ជាតិ
ម្ចា​ស់​សណ្ឋាគារ GREAT DUKE ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​បុគ្គលិក​បន្ទាប់ពី​តវ៉ា​អស់​រយៈពេល​មួយ​ព្រឹក​
04, Nov 2019 , 4:07 pm        
រូបភាព
បុគ្គលិកកំពុងតវ៉ាក្នុងបរិវេនខាងក្នុងមុខសណ្ឋាគារGREAT DUKE នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩(រូបភាពពីបុគ្គលិកទទួលកក់បន្ទប់នៅសណ្ឋាគារ GREAT DUKE  )
បុគ្គលិកកំពុងតវ៉ាក្នុងបរិវេនខាងក្នុងមុខសណ្ឋាគារGREAT DUKE នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩(រូបភាពពីបុគ្គលិកទទួលកក់បន្ទប់នៅសណ្ឋាគារ GREAT DUKE )
​បុគ្គលិក​សណ្ឋាគារ ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ (THE GREAT DUKE PHNOM PENH) ប្រមាណ​១០០​នាក់ បាន​តវ៉ា​សុំ​ប្រើ​ឈ្មួ​ល​ប្រចាំ​ខែតុលា និង​ទាមទារ​ឲ្យ​បើកប្រាក់​ឈ្នួល​ទៀងទាត់​សម្រាប់​ពួកគេ​។ នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​បុគ្គលិក​សណ្ឋាគារ​មួយ​នេះ នាំគ្នា​តវ៉ា​ដោយសារ​បញ្ហា​បើកប្រាក់​ឈ្នួល​មិន​ទៀងទាត់​។ បន្ទាប់ពី​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា ម្ចាស់​សណ្ឋាគារ​ព្រម​ពៀង​បើកប្រាក់​ឈ្នួល​នៅ​រសៀល​។

 
 
​មុខ​បរិវេណ​ខាងក្នុង​សណ្ឋាគារ ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ (THE GREAT DUKE PHNOM PENH) នៅ​ថ្ងៃទី​៤​វិច្ឆិកា ឆ្នាំ​២០១៩​នេះ មានការ​ប្រមូលផ្ដុំ​បុគ្គលិក​ជាង​១០០​នាក់ តវ៉ា​ឲ្យ​ម្ចាស់​សណ្ឋាគារ​បើកប្រាក់​ឈ្នួល​ខែតុលា​។ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ បុគ្គលិក​នឹង​ចេញ​តវ៉ា​នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង និង​បន្ត​តវ៉ា​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ នេះ​បើតាម​លោក ទូច កុសល ប្រធាន​សហជីព​កម្មក​រ​និយោជិត​វិស័យ​ទេសចរណ៍​នៅ​សណ្ឋាគារ  ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ ។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៤​វិច្ឆិកា​នេះ លោក ទូច កុសល បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​ទាក់ទង​ទៅ​ក្រសួង​ការងារ កាលពី​ថ្ងៃទី​១ និង​ទី​២​វិច្ឆិកា ហើយ​ក្រសួង​ថា នឹង​ជួយ​ដោះស្រាយ ប៉ុន្តែ​ដល់​ថ្ងៃទី​៤ វិច្ឆិកា នៅតែ​មិនទាន់​ឃើញ​មាន​ដំណោះស្រាយ​ណាមួយ​ឡើយ​។ ដូច្នេះ​ទើប​បុគ្គលិក ប្រមូលផ្តុំ​គ្នា​តវ៉ា​»​។​
 
​ជា​បុគ្គលិក​ផ្នែក​ទទួល​កក់​បន្ទប់​ម្នាក់ នៅ​សណ្ឋាគារ ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាងថា ការបើក​ប្រាក់ខែ​យឺតយ៉ាវ ធ្វើ​ឲ្យ​ពួកគាត់​ជួប​បញ្ហា​ជាច្រើន ដូចជា បញ្ហា​បង់ថ្លៃ​ផ្ទះ ចំណាយ​ប្រចាំថ្ងៃ​ទាំង​ខ្លួនឯង​និង​កូនៗ ព្រមទាំង​បញ្ហា​បង់ប្រាក់​ជំពាក់​ទៅ​ធនាគារ​មិនទាន់​ពេល​កំណត់​។ បុគ្គលិគ​ជាង​១០​ឆ្នាំ ផ្នែក​ទទួល​កក់​បន្ទប់​រូបនេះ​ថា បុគ្គលិក​ទាំងអស់ ស្នើ​ដល់​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​
 
​បន្ទាប់ពី​ការតវ៉ា​ពេលព្រឹក​នោះ នៅ​ម៉ោង​១​រសៀល​នេះ ក្រសួង​ការងារ​បាន​ជួយ​សម្របសម្រួល​ជាមួយ​ម្ចាស់​សណ្ឋាគារ ដោយ​ព្រម​ព្រៀម​ថា បើកប្រាក់​ឈ្នួល​បុគ្គលិក ដែលមាន​ប្រាក់​ឈ្នួល​ចាប់ពី​ជាង​១០០​ទៅ​២០០​ដុល្លារ នៅ​ម៉ោង​២​រសៀល​ក្នុង​ថ្ងៃទី​៤ វិច្ឆិកា​នេះ​។ ចំណែក​បុគ្គលិក ដែលមាន​ប្រាក់​ឈ្នួល​ចាប់ពី​ជាង​៣០០​ទៅ​១០០០​ដុល្លារ បើក​នៅ​ម៉ោង​៤​រសៀល​។ នេះ​ជា​បញ្ជាក់​របស់ លោក ទូច កុសល ប្រធាន​សហជីព​កម្មក​រ​និយោជិត​វិស័យ​ទេសចរណ៍​នៅ​សណ្ឋាគារ  ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ ដោយបាន​សង្កត់ធ្ងន់ថា បញ្ហាយឺតយ៉ាវ​ប្រាក់​ឈ្នួល​នេះ ទាល់តែ​បុគ្គលិក​ធ្វើការ​ស្នើរ​សុំ​ឬ​តវ៉ា ទើប​មាន​ដំណោះស្រាយ ហើយ​ម្ចាស់​សណ្ឋាគារ តែងតែ​សន្យា​នឹង​មាត់ អំឡុងពេល​សម្របសម្រួល​។​
 
​កាលពី​ថ្ងៃទី​៣ កញ្ញា​កន្លងមក ក្រសួង​ការងារ ក៏​ធ្លាប់បាន​ជួយ​សម្របសម្រួល​ការបើក​ប្រាក់ខែ​នេះដែរ ហើយ​ថែមទាំង​ប្រាប់​ដល់​បុគ្គលិក​ថា ពេល​ជួប​រឿង​ប្រាក់​ឈ្នួល​យឺតយ៉ាវ​ត្រូវ​ទាក់ទង​ទៅ​ក្រសួង​កា​ងារ ដើម្បី​ក្រសួង​ដោះស្រាយ​ជា​ម្ចាស់​សណ្ឋាគារ​។ 
 
​សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​និង​ម្ខាង​ទៀត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ ជា​អតីត​សណ្ឋាគារ Intercontinental ។ សណ្ឋាគារ​នេះ បាន​ប្ដូរ​ឈ្មោះ នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៨ ក្រោយពេល​បាន​ផ្លាស់ប្ដូរ​ថៅកែ​។ ប៉ុន្តែ​បុគ្គលិក​សណ្ឋាគារ​នេះ​ភាគច្រើន មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ តាំងពី​នៅ​ជា​សណ្ឋាគារ Intercontinental មកម្ល៉េះ​។ នេះ​បើតាម​លោក ទូច កុសល ដែល​បាន​បន្ថែមថា បុគ្គលិក​សណ្ឋាគារ ដឺ ហ្គ្រេ​ត​ឌ្យូ​ក មាន​ជាង​២០០​នាក់ ៕ 

Tag:
 បុគ្គលិក​តវ៉ា​
  ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com