ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
បទ​យកការណ៍៖ នារីៗស្លៀក​ខ្លី ចង់ស៊ី​អារម្មណ៍បុរសៗមែនឬ?
12, Oct 2015 , 10:00 pm        
រូបភាព
ដោយ:
ដៃ​ម្ខាង​បិទ​លើ ដៃ​ម្ខាង​បិទ​ក្រោម! សំពត់​ខ្លី អាវ​ស្តើង កវាល ខោ​ខូវប៊យ​រឹប​រៀង គូថ​ខ្លី មានការ​ពេញនិយម​បំផុត​សម្រាប់​យុវតី​ជំនាន់​ថ្មី​មួយចំនួន មិន​ថា​ពេល​ធម្មតា និងការដើរ​កំសាន្ត ឬ​ទៅ​សាលារៀន​នោះទេ ភាគច្រើន​តែង​បញ្ចេញ​សាច់​សខ្ចី​ជានិច្ច។ ទង្វើ​បែបនេះ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្នុងសម័យ​ដ៏​ទំនើប​នេះ ហៅថា ជា​ទង្វើ «ស៊ី​អារម្មណ៍»។


គេ​សង្កេតឃើញថា ចំណង់​ចំណូលចិត្ត​ក្នុងការ​ស្លៀកពាក់​ខ្លី  តុបតែង​ខ្លួនប្លែកៗរបស់​យុវតី​កម្ពុជា​មួយចំនួន​គឺ​ចម្លង​តាម​តួកុន ឬ​តារាចម្រៀង​បរទេស​ដូចជា កូរ៉េ និង​ថៃ​ជាដើម។ មែនទែនទៅ​ការ​ស្លៀកខោ​រឹប​គូថ​ខ្លី អាវវាលៗ បញ្ចេញ​សាច់​ដើមទ្រូង ជិះ​ម៉ូតូ​ច្រក​គៀវ ឌុប​គ្នា ដើរ​កំសាន្ត​តាម​ដងផ្លូវ តែងតែ​បង្ហាញ​នូវ​ភាព​ទាក់ទាញ ជាពិសេស​ពី​សំណាក់​ពួកប្រុសៗ ។

សិស្ស និស្សិត​ស្រី មួយចំនួនទៀត ស្លៀកសំពត់​ពាក់កណ្តាល​ភ្លៅ អាវស្តើងៗ អ្នកខ្លះ លាប​ក្រែ​ម ផាត់ម្សៅ ទៅ​សាលារៀន ក៏មាន។ រីឯ​អ្នក​ខ្លះទៀត​ក៏ត្រូវ​បង្ខំចិត្ត​ឲ្យ​ស្លៀក​ខ្លី​ផងដែរ ដោយសារតែ​កន្លែង​ដែល​ពួកគេ​ធ្វើការ​បាន​តម្រូវ។

ជួន​ជិះឡាន ជួន​ជិះ​ម៉ូតូ​កំសាន្ត​តាម​សួនច្បារ​មាន់​ទន្លេ​ក្នុង​រាជធានី រាង​តូច​ល្អិត​បន្តិច តែ​សាច់​សក្បុស កញ្ញា បញ្ញា​រ័ត្ន ជា​អ្នក​ចូលចិត្ត​លេង​ម៉ូត​សម្លៀកបំពាក់​បំផុត បាន​លើកឡើងថា៖ «ពេល​ស្លៀក​វែង​ខ្ញុំ​ជិះឡាន តែ​ពេល​ស្លៀកខ្លីៗ ខ្ញុំ​ជិះ​ម៉ូតូ ព្រោះ​បើ​ខំ​ស្លៀក​ខ្លី​ហើយ លាក់ខ្លួន​ក្នុង​ឡាន​ដដែល​គ្មាន​ន័យ​អី​ទេ។ មិនបាន បង្អួត​សាច់​ទេ...»។

ចំណែកឯ យុវតី ភក្ត្រា ឯណោះ​វិញ តែង​ពាក់អាវ​វាល​ដៃតូចៗ និង​ស្លៀកខោ​ខូវប៊យ​គូថ​ខ្លី បញ្ចេញ សាច់​ភ្លៅ សរ​លោង ជិះ​ម៉ូតូ​កំសាន្ត​តាម​សួនច្បារ​រៀងរាល់​ល្ងាច​ផងដែរ​នោះ កញ្ញា​វ័យ១៩ឆ្នាំ​រូបនេះ និយាយថា៖«ស្លៀក​អីចឹង វា​ហើយ​ស្រួល មិនសូវ​ក្តៅ។ ណាមួយ​ឃើញ​តារាចម្រៀង​កូរ៉េ គេ​ស្លៀក សម​ណាស់ ខ្ញុំ​ចង់​ធ្វើ​ដូច​គេ​ដែរ។ បុរសៗដែល​ជិះ​ម៉ូតូ​ក្បែរ​ខ្ញុំ តែង​សម្លឹង​មិន​ដាក់​ភ្នែក​ទេ»។

ជា​និស្សិត​ឆ្នាំ​ទី២ ចូលចិត្ត​ស្លៀកសំពត់​ខ្លី​បញ្ចេញ​សាច់​ភ្លៅ ពាក់អាវ​រឹប​រាង ទៅ​សាលារៀន​ជាប្រចាំ កញ្ញា ឆដា ប្រាប់​ឲ្យ​ដឹងថា ៖«សាច់​យើង​ស្អាត​អួត​គេ​ខ្លះទៅ បើ​មិន​ស្លៀក​អីចឹង ច្បាស់​ជា​ចាញ់​គេ​ជា​មិន ខាន។ ស្រីៗរៀន​សាលា​ខ្ញុំ​ចូលចិត្ត​បង្អួត​សម្រស់​គ្នា​ណាស់»។ កញ្ញា សា​ច់ស សក់​ពណ៌​ទង់ដែង រូប នេះ បន្ថែមទៀតថា៖«ធ្វើ​ឲ្យបុរសៗឈ្លក់​វង្វេង​បន្តិច​ក៏​មិន​អី​ដែរ ធ្វើ​ម៉េច​កើតមក​ស្អាត...»។

ជា​មិត្ត​រៀន​នៅ​សាកលវិទ្យាល័យ​ជាមួយ​កញ្ញា ឆដា ដែរនោះ យុវតី​វ័យ២១ឆ្នាំ ពាក់អាវ​ស ដៃខ្លី​រាង ស្តើង​បន្តិច ជាមួយ​សំពត់​ខ្លី​លើ​ជង្គង់ ទៅ​រៀន​ជាប្រចាំ កញ្ញា ដា ណា ជា​អ្នក​ចូលចិត្ត​ស្លៀកពាក់​យក ស្តាយ​តាម​និស្សិត​ថៃ បាន​ប្រាប់​ឲ្យ​ដឹងថា៖«វា​មិន​ហួសហេតុ​ទេ និស្សិត​ស្រុក​គេ​ក៏​ស្លៀក​អីចឹង​ដែរ។ ណាមួយ មិត្តប្រុសៗដែល​រៀន​ជាមួយគ្នា តែង​ស​សើ​រថា​ស្អាត ស៊ិ​ច​ស៊ី សម្លឹង​មិន​ដាក់​ភ្នែក​ទេ»។

ចំណែកឯ កញ្ញា ណា រី ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​រដ្ឋ ឯណោះ​វិញ ក្រៅពី​ស្លៀក​ឯកសណ្ឋាន​រាង ខើច​បន្តិច តែង​ផាត់ម្សៅស្តើងៗ លាប​ក្រែ​មព្រឿងៗ មាន​គូស​ចិញ្ចើម​ផងដែរ​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា ការតុបតែង​បែបនេះ វា​បាន​ក្លាយជា​ទម្លាប់​ទៅហើយ សម្រាប់​និស្សិតស្រីៗសម័យ​បច្ចុប្បន្ន។ មិន​ដូច្នេះ ទេ ច្បាស់​ជា​គ្មាន​បុរស​ណា​ចាប់អារម្មណ៍​នោះឡើយ។

ចំណែកឯ​យុវតី​មួយចំនួនទៀត មិនមែន​ស្លៀកពាក់ខ្លីៗ ដោយ​ចិត្ត​ឯង​នោះទេ តែ​វា​ជា​ឯកសណ្ឋាន​នៃ ក្រុមការងារ។  ក្រុមហ៊ុន​មួយចំនួន​តម្រូវ​ឲ្យ​បុគ្គលិក​របស់ខ្លួន ស្លៀកពាក់​ស៊ិ​ច​ស៊ី​បន្តិច ដើម្បី​ទាក់ទាញ អតិថិជន។

ក្នុង​ឯកសណ្ឋាន មួយឈុត​ពណ៌​ក្រហម អាវ​ក្នុង​កវាល អា​ធំ​ក្រៅ​ដៃ​វែង សំពត់​ខ្លី​ពាក់កណ្តាល​ភ្លៅ កញ្ញា និមល និង​ស្រី​កា ជា​បុគ្គលិក​លក់​ទូរស័ព្ទដៃ នៅក្នុង​ផ្សារ​ទំនើប​សុ​វណ្ណា បាន​ទទួលស្គាល់ថា បើ​មិន​ស្លៀក​ស៊ិ​ច​ស៊ី​ទេ ច្បាស់​ជា​គ្មាន​ភ្ញៀវ​ណា​ចូល​ទិញ​ឡើយ។ ប៉ុន្តែ​ពេលខ្លះ ភ្ញៀវប្រុសៗគ្រាន់តែ​ចូល​តថ្លៃ​ដើម្បី​ញ៉ែ​លេង​តែប៉ុណ្ណោះ។

ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សូម្បីតែ​តាម​វត្ត​អារាម ក៏​នារី​ស៊ិ​ច​ស៊ី​មួយចំនួន​មិន​លើកលែង​ដែរ។ ពួកនាង​ភ្លេច​អស់​នៅ​សំពត់ ហូល ផាមួង​ដែលជា​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ហើយ​បែរជា​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម​បង្អួត​អាចារ្យ និង​ព្រះសង្ឃ៕








© រក្សាសិទ្ធិដោយ thmeythmey.com