ជាតិ
សាសនា / ធម៌
សង្ឃប្រកាស​៖ គ្រប់​វត្ត គប្បី​បង្កើត​ការធ្វើ​សមាធិ ដើម្បី​ជួយ​មនុស្ស​គ្រប់​វ័យ ឲ្យ​មាន​សុខភាព​ផ្លូវចិត្ត
17, Dec 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​បញ្ចប់​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៨ មន្ត្រី​សង្ឃ បានចេញ​សង្ឃប្រកាស នៅ​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ ដើម្បី​ឲ្យ​ព្រះសង្ឃ​នៅ​កម្ពុជា អនុវត្ត​សម្រាប់​ឆ្នាំ​២០២០​។ សង្ឃប្រកាស មាន​ព្រះហស្តលេខា​របស់​សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត និង ហត្ថលេខា​របស់លោក ផ្លោក ផន រដ្ឋលេខាធិកា​ក្រសួង​ធម្មការ​និង​សាសនា​។


 
​ក្នុង​សង្ឃប្រកាស មាន​ចំណុច​មួយ បាន​ជំរុញ​ឲ្យ​ព្រះសង្ឃ យកចិត្តទុកដាក់​លើ​ការរៀបចំ​ឲ្យ​មានការ​ធ្វើ​សមាធិ សម្រាប់មនុស្សទូទៅ។ សង្ឃប្រកាស បាន​សរសេរ​ដូច្នេះ​ថា​៖«​ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត និង​សន្តិភាព​សង្គម​ខ្មែរ គណៈសង្ឃ​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ពង្រីក​វិស័យ​វិបស្សនាធុរៈ ឲ្យ​មាន​សកម្មភាព​ខ្លាំងក្លា និង​រស់​រវើក​បន្ថែម​ទៀត នៅ​គ្រប់​សាខា​នៃ​សាលា​វិបស្សនា​ទាំង​២៥​រាជធានី​-​ខេត្ត​»។​
 
​សង្ឃប្រកាស សរសេរ​ទៀតថា​៖«​ការធ្វើ​សមាធិ​អប់រំ​ចិត្ត​តាមរយៈ​សមថកម្មដ្ឋាន និង វិបស្សនា​កម្មដ្ឋាន ជា​វិធី​ដ៏​សំខាន់​ដែល​គួរ​គប្បី​បង្កើត​ឲ្យ​មាន​តាម​វត្ត​អារាម​ទូទាំងប្រទេស សំដៅ​ធ្វើយ៉ាងណា ឲ្យ​មនុស្ស​គ្រប់​វ័យ ទទួលបាន​ចំណេះដឹង និង​ការ​បដិបត្តិ​នេះ​ក្នុង​វិថី​ជីវិត​»​។​
 
​ទន្ទឹមនេះ សង្ឃប្រកាស បាន​ជំរុញ​ឲ្យ​មន្ត្រី​សង្ឃ​គ្រប់​លំដាប់ថ្នាក់ និង​ព្រះសង្ឃ​គ្រប់​អង្គ បន្ត​ចុះ​អប់រំ​សិស្សានុសិស្ស​តាម​សាលារៀន និង​តាម​សហគមន៍ ដើម្បី​លើកកម្ពស់​ចរិយា​ធម៌ សុជីវធម៌ និង សីលធម៌​។ លើសពីនេះ វគ្គ​ខ្លី​នៃ​ការ​បំបួស​កុលបុត្រ​-​កុលធីតា ត្រូវ​បន្តសកម្មភាព​ឲ្យ​ខ្លាំងក្លា​បន្ថែមទៀត​។ 
 
​សង្ឃប្រកាស បន្ថែមថា ព្រះសង្ឃ​គ្រប់​អង្គ ត្រូវ​បន្ត​សាមគ្គី​គ្នា ដើម្បី​រួមចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌ ដូចជា ការជួយ​ដល់​អ្នក​ខ្វះខាត អ្នក​ខ្វះ​ទីពឹង ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ការជួយ​ដល់​មន្ទីរពេទ្យ​ដែលមាន​តម្រូវ​ការចាំបាច់ និង ការជួយ​តាមរយៈ​អង្គការ​មនុស្សធម៌​ផ្សេងៗ​។​
 
​ក្រៅពីនេះ សង្ឃប្រកាស បានស្នើ​ឲ្យ​បន្តធ្វើ​កំណែទម្រង់​វិស័យ​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត ដែលជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​ព្រះពុទ្ធសាសនា​។ សង្ឃប្រកាស បានចែង​ចំ​ណុ​សំខាន់​មួយ​ទៀតថា គណៈសង្ឃ​គ្រប់​ជាន់ថ្នាក់ ត្រូវ​បង្កើន​ការ​រឹតបន្តឹង​ការប្រតិបត្តិ​ធម៌​វិន័យ ទាំង​ក្នុង​ជួរ​មន្ត្រី​សង្ឃ ទាំង​ក្នុង​ជួរ​ភិក្ខុ​សាមណេរ ដើម្បី​ធានា​នូវ​ភាពល្អប្រសើរ​របស់​ព្រះពុទ្ធសាសនា​៕ 

Tag:
 សង្ឃប្រកាស​
  សមាធិ​
© រក្សាសិទ្ធិដោយ thmeythmey.com