អត្ថបទពាណិជ្ជកម្ម
គោលការណ៍​ការពារ​អតិថិជន គឺជា​គន្លឹះ​នាំ​ភាពជោគជ័យ​ដល់​គោលដៅ​កម្ចី
05, Feb 2020 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០៖ ការខ្ចីប្រាក់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ការខ្ចីប្រាក់​ដោយ​សហគ្រាស​ខ្នាតតូច មធ្យម និង​ធំ មាន​តួនាទី​សំខាន់ ក្នុងការ​ជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ប្រទេសជាតិ​ទាំងមូល​។ 
 
​អ្នក​ខ្ចីប្រាក់​ដែល​បាន​យល់ច្បាស់​អំពី​លក្ខខណ្ឌ​កម្ចី និង​មាន​ផែនការ​ច្បាស់លាស់ ពី​ប្រាក់កម្ចី​ដែល​ទទួលបាន ជាមួយនឹង​អ្នកផ្តល់​កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ  ដែល​វិភាគ​យ៉ាង​ប្រុងប្រយ័ត្ន​លើ​គម្រោង​អាជីវកម្ម និង​សមត្ថភាព​នៃ​ការបង់ប្រាក់​សង​ត្រឡប់​របស់​អ្នក​ខ្ចី គឺជា​កត្តា​ជោគជ័យ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់លាន​នាក់​ទូទាំង​ពិភពលោក អាចមាន​លទ្ធភាព​បង្កើត​អាជីវ កម្ម  និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់ខ្លួន​រីកចម្រើន បង្កើត​ការងារ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍ និង​សេដ្ឋកិច្ច​ប្រទេស​របស់​ពួកគេ​។ 
 
​សម្រាប់​ប្រទេស​កម្ពុជា​ក៏ដូចជា​ក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន សេវា​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការផ្តល់​លទ្ធភាព ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ឲ្យ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ពី​ធនាគារ ឬ​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ​។​
 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវមាន​ប្រតិបត្តិការ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​អនុវត្តន៍​យ៉ាង​យកចិត្តទុកដាក់​បំផុត ទៅតាម​គោលការណ៍​ទំនួល​ខុសត្រូវ​សង្គម ជូន​ដល់​អតិថិជន ជាពិសេស នៅក្នុង​សហគមន៍​ដែល​ប្រជាពលរដ្ឋ មានការ​យល់ដឹង​តិចតួច​លើ​ផែ្ន​ក​ហិរញ្ញវត្ថុ និង​ក្នុងស្ថានភាព​ដែល​អាជីវកម្ម​ខ្នាតតូច​លក្ខណៈ​គ្រួសារ មាន​ភាព​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ឬ​បញ្ហា​ផ្សេងៗ​ទាំងអស់នេះ បានធ្វើ​ឲ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល បានចាប់ផ្តើម​លើកកម្ពស់ និង​ដាក់​គោលការណ៍​ការពារ​អតិថិជន ជាគោលការណ៍​អាទិភាព នៅក្នុង​ប្រតិបត្តិកា​របស់ខ្លួន​។ គោលការណ៍​ការពារ​អតិថិជន ពី Smart Campaign កំណត់​នូវ​គោល​ការ​ណ៏​គ្រឹះ​សំខាន់​ចំនួន ៧ ក្នុងនោះ​រួមមាន​៖  
 
១. ការបង្កើត និង​បែងចែក​ផលិតផល​ឲ្យ​បាន​ត្រឹមត្រូវ​និង សមរម្យ 
២. ការទប់ស្កាត់​បំណុល​វណ្ឌ​ករ​
៣. តម្លាភាព​
៤. ការកំណត់​តម្លៃ​ផលិតផល​ឲ្យ​បាន​សមរម្យ 
៥. ការគោរព​អតិថិជន​និង​ការពារ​ដោយ​យុត្តិធម៌ 
៦. ការការពារ​ព័ត៌មាន​របស់​អតិថិជន និង​
៧. យន្តការ​សម្រាប់​ដោះស្រាយ​បណ្តឹង​។​
 
​នៅពេលដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អនុម័ត និង​អនុវត្ត ទៅតាម​គោលការណ៍​ទាំងនេះ ធ្វើ​ឲ្យ​ការផ្តល់សេវា​ឥណទាន​ជូន​អតិថិជន ក្លាយជា​កម្លាំង​វិជ្ជមាន​មួយ ដែល​អាចជួយ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ អាច​បើកឱកាស​ថ្មីៗ​ជាច្រើន សម្រាប់​ឲ្យ​ពលរដ្ឋ​របស់ខ្លួន មានលទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ដែលមាន​សុវត្ថិភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដែល​ពួកគេ​មិន​ធ្លាប់​ទទួលបាន​។  
 
​នៅក្នុង​ប្រទេស​កម្ពុជា មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨ ដែល​ទទួលបាន​វិញ្ញាបនបត្រ​ស្តីពី​ការការពារ​អតិថិជន ពី Smart Campaign​។  តួលេខ​នេះ មាន​ចំនួន​ច្រើនជាងគេ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជាច្រើន​ទៀត នៅក្នុង​ពិភពលោក ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា អាចមាន​ឱកាស​ច្រើន ទទួលបាន​សេវា​ហិរញ្ញវត្ថុ ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​អាច​ជឿទុកចិត្ត និង​គោរព ការពារ​អតិថិជន​ពី​ហានិភ័យ និង​គ្រោះថ្នាក់​នានា​លើ​ផ្នែក​ឥណទាន​បាន​។ 
 
​លោក​មួន រ៉ាប់ កសិករ​ដាំដំឡូង​មី វ័យ​៤៩​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជា​អតិថិជន ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​មួយរូប ដែល​បានទទួល​ភាពជោគជ័យ​ពី​កម្ចី ដែល​លោក​ទទួលបាន​ពី​អម្រឹត​។ គាត់​បាន​ស្នើសុំ​កម្ចី​ច្រើន​បំផុត​ជា​លើកដំបូង ចំនួន ១​លាន​រៀល (​ប្រហែល​នឹង​២៥០​ដុល្លារ​អាមេរិក​) នៅក្នុង​ឆ្នាំ​២០១៤ ក្នុងនាម​ជា​សមាជិក​ម្នាក់ នៃ​ឥណទាន​ក្រុម​ធានា (Solidarity Credit)​។ គាត់​បាន​យកប្រាក់​កម្ចី​នោះ ទៅ​វិនិយោគ​លើ​ចម្ការ​ដំឡូង​មី​របស់គាត់​។ 
​លោក​រ៉ាប់ បាន​មានប្រសាសន៍ថា​៖ «​នៅមុន​ផ្តល់​កម្ចី​មក​ឲ្យ​ខ្ញុំ បុគ្គលិក​អម្រឹត តែងតែ​ពន្យល់​ពី​លក្ខខណ្ឌ​កម្ចី​យ៉ាង​លម្អិត ច្បាស់លាស់  និង​របៀប​បង់ប្រាក់​ត្រឡប់​ទៅ​ស្ថាប័ន​វិញ​។ ខ្ញុំ​ក៏បាន​ទទួល​នូវ​ការណែនាំ​ពី​វិធីសាស្ត្រ​ល្អៗ ក្នុងការ​រៀបចំ​ធ្វើ​ផែនការអាជីវកម្ម​រប​ស់​ខ្ញុំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បន្ទាប់ពី ទទួលបាន​កម្ចី​ដំណាក់កាល​ទី​១​ហើយ ខ្ញុំ​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដែល​រៀបចំ​ដោយ​អម្រឹត​»​។ 
 
​លោក​រ៉ាប់ បាន​ប្រាប់​បន្តថា​៖ «​រហូតដល់​ឆ្នាំ ២០១៧ ជីវភាព​របស់ខ្ញុំ​មានការ​រីកចម្រើន​គួរកត់សម្គាល់​។ ខ្ញុំ​បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការដាំ​ដំឡូង​មី ការប្រើប្រាស់​ជី និង​បច្ចេកទេស​ថ្មីៗ​ក្នុង​ការដាំដុះ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​។ ខ្ញុំ​បាន​យក​បច្ចេកទេស​ថ្មីៗ និង​ចំណេះដឹង ដែល​ទទួល​បានមក​អនុវត្តន៍​ជាក់ស្តែង​។ លុះ​នៅ​ឆ្នាំ​បន្ទាប់ ខ្ញុំ​ក៏​ទទួលបាន​ទិន្នផល​ខ្ពស់ជាង​ឆ្នាំមុនៗ ពី​៤០% ទៅ​៥០% ពី​ចំការ​ដំ​ឡូ​វ​មី​របស់ខ្ញុំ និង ចំណេញ​ប្រា​ក់ជាង ៣៧៥​ដុល្លារ ក្នុង​ដី​១​ហិកតា ដូច​ការរំពឹងទុក នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​ដាំដំឡូង​មី​ដំបូង​។​
 
​ករណី​លោក​រ៉ាប់ គឺជា​ភាពជោគជ័យ​មួយ ដែល​កើតចេញពី​អនុវត្តន៍ នូវ​គោលការណ៍​ការពារ​អតិថិជន​ដែល​បញ្ជាក់​ពី Smart Campaign ។​
 
​អម្រឹត​បាន​គោរព​គោលការណ៍​សំខាន់ៗ ដែល​កំណត់​ក្នុង​គោលការណ៍​ការពារ​អតិថិជន ក្នុងនោះ​រួមមាន «​តម្លាភាព​» នៅពេលដែល​មន្ត្រី​ឥណទាន​អម្រឹត បាន​ពន្យល់ លោក​រ៉ាប់ យ៉ាង​លម្អិត អំពី​លក្ខខណ្ឌ​ផ្សេងៗ​នៃ​កម្ចី និង​វិធី​បង់​សង​ត្រឡប់មកវិញ​។ ម្យ៉ាងវិញទៀត  ការចូលរួម​ក្នុង​សិក្ខាសាលា ស្ដីពី​ចំណេះដឹង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​កសិកម្ម ក៏បាន​បង្ហាញ​យ៉ាងច្បាស់​ពី​ការអនុវត្តន៍ ការគោរព​អតិថិជន និង​ការពារ​ដោយ​យុត្តិធម៌​។ 
 
​អម្រឹត​បានកំណត់​ចំនួន​ប្រាក់កម្ចី​ច្រើន​បំផុត​ចំនួន ១​លាន​រៀល ក្នុងដំណាក់កាល​ទី​១  របស់លោក​រ៉ាប់ នេះ​ប​ញ្ខា​ក់​ឲ្យ​ឃើញថា អម្រឹត​បាន​ចូលរួមចំណែក «​ទប់ស្កាត់​អតិថិជន​កុំ​ឲ្យ​ធ្លាក់​ក្នុង​បំណុល​វណ្ឌ​ករ​»​។ នៅក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​គួរតែ​ស្វែងរក​ស្ថាប័នហិរញ្ញវត្ថុ​ណា​ដែល​ផ្តល់​សេវា​ឥណទាន ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ និង​បាន​ការពារ​អតិថិជន​ពី​ហានិភ័យ និង​គ្រោះថ្នាក់​នានា​លើ​ផ្នែក​ឥណទាន ស្របតាម​គោលការណ៍​អន្តរជាតិ ស្តីពី​ការការពារ​អតិថិជន​ដែល​ហាត់​កាត់​ជា​ភាសា​អង់គ្លេស​ថា CPP (Client Protection Principles) ដើម្បី​ធានាថា ប្រាក់កម្ចី​របស់​ពួកគេ នឹងធ្វើ​ឲ្យ​ជីវភាព​រីកចម្រើន និង​អាច​ការពារ​ស្ថានភាព​ហិរញ្ញវត្ថុ​ទៅ​ថ្ងៃ​អនាគត​ប្រកបដោយ​សុវត្ថិភាព​៕ 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com