អន្តរជាតិ
អត្រាកំណើត​ទារ​កនៅ​ជប៉ុន ធ្លាក់ចុះ​ដល់កំណត់​មិន​ធ្លាប់មាន​ពីមុនមក​
26, Dec 2019 , 8:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ក្រសួង​សុខុមាលភាព​ជប៉ុន នៅ​ថ្ងៃទី ២៤ ខែធ្នូ បាន​បញ្ចេញ​របាយការណ៍​ឲ្យ​ដឹងថា កំណើត​ទារក​បាន​ធ្លាក់ចុះ​ក្នុង​រង្វង់​ប្រមាណ​ជា ៥,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៩ ។ ការណ៍​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការថយចុះ​នៃ​អត្រាកំណើត​ទាប​បំផុត ចាប់តាំងពី​រដ្ឋាភិបាល​ជប៉ុន បានចាប់ផ្តើម​ប្រមូល​ទិន្នន័យ​ទាក់ទង​នឹង​អត្រា​កើត​តាំងពី​ឆ្នាំ ១៨៩៩ មក​។


 
​អត្រាកំណើត នៅក្នុង​ប្រទេស​ជប៉ុន បាន​ធ្លាក់​យ៉ាងគំហុក​។ ពោលគឺ​ចំនួន​ទារក ដែល​បានកើត​ទាំងអស់​មាន​ត្រឹមតែ​ជាង ៨៤​ម៉ឺន​នាក់​តែប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០១៩ ខណៈពេល ឆ្នាំ ២០១៨ មាន​ចំនួន​ជាង ៩១​ម៉ឺន​នាក់​។ បើតាម​ក្រសួង​ទទួលបន្ទុក​ក្នុងការ​ប្រមូល​ទិន្នន័យ អត្រាកំណើត​នេះ គឺជា​ការធ្លាក់ចុះ​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៧៥ ដែល​បណ្តាលមកពី​ស្ត្រី ដែលមាន​អាយុ​ចាប់ពី​២៥​ឆ្នាំ ដល់ ៣៩​ឆ្នាំ គឺមាន​ចំនួន​តិច​។ 
 
​ក្រៅពី​អត្រាកំណើត​ធ្លាក់ចុះ​ខ្ពស់ អត្រា​មរណភាព​របស់​ប្រជាជន​ជប៉ុន ក៏បាន​កើនឡើង​ខ្ពស់ជាង​មុន​ដែរ​។ ជាក់ស្តែង ក្នុង​ឆ្នាំ ២០១៩ ប្រជាជន​ជប៉ុន បានទទួល​មរណភាព​ជាង ៥១​ម៉ឺន​នាក់ ដែល​អត្រា​នេះ​កើន​ខ្ពស់​ជា​លើកទីមួយ លើសពី​ចំនួន ៥០​ម៉ឺន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន សង្ឃឹមថា អត្រាកំណើត​នឹងមាន​១,៨​ភាគរយ ដែលជា​តួលេខ​ដ៏​ពិបាក​មួយ ខណៈពេល​ឆ្នាំ​២០១៨ មាន​ត្រឹមតែ ១,៤​ភាគរយ​តែប៉ុណ្ណោះ​។ ប្រសិនបើ​អត្រាកំណើត​នៅតែ​ធ្លាក់ចុះ ហើយ​អត្រា​មរណភាព​នៅតែ​កើន​ខ្ពស់​បែបនេះ វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ជប៉ុន​ទៅ​ថ្ងៃ​ខាងមុខ​៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com