អន្តរជាតិ
កម្មវិធី​ទូរ​សព្ទ Lenali ជួយ​ដោះស្រាយ​ភាពមិន​ចេះអក្សរ និង​បង្កើន​អាជីវកម្ម​ក្នុងស្រុក​នៅ​ប្រទេស​ម៉ាលី​
27, Jan 2020 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វ៉ាស៊ីនតោន ៖ អ្នកស្រី Ada Tembeli ស្ថិតក្នុង​ចំណោម​សហគ្រិន​មួយចំនួន ដែល​មិនបាន​រៀនសូត្រ​ក្នុង​សាលា ប៉ុន្តែ​បាន​រកឃើញ​វិធី​ថ្មី និង​ងាយស្រួល​ជាង​មុន​មួយ​នៅក្នុង​ការធ្វើ​អាជីវកម្ម ដោយ​ប្រើ​កម្មវិធី​លើ​ទូរ​សព្ទ​ដៃ​។​

 
​អ្នកស្រី Tembeli ដែលជា​អ្នកលក់​ផ្លែឈើ​តាមផ្លូវ​សាធារណៈ បញ្ជាក់​ដូច្នេះ​ថា​៖ «​នេះ​គឺជា​ផ្លែឈើ​ដ៏​គួរ​ឲ្យ​ចង់​ញ៉ាំ​។ ខ្ញុំ​មាន​លក់​ក្រូច ប៉ោម ចេក ម្នាស់​។ ថ្ងៃនេះ ខ្ញុំ​មាន​លក់​ផ្លែឈើ​ស្ទើរតែ​គ្រប់មុខ​ទាំងអស់​ដែល​អ្នកត្រូវការ​។ ដើម្បី​រក​កន្លែង​ខ្ញុំ​លក់ សូម​ធ្វើដំណើរ​ទៅដល់​ស្ពាន​ទី ៣ អ្នកនឹង​ឃើញ​ខ្ញុំ​ហើយ​»​។​
 
​អ្នកស្រី​បាន​ប្រើ​ទូរ​សព្ទ smart phone ដើម្បី​ទាក់ទាញ​អតិថិជន ដោយបាន​ផ្ញើ​សារ​ជា​សំឡេង​ជា​ភាសា Bambara បញ្ជាក់ប្រាប់​អំពី​ទីតាំង​នៃ​កន្លែង​លក់ដូរ​របស់​អ្នកស្រី ក៏ដូចជា​រូបថត​នៃ​ផ្លែឈើ​ដែល​អ្នកស្រី​មាន​លក់​។​
 
​អ្នកស្រី​ថា កម្មវិធី​ទូ​សព្ទ​Lenali នេះ គឺ​ងាយស្រួល​ប្រើ​សម្រាប់​អ្នកប្រើប្រាស់​ដូចជា​អ្នកស្រី​ជាដើម ដែល​មិនចេះ​ភាសា​បារាំង ដែលជា​ភាសា​ដែល​គេ​ប្រើ​នៅក្នុង​ការទំនាក់ទំនង​អាជីវកម្ម​នៅ​តំបន់​និយាយ​ភាសា​បារាំង​នៃ​ទ្វីបអាហ្វ្រិក​។​
 
​អ្នកស្រី Tembeli បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​ដំឡើង​កម្មវិធី នេះ​ដោយ​ខ្លួនឯង ដោយសារតែ​វា​មាន​ជា​ភាសា Bambara ភាសា Soninke និង​ស្ទើរតែ​គ្រប់​ភាសា​ទាំងអស់​»​។​
 
​លោក Mamadou Gouro Sidibe ដែលជា​អ្នកបង្កើត​កម្មវិធី app នេះ​ឡើង គឺជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​មកពី​ប្រទេស​ម៉ាលី​។ លោក​និយាយថា លោក​ជួយ​អ្នក​ដែល​មិនចេះ​អាន ឬក៏​មិនចេះ​សរសេរ​អក្សរ ក៏ដូចជា​ចង់​ជួយ​អ្នក​ដែល​ចង់​ចែករំលែក​ព័ត៌មាន​ជា​ភាសា​បារាំង ប៉ុន្តែ​មិនចេះ​ភាសា​បារាំង​ផងដែរ​។​
 
​លោក Sidibe លើកឡើង​ដូច្នេះ​ថា​៖ «​មនុស្ស​ជាច្រើន​ឲ្យ​គេ​ដំឡើង​កម្មវិធី​នានា​ឲ្យ ដោយសារតែ​ពួកគេ​មិនអាច​ធ្វើ​ដោយ​ខ្លួនឯងបាន​។ ដោយសារតែ​បញ្ហា​នេះហើយ បានជា​យើង​បង្កើត​ការណែនាំ​ជា​សំឡេង​ជា​ភាសា​ក្នុងស្រុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​យល់​អំពី​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​»​។​
 
​លោក Sidibe និយាយថា រឿង​សាមញ្ញៗ​មួយចំនួន​ដូចជា​ការបង្កើត​ទំព័រ​អំពី​ប្រវត្តិ​ត្រួសៗ​ជាដើម អាច​ជាការ​ប្រឈម​សម្រាប់​មនុស្ស​មួយចំនួន​។​
 
​លោក Sidibe ថ្លែង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​អ្នកចេះ​សរសេរ​អក្សរ អ្នក​អាច​សរសេរ​បាន ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនចេះ​វិញ អ្នក​អាច​និយាយ​ថត​សំឡេង​ដាក់​កម្មវិធី​នេះ​បាន​។ បន្ទាប់មក អ្នក​អាច​បង្ហោះ​សំឡេង​នោះ​លើ​គណនី​របស់​អ្នក​នៃ​កម្មវិធី​នេះ និង​អាច​បញ្ចេញមតិ​ជា​សំឡេង​បាន​ផងដែរ​។ អ្នក​អាចធ្វើ​អ្វីៗ​បាន​ច្រើន​តាម​កម្មវិធី​នេះ ដោយ​មិនចាំបាច់​ត្រូវ​សរសេរ​អក្សរ​នោះទេ​»​។​
 
​មុនពេល​មានកម្ម​វិធី​នេះ ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ភាគច្រើន​នៅក្នុង​ប្រទេស​ម៉ាលី​ពឹង​ផ្អែកលើ​មិត្តភក្ដិ ក្រុមគ្រួសារ និង​ការនិយាយ​តៗ​គ្នា ដើម្បី​អាច​បន្ត​អាជីវកម្ម​ទៅមុខ​បាន​។​
 
​សម្រាប់​លោក Boubacar Sidiki Koita ដែលជា​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ទីក្រុង Bamako កម្មវិធី​នេះ​បាន​ជួយ​លោក​ច្រើន​។​
 
​លោក Koita បញ្ជាក់​ដូច្នេះ​ថា​៖ «​តាំងពី​ពេលដែល​ខ្ញុំ​ប្រើ​កម្មវិធី Lenali នេះ​មក អតិថិជន​បាន​កើនឡើង​។ ឥឡូវនេះ ខ្ញុំ​អាច​លក់​ម៉ូតូ​បាន ២០ គ្រឿងក្នុង​មួយថ្ងៃ ប៉ុន្តែ​កាលពីមុន ខ្ញុំ​អាច​លក់​បានតែ ៥ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​»​។​
 
​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ម៉ាលី​តែមួយ​ភាគបី​ប៉ុណ្ណោះ​ដែល​ចេះអក្សរ​។ លោក Sidibe ថា កម្មវិធី ដែល​មិន​គិតលុយ​នេះ មាន​តាំងពី​ខែមករា ឆ្នាំ ២០១៧ មក​។ កម្មវិធី នេះ​មាន​អ្នកប្រើប្រាស់​ជាង ៧ ម៉ឺន ៣ ពាន់​នាក់ និង​ត្រូវគេ​រំពឹងថា​នឹង​អាច​រកចំណូលបាន នៅពេលដែល​អ្នកប្រើប្រាស់​កើន​ដល់ ២ សែន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com