ជាតិ
លោក Pierre Gillette, ២៦​ឆ្នាំ​រួម​ដំណើរ​អភិវឌ្ឍ​អាជីព​សារព័ត៌​មាននៅ​កម្ពុជា​!
12, Jan 2020 , 12:04 pm        
រូបភាព

​ដោយ Michelle Vachon

នៅ​ឆ្នាំ​១៩៤៣ ខណៈដែល​សង្គ្រាមលោកលើកទី​២ កំពុង​វាតទី​ពេញ​អឺរ៉ុប លោក Charles Trenet អ្នកចម្រៀង និង​ជាអ្នក​តែង​និពន្ធ​បារាំង បាន​សរសេរ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «Douce France» ឬ បារាំង​ដ៏​រួសរាយ​។ បទ​ចម្រៀង​បង្ហាញ​ពី​អត្ថន័យ​នៃ​សន្តិភាព​តាម​បណ្តា​មូលដ្ឋាន ដែល​កុមារ​រត់​ដោយ​រីករាយ និង​សេរី ខណៈ​មនុស្ស​លើ​ពិភពលោក នៅតែ​មានជំនឿថា សន្តិភាព​នឹង​វិលត្រឡប់​មកវិញ​។



សូមអានអត្ថបទជាភាសាអង់គ្លេសនៅ Cambodianess.com (Pierre Gillette — For the Sake of Journalism, and for Cambodia)
 
​ភូមិ​ដ៏​ស្ងាត់ជ្រងំ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មួយ គឺ​ជាទី​ចម្រើន​វ័យ​របស់​អ្នកកាសែត​បារាំង លោក Pierre Gillette នា​ក្រោយ​សង្គ្រាម​។ លោក​បានកើត​ចេញពី​គ្រួសារ​ដែលមាន​ឪពុក​ជា​អ្នក​បម្រើការ​នៅ​កសិដ្ឋាន រីឯ​ម្តាយ​ធ្វើការ​នៅ​រោងចក្រ​ផ្គត់ផ្គង់​ចំណីអាហារ​មូលដ្ឋាន​។​


លោក Pierre Gillette ពេលចុះយកព័ត៌មានផ្ទាល់

ជា​ភូមិ​ដ៏​ចាស់​មួយ ប៉ុន្តែ​តំបន់​ទាំង​មូល​ត្រូវបាន​សាងសង់​ថ្មី នៅក្រោយ​សង្គ្រាមលោកលើកទី​២ ព្រោះ Normandy ត្រូវបាន​បំផ្លាញ​នា​អំឡុង​ការវាយប្រហារ​រវាង​ក​ង​ទ័ព​សម្ព័ន្ធមិត្ត និង​កងទ័ព​ណា​ស៊ី​-​អាល្លឺម៉ង់ នា​ពាក់កណ្តាល​ឆ្នាំ​១៩៤០​។ Caen ដែលជា​ក្រុង​កំពុងផែ ដែល Pierre ទៅ​សិក្សា ក៏​ត្រូវបាន​ស្ថាបនា​ទាំងមូល​ឡើងវិញ​ផងដែរ​នៅក្រោយ​សង្គ្រាម​។​
 
​ពិតណាស់ Pierre ហាក់ដូចជា​ស៊ាំ​ទៅហើយ​ជាមួយនឹង​ជីវិត​រស់នៅ​ក្រោយ​សង្គ្រាម នៅពេលដែល​គាត់​មកកាន់​កម្ពុ​ជានា​អំឡុង​ឆ្នាំ​១៩៩០​។ បណ្តា​ភូមិ​ឃុំ ត្រូវ​រៀបចំ​ឡើងវិញ ក្រោយ​ជម្លោះ និង​អំពើ​ប្រល័យពូជសាសន៍​។ ពេល​លោក​មកដល់ ទាហាន​មួយចំនួន​ក៏​នៅតែ​បន្ត​កាន់​អាវុធ​តទល់​គ្នា​នៅឡើយ​។​
 
នា​រយៈពេល​ប្រមាណ​១២​ឆ្នាំ លោក Pierre Gillette ជា​និពន្ធ​នាយក​សារព័ត៌មាន​ប្រចាំ​ថ្ងៃជា​ភាសា​បារាំង Cambodge Soir​។ 
 
​លោក​បាន​រៀបរាប់ថា​៖ «​យើង​ធ្វើការ​ក្នុង​ការិយាល័យ​និពន្ធ​ដែលមាន​ក្រុមការងារ​ជា​ជនជាតិ​បារាំង និង​កម្ពុជា ពី​ព្រោះនេះ​មិនមែនជា​កាសែត​សម្រាប់តែ​អ្នកកាសែត​បារាំង​នៅ​កម្ពុជា ឬក៏​សម្រាប់​អ្នកយក​ក​ព័ត៌មាន​បារាំង​ដែល​សរសេរ​ពី​បារាំង​នៅ​ទឹកដី​កម្ពុជា​ឡើយ តែ​នេះ​ជា​កាសែត​ខ្មែរ ដែល​សរសេរ​ជា​ភាសា​បារាំង​»​។​

«​យើង​ធ្វើការ​ជា​ក្រុម​ដែលមាន​ពីរ​នាក់ ដោយ​ម្នាក់​ជា​អ្នកកាសែត​ខ្មែរ និង​ម្នាក់ទៀត​ជា​អ្នកកាសែត​បារាំង​។ ដោយសារ​ជាការ​ចាប់ផ្តើម ដូច្នេះ​គ្មាន​ឡើយ​ភាពងាយស្រួល​នាពេល​ដំបូង​។ យើង​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ពង្រឹងគុណភាព​ក្រុម ហើយ​ក្រោយមក យើង​អាច​ធ្វើបាន​»​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​។​
 
​អាជីព​ជា​អ្នកកាសែត​ដោយ​ចៃដន្យ​
 
​ក្រោយ​ចប់​មធ្យមសិក្សា លោក Pierre បាន​សិក្សា​ជំនាញ​ប្រវត្តិវិទ្យា​នៅ​សាកលវិទ្យាល័យ ប៉ុន្តែ​ក្នុងស្ថានភាព​មិន​ច្បាស់ការ​។ ឈានដល់​អាយុ​១៦​ឆ្នាំ​ទៅហើយ លោក​ក៏​នៅតែ​មិនទាន់​កំណត់​គោលដៅ​ជីវិត​ខ្លួនឯងបាន​ទៀត​។ ក្រោយមក លោក​បាន​ច្បាប់​ផ្តើម​ការងារ​នៅក្នុង​ស្ថានីយ​វិទ្យុ​។​


Pierre ជាមួយអតីតសហការី​របស់លោកដែលបច្ចុប្បន្ន​គ្រប់គ្រងនៅសារព័ត៌មានថ្មីៗ រួមមាន លោក គី សុខលីម លោក លាង ដឺលុច ចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា

នា​អំឡុង​ឆ្នាំ​១៩៨០ ស្ថានីយ​វិទ្យុ​សហគមន៍ បានចាប់ផ្តើម​ផុសផុល​នៅ​បារាំង ដោយ​វិទ្យុ​ខ្លះ ចាប់ផ្តើម​ផ្តោតលើ​ព័ត៌មាន​ថ្នាក់​តំបន់ ហើយ​ខ្លះទៀត​មានតែ​កម្មវិធី​តន្ត្រី​សុទ្ធសាធ​។  ដំបូង​ឡើយ Pierre ទទួលបន្ទុក​ព័ត៌មាន​សិល្បៈ និង​វប្បធម៌​សម្រាប់​វិទ្យុ ជាពិសេស​របាំ​សហ​សម័យ ល្ខោន និង​កំណាព្យ ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ផ្តើម​ពី​ចំណុច​នេះហើយ ដែល​ខ្ញុំ​ចាប់​ប្រឡូក​ដ៏​រីករាយ​ក្នុង​ជំនាញ​សារព័ត៌មាន​។ ខ្ញុំ​មើលឃើញថា អាជីព​នេះ អនុញ្ញាត​ឲ្យ​យើង​មាន​ទំនាក់ទំនង​គ្នា ជាមួយ​អ្នក​ដែល​បង្កើត​ព្រឹត្តិការណ៍ ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ និង​អ្វីៗ​ផ្សេងទៀត​»​។​
 
«​អ្នក​បាន​ជួប​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់ផ្នែក ហើយ​ក៏បាន​រៀនសូត្រ​ច្រើន​ដែរ​។ និយាយ​រួម អាជីព​នេះ ដូចជា​អ្នកបើក​ទ្វារ​ចំហរ​ក្នុង​ដំណើរ​ទៅគ្រប់​ទិសដៅ​»​។ លោក Pierre បាន​អះអាង​យ៉ាង​ដូច្នេះ ដោយ​គ្រាន់តែ​ផ្តល់យោបល់​ថា​៖ «​តែ​ដំបូង យើង​ត្រូវតែ​យកចិត្តទុកដាក់​ស្តាប់ ដែល​នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់បំផុត​»​។​


កាលពីសម្តេចព្រះវររាជបិតា នៅមានព្រះជន្ម ព្រះអង្គនិយមអានកាសែត Cambodge Soir ហើយ Pierre តែងតែមានឱកាស​ចូលថ្វាយបង្គំគាល់ព្រះអង្គជារៀងរាល់ឆ្នាំ

ទសវត្សរ៍​១៩៨០ ស្ថានីយ​វិទ្យុ​ក៏​កាន់តែ​វិ​វត្ត​ខ្លួន​ផងដែរ តាមរយៈ​ការពង្រីក​ការិយាល័យ និង​ការអនុវត្ត​កិច្ចការ​អាជីវកម្ម​នានា​។ ស្ថានភាព​ដ៏​លំបាក​ក្នុងការ​ផ្លាស់ប្តូរ បានធ្វើ​ឲ្យ​វិទ្យុ​ខ្លះ ជួប​វិ​ប​ត្ត​ហិរញ្ញវត្ថុ និង​ត្រូវ​កាត់បន្ថយ​បុគ្គលិក​។ ពេលនោះ​ហើយ ដែល Pierre ត្រូវ​ទាត់​ខ្យល់ ដូច​គេ​ដូច​ឯង​ផងដែរ​។​
 
​ទោះ​គ្មាន​គម្រោង​អនាគត​ច្បាស់លាស់ Pierre ក៏​មិន​ចង់​ចំណាយពេល​ឥតប្រយោជន៍​នោះដែរ​។ គាត់​ផ្តើម​ផ្សេង​ព្រេង​ទៅកាន់​អាហ្វ្រិក និង​អាស៊ី​-​អាគេ្នយ៍​។ គាត់​ដឹង​ខ្លួនឯង​ច្បាស់​ថា គាត់​ពិតជា​ចង់​រស់នៅ​ក្រៅ​តំបន់​អឺរ៉ុប​។ ក្រោយមក លោក Sebastien Drans និង​មិត្ត​ភ​ក្ត្រិ​ផ្សេងទៀត បានរួម​គ្នា​បង្កើត​ភ្នាក់ងារ​ព័ត៌មាន​មួយ​នៅ​ភ្នំពេញ ហើយ Pierre ក៏បាន​ចូលរួម​ភ្លាមៗ​ជាមួយ​ពួកគេ​។​
 
​រាយការណ៍​ព័ត៌មាន​ពី​ជម្លោះ​ប្រដាប់អាវុធ​
 
​មកដល់​កម្ពុជា​នៅ​ឆ្នាំ​១៩៩៤ អត្ថបទ​ដំបូង​របស់ Pierre គឺ​ការ​ផ្តោតលើ​ព្រឹត្តិការណ៍​នៅ​ខែកក្កដា នា​អំឡុង​ឆ្នាំ​ដដែល​នោះ ពោលគឺ​ការចាប់​ជម្រិត​ជនបរទេស​បីនាក់ ក្នុងនោះ​អង់គ្លេស​ម្នាក់ បារាំង​ម្នាក់ និង​អូស្ត្រាលី​ម្នាក់ ក្រោម​ក្រុម​ទាហាន​ខ្មែរក្រហម​។ 
 
​ជនរងគ្រោះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្តកំពត​ក្នុង​ដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។ ទាហាន​ខ្មែរក្រហម​ទាំងនោះ បាន​រំលោភបំពាន​លើ​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស ដែល​ពួកគេ​បាន​ចូលរួម​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩១ ហើយ​បន្ត​បង្កចលាចល​នៅ​តំបន់​ជាច្រើន​ក្នុង​ផ្ទៃ​ប្រទេស​។​
 
​កងទ័ព​ខ្មែរក្រហម បានសម្លាប់​ពលរដ្ឋ​ខ្មែរ​១៣​នាក់​នា​អំឡុង​នៃ​ការវាយប្រហារ​តាម​រថភ្លើង និង​ចាប់​ចំណាប់ខ្មាំង​បរទេស​៣​នាក់​នោះ​។ Pierre បាន​ទៅតាម​លោក Jean-Claude Braquet ដែលជា​ឪពុក​របស់​ចំណាប់ខ្មាំង​ឈ្មោះ Jean-Michel Bracket ដែល​មកកាន់​កម្ពុជា និង​ព្យាយាម​ឲ្យ​មានការ​ដោះលែង​កូន​ខ្លួន​។
 
រូបថតអនុស្សាវរីយ៍របស់ Pierre ជាមួយអតីតសហការីនៅ Cambodge Soir

ខណៈដែល​បណ្តា​សារព័ត៌​មាននៅ​បារាំង​ចង់បាន​សម្រង់​សំដី​ពី​លោក​នោះ Pierre មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជាមួយ​ឪពុក​ជនរងគ្រោះ ប៉ុន្តែ​លោក​បាន​ធានាថា នឹងមិន​កេងចំណេញ​លើ​ភាព​សោកសៅ​របស់គាត់​នោះឡើយ​។ 
 
​ទោះបី​ជាមាន​កិច្ចប្រឹងប្រែង​ចរចា​យ៉ាងណាក៏ដោយ ក៏​ចំណាប់ខ្មាំង​ទាំងបី​រូប​នៅតែ​ត្រូវបាន​ក្រុមខ្មែរក្រហម​ប្រហារជីវិត កាលពី​ខែកញ្ញា ឆ្នាំ​១៩៩៤​។ 
 
Cambodge Soir និង​មរតក​
Pierre វិលត្រឡប់​ទៅកាន់​បារាំង​វិញ កាលពី​ខែវិច្ឆិកា ឆ្នាំ​១៩៩៤ ហើយ​ប៉ុន្មាន​ខែក្រោយ​មក ក៏បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុងការ​ចាប់ផ្តើម​ចេញផ្សាយ​សារព័ត៌មាន​ប្រចាំ​ថ្ងៃជា​ភាសា​បារាំង Cambodge Soir​។ លោក​បាន​កាន់តំណែង​ជា​និពន្ធ​នាយ​កនៅ​ឆ្នាំ​១៩៩៥ ហើយ​បន្តការងារ​រហូតដល់​ពេល​លោក​លាលែង​ពី​តំណែង​នៅ​ខែមករា ឆ្នាំ​២០០៧​។​
 
Cambodge Soir បាន​ក្លាយជា​កាសែត​ប្រចាំ​សប្តាហ៍ នា​អំឡុង​ខែតុលា ឆ្នាំ​២០០៧ ហើយ​បាន​បិទទ្វារ​នៅ​ខែកញ្ញា ឆ្នាំ​២០១០​។ 
 
​លោក​ពន្យល់ថា Cambodge Soir ផ្តោតលើ​ព្រឹ​ត្ត​ការណ៍​កម្ពុជា ដោយ​មិនមែន​តែ​លើ​សហគមន៍​បារាំង ឬ​អំពី​គោលនយោបាយ ទស្សនវិស័យ​របស់​បារាំង​នោះឡើយ​។ កាសែត​មាន​ក្រមសីលធម៌​ខ្ពស់​លើ​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​អ្នកកាសែត​រាយការណ៍​តែ​អ្វី​ដែលជា​ការពិត​។​
 
«​អ្នកកាសែត​ខ្មែរ​ភាគច្រើន​ដែល​ធ្លាប់​បម្រើការ​នៅ Cambodge Soir នៅតែ​បន្ត​អាជីព​សារព័ត៌មាន​រហូតដល់​សព្វថ្ងៃនេះ​។ នេះ​មានន័យថា Cambodge Soir បើកទ្វារ​សម្រាប់​ពួកគេ និង​នាំ​ឲ្យ​ពួកគេ​ចង់តែ​បន្ត​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​»​។  លោក​បាន​បន្ថែមថា​៖ «​ការងារ​ដែល​យើង​បានធ្វើ​រួមគ្នា នៅមាន​រឿង​ខ្លះ​នៅតែ​បន្ត​... នេះហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​»​។​
 
រូបថតអនុស្សាវរីយ៍របស់ Pierre ជាមួយអតីតសហការីនៅ Cambodge Soir

អតីត​អ្នកកាសែត Cambodge Soir មួយចំនួន​ដូចជា​លោក គី សុខ​លីម លោក លាង ដឺ​លុច ជាដើម​នោះ បាននាំគ្នា​ទៅ​បង្កើត​សារព័ត៌មាន ThmeyThmey ហើយ​បន្ត​គ្រប់គ្រង​ស្ថាប័ន​អន​ឡាញ​នោះ និង​ឈានដល់​ផលិត​ព័ត៌មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។ Pierre នៅតែ​បន្ត​គាំទ្រ​អតីត​សហការី​ខ្លួន តាមរយៈ​គំនិត និង​ការចូលរួម​ធ្វើជា​គ្រូ​ឧទ្ទិស​វគ្គ​បណ្តុះបណ្តាល​សារព័ត៌មាន​នៅពេលដែល​ពួកគេ​ត្រូវការ​។​
 
​អ្នក​ថតរូប​សារព័ត៌មាន​ជាច្រើន​ដែល​ចាប់ផ្តើម​ការងារ​នៅ Cambodge Soir នៅតែ​បន្ត​អាជីព​របស់ខ្លួន ដូចជា​លោក ម៉ក់ រ៉េមី​ស្សា ដែល​បច្ចុប្បន្ន បម្រើការ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អឺរ៉ុប European Pressphoto Agency (EPA) ជាដើម​។​
 
​ប្រឹក្សា​សៀវភៅ​ជីវប្រវត្តិ​
​នៅ​ឆ្នាំ​២០១៥ Pierre បានក្លាយ​ជា​សហ​-​អ្នកនិពន្ធ​ជាមួយ​លោក ហៃ លី​អ៊ាង សម្រាប់​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «​ចក​រសាត់​កាត់​ព្យុះ​កម្ពុជា​»​។ សៀវភៅ​នេះ រៀបរាប់​ពីបទ​ពិសោធន៍​របស់លោក​ក្នុងនាម​ជា​សហគ្រិន​ម្នាក់​នៅ​កម្ពុជា ហើយ​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​ភាសា​បារាំង អង់គ្លេស និង​ខ្មែរ ដោយ​គ្រឹះស្ថាន​ស៊ី​ប៉ា​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​លោក លី​អ៊ាង បាន​ខិតខំ​ប្រឹងប្រែង​រហូត​នាំ​ឲ្យ​ចម្ការ​ម្រេច​ក្រុមហ៊ុន​ខន​ហ្វី​រេល​របស់លោក​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO)​និង​បទដ្ឋាន​របស់​អាមេរិក​(NOP)​។ លោក​ក៏​ជា​ស្ថាបនិក​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម ដែល​ដំណើរការ​នៅ​ភ្នំពេញ​តាំងពី​ឆ្នាំ​២០០៤​ផងដែរ​។​
 
​ជីវិត​ដ៏​មមាញឹក​លើទឹក​ដី​ដ៏​ពិសេស​
​មក​ចូលរួម​ជាមួយ​មិត្ត​ភ័ក្ត្រ​លើ​ដំណើរការ​ភ្នាក់ងារ​សារព័ត៌​មាននៅ​ដើម​ទសវត្សរ៍​៩០ លោក Pierre បន្ត​រស់នៅ​កម្ពុជា​រៀង​រហូតមក​។ «​មិនមែនជា​ប្រទេស​ដើម្បី​តែ​ជ្រកកោន​នោះឡើយ​។ នេះ​ជា​ប្រទេស​នៃ​ការភ្ជាប់​ទំនាក់ទំនង ទីមួយ​ខ្ញុំ​មាន​មិត្ត​ខ្មែរ​ជាច្រើន និង​មួយទៀត ដោយសារតែ​ពេលវេលា​ល្អៗ​...»​។ លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​។​
 
​រីករាយ​វត្តមាន​២៦​ឆ្នាំ​នៅ​កម្ពុជា​របស់លោក Pierre Gillette !

ប្រែសម្រួលដោយ៖ រួបរួម

© រក្សាសិទ្ធិដោយ thmeythmey.com