការណ៍​ខ្យល់​នាពេល​អនាគត អាស៊ី នឹងមាន​ចំណែក​ច្រើនជាង​៥០​ភាគរយ​នៃ​ថាមពលខ្យល់​ផលិត​ចេញពី​ម៉ាស៊ីន​ដំឡើង​លើគោក និង​៦០​ភាគរយ​នៃ​ថាមពល​ដែល​ផលិត​ដោយ​ម៉ាស៊ីន​ដំឡើង​ក្នុង​សមុទ្រ​នៅ​ឆ្នាំ​២០៥០​ខាងមុខ​។

​ទីភ្នាក់ងារ​ថាមពល​ក​កើត​ឡើងវិញ​អន្តរជាតិ​បាន​កត់សម្គាល់ថា ចិន គឺជា​ប្រទេស​ដែល​ចំណែក​ធំជាងគេ​សម្រាប់​តំបន់​អាស៊ី​។ ចិន នឹង​ទាយ​យក​ថាមពល​ពី​ខ្យល់​ដែលមាន​កម្លាំង​សរុប ២៥២៥ ជី​ហ្គា​វ៉ា​ត់ ប​ពី​ម៉ាស៊ីន​ដែល​ដំឡើង​នៅលើ​ដី​និង​នៅលើ​ឆ្នេរសមុទ្រ​នៅ​ឆ្នាំ​២០៥០​។ បន្ទាប់ពី​ចិន គឺ​ឥណ្ឌា​ដែល​អាច​ផលិត​ថាមពលខ្យល់​បាន ៤៤៣ ជី​ហ្គា​វ៉ា​ត់​។ កូរ៉េខាងត្បូង​នៅ​លំដាប់​បន្ទាប់​ជាមួយ​ថាមពល​ចំនួន ៧៨​ជី​ហ្គា​វ៉ា​ត់ និង​អាស៊ីអាគ្នេយ៍​ចំនួន ១៦​ជី​ហ្កា​វ៉ា​ត់​ផងដែរ​។​

​នៅ​ពាក់កណ្តាល​សតវត្សរ៍​ខាងមុខ ខ្យល់​មួយ​ភាគបី ត្រូវបាន​ប្រើប្រាស់​ជា​ប្រភព​នៃ​ថាមពល​សកល​រួមជាមួយ​ប្រព័ន្ធ​អគ្គិសនី​។ ការណ៍​នេះ នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ស្របតាម​គោលដៅ​អាកាសធាតុ​ទីក្រុង​ប៉ារីស​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។

​យ៉ាងណាមិញ ក្នុង​របាយការណ៍​ដដែល ដើម្បី​ឈានដល់​គោលដៅ​នេះ សមត្ថភាព​ទាញយក​ថាមពលខ្យល់​នៅលើ​គោក​ត្រូវ​បង្កើន​ឲ្យ​បាន​បួន​ដង ហើយ​នៅ​ឆ្នេរសមុទ្រ​ត្រូវការ​បង្កើន​ចំនួន​១០​ដង​រៀងរាល់ឆ្នាំ បើ​ប្រៀបធៀប​ទៅនឹង​បច្ចុប្បន្ននេះ​។

​ថាមពល​កកើត​ឡើងវិញ​ដែលមាន​តម្លៃ​ទាប​ដូចជា​ថាមពលខ្យល់​នេះ គឺជា​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព និង​បន្ទាន់​បំផុត​សម្រាប់​ការកាត់បន្ថយ​ការ​បំ​ភាយ​កាបូន​។ ថាមពលខ្យល់​អាចជា​ប្រភព​ថាមពល​តែមួយ​ធំជាងគេ​បំផុត​នៅ​ពាក់កណ្តាល​សតវត្សរ៍​នេះ​ផងដែរ​។ ប្រការនេះ​មិន​ត្រឹមតែ​អាចជួយ​បំពេញ​គោលដៅ​អាកាសធាតុ​នាពេល​អនាគត​ប្រកបដោយ​និរន្តរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទៀតផង​៕

​ទន្ទឹមនឹង​ថាមពល​ពន្លឺព្រះអាទិត្យ ថាមពលខ្យល់ នឹង​ក្លាយជា​ផ្លូវ​សម្រាប់​ការផ្លាស់ប្តូរ​នៃ​វិស័យ​ថាមពល​ពិភពលោក​។ នេះ​ក៏​ព្រោះតែ​ខ្យល់​នៅលើ​គោក​និង​ឆ្នេរសមុទ្រ បង្កើតបានជា​អគ្គិសនី​ច្រើនជាង​មួយ​ភាគបី​នៃ​តម្រូវការ​អគ្គិសនី​សរុប ហើយ​ដែល​នឹង​ក្លាយជា​ប្រភព​ថាមពល​លេចធ្លោ​នៅ​ឆ្នាំ ២០៥០ ៕

© រក្សាសិទ្ធិដោយ thmeythmey.com