អាជ្ញាធរចិន នៅថ្ងៃ៥ ខែមករា បានបញ្ជាក់ថា ជំងំរលាកសួតកម្រិតធ្ងន់ ដែលបានកើតឡើងលើមនុស្សចំនួន ៥៩នាក់ នាសប្តាហ៍មុនទីក្រុង Wuhan មិនមែនជាជំងឺឆ្លងផ្លូវដង្ហើមប្រភេទ SARS ដែលបានសម្លាប់មនុស្សជាច្រើននាក់កាលពីឆ្នាំ ២០០៣ នោះឡើយ។
SARS គឺជាជំងឺរលាកសួតកម្រិតធ្ងន់មួយ ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈការក្អក ឬកណ្តាស់។ ប្រសិនបើមាននរណាផ្ទុកជំងឺនេះ អ្នកជំងឺនឹងមានបញ្ហាក្នុងការដកដង្ហើមខ្លាំង និងពេលខ្លះបង្កឲ្យបាត់បង់ជីវិតទៀតផង។ នៅក្នុងឆ្នាំ ២០០៣ ជំងឺរលាកសួតធ្ងន់ធ្ងរ SARS បានបង្កឲ្យប្រជាជនចិន ៣៤៩នាក់ និងប្រជាជនហុងកុង ២៩៩នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
យ៉ាងណាមិញ ជំងឺឆ្លងប្រភេទនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងទីក្រុង Wuhan ចិន នាសប្តាហ៍មុន។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ គណៈកម្មការសុខភាពទីក្រុង Wuhan បានចេញមុខទាត់ចោលថា ជំងឺដែលបានកើតឡើងនៅក្នុងទីក្រុងមួយនេះ មិនមែនជាជំងឺរលាកសួត SARSទេ ហើយក៏មានមិនមែនជាជំងឺផ្តាសាយ, ជំងឺផ្តាសាយបក្សី និងជំងឺផ្លូវដង្ហើមផ្សេងទៀតដែរ។ គណៈកម្មាការដដែលនេះ បានបញ្ជាក់ថា អ្នកជំងឺទាំង ៥៩នាក់ មិនមែនកើតជំងឺរលាកទងសួត SARS ទេ ហើយពេលនេះ អ្នកជំងឺកំពុងនៅក្នុងបន្ទប់ដាច់ដោយឡែក ដើម្បីព្យាបាល។
ក្នុងចំណោមអ្នកជំងឺចំនួន ៥៩នាក់នេះ មានតែមនុស្ស ៧នាក់តែប៉ុណ្ណោះ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែអ្នកទាំងនោះ មិនបានបាត់បង់ជីវិតឡើយ។ ភាគច្រើននៃអ្នកជំងឺ គឺមានសភាពគ្រុនក្តៅ និងពិបាកដកដង្ហើម។ បើតាមការថតកាំរស្មីលើទ្រូង គេឃើញមានដំបៅសួតទាំងសងខាង។
រហូតមកទល់ពេលនេះ អ្នកជំនាញគឺមិនទាន់រកឃើញភស្តុតាងជាក់លាក់ណាមួយ ជុំវិញបញ្ហាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡើយទេ។
ចំណែកអង្គការសុខភាពពិភពលោក នៅថ្ងៃទី៥ ខែមករា ក៏បានវាយតម្លៃថា រោគសញ្ញា ដែលបានកើតឡើងលើមនុស្សចំនួន៥៩នាក់ គឺគ្រាន់តែជាជំងឺផ្លូវដង្ហើម និងរលាកសួតធម្មតា នារដូវត្រជាក់តែប៉ុណ្ណោះ។ បើទោះបីជាមានការសន្និដ្ឋានបែបនេះក្តី ក៏អង្គការមួយនេះ នៅតែទាមទារឲ្យមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០០៣ ប្រជាជនប្រមាណជា ៨០០០នាក់នៅជុំវិញពិភពលោក បានឆ្លងវីរុសរលាកសួត SARS។ ការណ៍នេះ ត្រូវបានគេជឿថា វីរុស SARS គឺកើតចេញពីភាគខាងត្បូងប្រទេសចិន ក្នុងខេត្ត Guangdong។ ទាក់ទងទៅនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក បានរិះគន់ចិនយ៉ាងចាស់ដៃថា ខ្វះការយកចិត្តទុកដាក់លើការទប់ស្កាត់ជំងឺ SARS ៕