អន្តរជាតិ
រដ្ឋសភា​ពេញអង្គ​នឹង​បោះឆ្នោត​លើ​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​
30, Oct 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​រដ្ឋសភា​ពេញអង្គ​រប​ស់​សហរដ្ឋអាមេរិក​នឹង​បោះឆ្នោត​នៅក្នុង​សប្ដាហ៍​នេះ​លើ​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង ដើម្បី​ឆ្លើយតប​ទៅនឹង​ការអះអាង​របស់​សេត​វិមាន​ដែលថា​ការស៊ើបអង្កេត​នេះ​មិន​ត្រឹមត្រូវ​តាមច្បាប់​។​

 
​ស្របពេល​នេះដែរ មន្ត្រីរដ្ឋបាល​របស់លោក Trump ម្នាក់ទៀត​គ្រោង​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពីមុខ​គណៈកម្មាធិការ​មួយចំនួន​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ​របស់លោក Trump ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymir Zelenskiy កាលពី​ខែកក្កដា ដែល​នេះ​គឺជា​ចំណុច​ស្នូល​នៃ​ការស៊ើបអង្កេត​នេះ​។​
 
​ប្រធានរដ្ឋសភា​អ្នកស្រី Nancy Pelosi គ្រោង​ធ្វើការ​បោះឆ្នោត​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ ដោយបាន​បញ្ជាក់​នៅក្នុង​លិខិត​មួយច្បាប់​ទៅកាន់​សមាជិក​រដ្ឋសភា​ដទៃ​ទៀតថា អ្នកស្រី​ចង់ «​បំបាត់​ចម្ងល់​ណាមួយ​» អំពី​ដំណើរការ​ស៊ើបអង្កេត​នេះ​។​
 
​អ្នកស្រី Pelosi បាន​លើកឡើងថា សេចក្ដីសម្រេច​នៃ​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​នឹង «​បញ្ជាក់​ឲ្យ​ឃើញ​ពិតប្រាកដ​អំពី​ការស៊ើបអង្កេត​កំពុង​បន្ត​នៅពេល​បច្ចុប្បន្ននេះ បង្កើត​នូវ​នីតិវិធី​សវនាការ​ដែល​នឹង​បើកចំហ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង បង្ហាញ​នូវ​នីតិវិធី​ដើម្បី​ផ្ទេរ​ភស្តុតាង​ទៅ​ឲ្យ​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា និង​បង្ហាញ​ឲ្យ​បាន​ច្បាស់​នូវ​សិទ្ធិ​នៃ​នីតិវិធី​ត្រឹមត្រូវ​តាមច្បាប់​សម្រាប់​លោក​ប្រធានាធិបតី និង​មេធាវី​របស់លោក​»​។​
 
​គ្មាន​ច្បាប់​ណាមួយ​ដែល​បញ្ជាក់ថា រដ្ឋសភា​ពេញអង្គ​ត្រូវតែ​អនុម័ត​លើ​ការស៊ើបអង្កេត​នេះ​ទេ ហើយ​គ្មាន​ច្បាប់​ណាមួយ​ដែល​អះអាងថា គណបក្ស​ដែលមាន​សំឡេង​ភាគច្រើន​ដែល​គ្រប់គ្រង​រដ្ឋសភា ដែល​នៅពេល​បច្ចុប្បន្ននេះ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​នោះ អាចបង្កើត​លក្ខខណ្ឌ​សម្រាប់​ដំណើរការ​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នោះឡើយ​។​
 
​នៅមុន​ការបោះឆ្នោត​នេះ​ចូល​មកដល់ សវនាការ​ស្ដាប់​សក្ខីកម្ម​អំពី​រឿង​ស៊ើបអង្កេត​នេះ​នៅ​បន្តធ្វើ ដោយនៅ​ថ្ងៃ​អង្គារ​នេះ គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការបរទេស និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​គ្រោង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​វរ​សេនីយ៍​ទោ​យោធា​លោក Alexander Vindman ដែលជា​អ្នក​ស្ថិតនៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com