អន្តរជាតិ
ថៃ នឹង​សាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ភ្ជាប់​អាកាសយានដ្ឋាន​សំខាន់​៣
25, Oct 2019 , 2:44 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​
​    ​
​ទីបំផុត គម្រោង​ខ្សែ​រថភ្លើង​ល្បឿ​ល​លឿន​ភ្ជាប់​អាកាសយានដ្ឋាន​សំខាន់ៗ​ទាំងបី​របស់​ប្រទេស​ថៃ ឈានដល់​ដំណាក់កាល​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ហើយ ក្រោយ​ការចរចា​រាប់​ខែ​។ គម្រោង​ខ្សែ​រថភ្លើង​៧,៤​ពាន់​លាន​ដុល្លារ​នេះ មាន​គោលដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។



​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​២៤ ខែតុលា បានប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ត​ភ្ជាប់​អាកាសយានដ្ឋាន​ចំនួន​បី​។ ការចុះហត្ថលេខា​ធ្វើឡើង​រវាង​ស្ថាប័ន​អយ​ស្ម​យាន​រដ្ឋ​ថៃ ជាមួយ​ភាគី​ឯកជន​ដឹកនាំ​ដោយ​ក្រុមហ៊ុន Charoen Pokphand (CP) ។ ក្រុមហ៊ុន​China Railway Construction និង​ធនាគារ​ជប៉ុន​ក៏បាន​យល់ព្រម​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ក្នុងការ​សាងសង់​ខ្សែ​រថភ្លើង​ប្រវែង​២២០​គីឡូម៉ែត្រ​ដែល​គ្រោង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ​។​

 រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​ដឹក​អ្នកដំណើរ​ពី​អាកាសយានដ្ឋាន Suvarnabhumi ក្នុង​ទីក្រុង​បាងកក ទៅកាន់​អាកាសយានដ្ឋាន Don Muang ដែល​នៅ​ម្ខាង​ទៀត​នៃ​ទីក្រុង​បាងកក និង​អាកាសយានដ្ឋាន U-Tapao នៅ​ប៉ា​តា​យ៉ា ដែលមាន​ចម្ងាយ​ធ្វើដំណើរ​រយៈពេល​ប្រហែល​មួយ​ម៉ោង និង​មាន​ល្បឿន​២៥០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។

​ការសាងសង់ ចាប់ផ្ដើម​នៅ​អំឡុង​១២​ទៅ​២៤​ខែ​ទៀត​។ ក្នុង​គម្រោង​ដ៏​ធំ​នេះ រដ្ឋាភិបាល​ថៃ​ផ្តល់ទុន​៦៥​ភាគរយ​ស្មើនឹង​ទឹកប្រាក់​២២៤,៥​ពាន់​លាន​បាត​។ ចំនួន​ទឹកប្រាក់​ដែល​សេសសល់​អ្នកវិនិយោគទុន​នឹង​បំពេញបន្ថែម​។ ក្នុង​កិច្ចព្រមព្រៀង​នេះ​ក៏បាន​លើកឡើង​ដែលថា ក្នុង​រយៈពេល​៥០​ឆ្នាំក្រោយ ខ្សែ​រថភ្លើង​នេះ​នឹងត្រូវ​នៅក្រោម​កម្ម​សិទ្ធ​រដ្ឋ​ទាំងស្រុង​។
​តាមពិតទៅ សហគ្រាស CP និង​ក្រុមហ៊ុន​១២​ទៀត​ត្រូវបាន​ជ្រើសរើស​ដោយ​រដ្ឋ​ភិ​បាល​ថៃ​អាណត្តិ​មុន​។ ក្រុមហ៊ុន​ទាំងនេះ​បានចាប់ផ្តើម​ចរចា​ជាមួយ​ភ្នាក់ងាររដ្ឋ​តាំងពី​ខែមីនា​មក​ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិនបាន​សម្រេច​ដោយសារ​មាន​បញ្ហា​ពី​រឿង​ទីកន្លែង និង​ហានិភ័យ​មួយចំនួនទៀត​។

​នៅ​ដើមខែ​តុលា​នេះ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Anutin Charnvirankul ដែល​ទទួលបន្ទុក​ផ្នែក​ផលប័ត្រ​ដឹកជញ្ជូន​បានដាក់​ថ្ងៃ​កំណត់​សំរាប់​កិច្ចព្រមព្រៀង​ចាប់ផ្តើម​សា​g​សង់ និង​បាន​គំរាម​ដាក់ CP ទៅក្នុង​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល​បើ​បរាជ័យ​លើ​កិច្ចព្រមព្រៀង​នេះ​។ ។​លោក​ឧបនាយករដ្ឋមន្ត្រី Anutin បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Facebook ថា គម្រោង​នេះ​នឹង​ទាក់ទាញ​បាន​នូវ​ការវិនិយោគ​និង​ការងារ​ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​២០០​ពាន់​លាន​បាត​៕

© រក្សាសិទ្ធិដោយ thmeythmey.com