អន្តរជាតិ
ទំនាស់​ពាណិជ្ជកម្ម​៖ នាយករដ្ឋមន្ត្រី​ជប៉ុន​-​កូរ៉េខាងត្បូង ជួបគ្នា ដើម្បី​សម្រាល​ភាព​តានតឹង
24, Oct 2019 , 4:43 pm        
រូបភាព
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លី ណាក់យុន និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព Kyodo
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លី ណាក់យុន និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព Kyodo
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង លី ណាក់​យុន (Lee Nak-yon) នៅ​ថ្ងៃទី​២៤ ខែតុលា ក្នុង​គោលបំណង​ដោះស្រាយ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ជាមួយគ្នា​លើ​បញ្ហា​ប្រវត្តិ​សង្គ្រាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រភពព័ត៌មាន Yonhap នៅ​ថ្ងៃទី​២៤ ខែតុលា​។​



​ទំនាក់ទំនង​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​សេ​អ៊ូ​ល បាន​ប្រែជា​អាក្រក់​បន្ទាប់ពី​តុលាការ​កំពូល​របស់​កូរ៉េខាងត្បូង​បានសម្រេច​បញ្ជា​អោយ​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​សង​សំណង​ដល់​ជនរងគ្រោះ​កាលពី​សម័យ​អា​និគម​កន្លងទៅ​។ ជប៉ុន​ធ្លាប់បាន​ឆ្លើយតប​ទៅ​កូរ៉េខាងត្បូង​វិញ​ថា រាល់​សំណង​ទាំងអស់​បាន​ដោះស្រាយ​រួចរាល់​ហើយ​ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥​។​

​អំឡុង​ទស្សនកិច្ច​នៅ​តូ​ក្យូ​ដើម្បី​ចូលរួម​ពិធី​ឡើង​គ្រង​រាជាភិសេក​អធិរាជ ណា​រូ​ហ៊ី​តុ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លោក លី ណាក់​យុន បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ រយៈពេល​២១​នាទី​។ ក្នុង​កិច្ច​ជំនួប​នេះ លោក លី ក៏បាន​នាំយក​សំបុត្រ​ផ្ទាល់ខ្លួន​មួយច្បាប់​ពី​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ឲ្យ​នាយករដ្ឋមន្ត្រី អា​បេ ផងដែរ​។

​សំបុត្រ​របស់លោក​មូ​ន មិន​ត្រូវបាន​ប្រាប់​អោយដឹងពី​ខ្លឹមសារ​នេះ​ទេ ប៉ុន្តែ​មានការ​ប៉ាន់​ស្មាន់ថា​អាច​និយាយ​ពី​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​លើ​ដំណោះស្រាយ​បញ្ហា​កើតឡើង​កន្លងមក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​កាលពី​ខែសីហា ជប៉ុន​បាន​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូ​ជំនួញ​គួរ​ឲ្យ​ទុកចិត្ត​។ ក្នុង​នេះដែរ ជប៉ុន​ក៏បាន​រឹតបន្តឹង​ការនាំចេញ​វត្ថុធាតុដើម​មួយចំនួន​ផងដែរ​។ ទីក្រុង​សេ​អ៊ូ​ល​បាន​ឆ្លើយតប​ទៅ​ជប៉ុន​វិញ ដោយ​ការប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ដែល​ហៅថា​សន្តិសុខ​ទូទៅ​នៃ​កិច្ចព្រមព្រៀង​ព័ត៌មាន​យោធា (GSOMIA)​។

​ការ​ភាពល្អក់​កករ​រវាង​ទីក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ​បានធ្វើឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ដែលជា​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​លំបាក​មួយ ខណៈ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​រឹតបន្តឹង​បណ្តាញ​សម្ព័ន្ធភាព​ក្នុង​តំបន់​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​របស់​ចិន​និង​ពី​យោធា​របស់​ប្រទេស​កូរ៉េខាងជើង​៕


     ​


© រក្សាសិទ្ធិដោយ thmeythmey.com