អន្តរជាតិ
កណ្ដូប​ហ្វូង​ថ្មី​បង្ក​ការប៉ះពាល់​ដល់​កសិផល និង​សន្តិសុខ​ស្បៀង​ក្នុងប្រទេស​អេ​ត្យូ​ពី​
12, Feb 2020 , 7:59 pm        
រូបភាព
ក្មេង​ប្រុស​អេត្យូពី​ម្នាក់​ព្យាយាម​បណ្តេញកណ្តូង​ នៅ​ពេល​វា​ហើរ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ជាយក្រុង Jijiga ក្នុង​តំបន់ Somali ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។
ក្មេង​ប្រុស​អេត្យូពី​ម្នាក់​ព្យាយាម​បណ្តេញកណ្តូង​ នៅ​ពេល​វា​ហើរ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ជាយក្រុង Jijiga ក្នុង​តំបន់ Somali ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
​សត្វ​កណ្ដូប​មួយ​ហ្វូង​ថ្មី​បាន​បង្ក​ការប៉ះពាល់​នៅក្នុង​ប្រទេស​អេ​ត្យូ​ពី ហើយ​ជាថ្មី​ម្ដងទៀត​កំពុង​គំរាមកំហែង​ដល់​ដំណាំ​នានា និង​សន្តិសុខ​ស្បៀង​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​កសិកម្ម​អេ​ត្យូ​ពី​។​

 
​លោក Dereje Hirpha ប្រធាន​ផ្នែក​គ្រប់គ្រង​សត្វ​កណ្ដូប​ប្រចាំ​តំបន់ Oromia បាន​ប្រាប់ VOA ថា ហ្វូង​កណ្ដូប​ថ្មី​ទាំងនេះ​ត្រូវបាន​គេ​រាយការណ៍​ដំបូង​ជាច្រើន​សប្ដាហ៍​កន្លងមក​ហើយ​នៅក្នុង​ស្រុក Raya ហើយ​តាំងពី​ពេល​នោះមក វា​បាន​រាតត្បាត​ដល់​កសិដ្ឋាន​រាប់ពាន់​ហិកតារ​នៅក្នុង​ស្រុក​ចំនួន ៤០ នៅក្នុង​តំបន់​។​
 
​ហ្វូង​កណ្ដូប​ដែល​ហោះ​លឿន​នេះ​កំពុង​គំរាមកំហែង​ដល់​កសិផល​នៅក្នុង​ប្រទេស​អេ​ត្យូ​ពី ដែលជា​ប្រទេស​ដែល​ប្រជាជន​ជាង ៨០ ភាគរយ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​
 
​ហ្វូង​កណ្ដូប​ស្រដៀង​គ្នា​នេះដែរ​ធ្លាប់បាន​បង្ក​ការប៉ះពាល់​នៅក្នុង​ប្រទេស​អេ​ត្យូ​ពី​កាល​ពីមួយ​ឆ្នាំមុន​។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ USAID បាន​បញ្ជាក់ថា ខ្លួន​ជឿថា ការធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ទ្វីបអាហ្វ្រិក​ខាង​កើតជា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​មានការ​កើនឡើង​នូវ​ហ្វូង​កណ្ដូប​នៅក្នុង​តំបន់​។​
 
​ហ្វូង​កណ្ដូប​ថ្មី​នេះ​ធ្វើដំណើរ​មកពី​ដែនដី Somaliland នៅពេលដែល​ការបង្ក​កំណើត​នៃ​សត្វ​កណ្ដូប​នេះ​មាន​ជា​បន្ត​នៅក្នុង​តំបន់​ទាំងសងខាង​នៃ​សមុទ្រ​ក្រហម និង​នៅក្នុង​ប្រទេស​ស៊ូដង់ និង​ប្រទេស​អេ​រី​ត្រេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ​នានា​។​
 
​ទីភ្នាក់ងារ USAID មាន​គម្រោង​ធ្វើការ​ជាមួយនឹង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​សាយភាយ​នៃ​ហ្វូង​កណ្ដូប​ទាំងនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​ផ្នែក​ទំនាក់ទំនង​នៃ​ទីភ្នាក់ងារ USAID​។ ទីភ្នាក់ងារ​នេះ​កំពុង​បណ្ដុះបណ្ដាល​អ្នកជំនាញ​សត្វល្អិត​ជាង ៣ រយ​នាក់ និង​ផ្ដល់​ឧបករណ៍​ការពារ ៥ ពាន់​ឈុត សម្រាប់​ក្រុម​អ្នក​កម្ចាត់​សត្វ​កណ្ដូប​។​
 
​អង្គការ Hirpha បាន​បញ្ជាក់ថា អាជ្ញាធរ​ប្រើ​យន្តហោះ និង​រថយន្ត​ដើម្បី​បាញ់ថ្នាំ​ដាក់​តំបន់​ដែល​រងគ្រោះ ក្នុង​គោលបំណង​ដើម្បី​កម្ចាត់​សត្វ​កណ្ដូប​ទាំងនេះ​។​
 
​ចំណែកឯ​អ្នកស្រុក​វិញ ក៏​កំពុង​ចូលរួម​នៅក្នុង​ការ​កម្ចាត់​សត្វល្អិត​ទាំងនេះ​តាម​វិធី​របស់​ពួកគេ​ផងដែរ​។ នៅពេលដែល​ហ្វូង​កណ្ដូប​ហោះ​ជិត​មកទល់ អ្នកស្រុក​ព្យាយាម​បន្លាច​ហ្វូង​កណ្ដូប​ទាំងនោះ​ដោយ​ការ​ផ្លុំ​កញ្ចែ វាយ​ប៉ោត ដុត​ភ្លើង និង​បាញ់​ទៅលើ​អាកាស​។​
 
​ក្រុម​អ្នក​ដេញ​ហ្វូង​កណ្ដូប​បាន​តាំងទី​នៅ​តំបន់​កសិដ្ឋាន​ដើម្បី​បំបែកហ្វូង​កណ្ដូប​ទាំងនេះ​មុនពេល​ហ្វូង​កណ្ដូប​ទាំងនេះ​ហោះ​ចុះ​មកដល់​។​
 
​អ្នកស្រី Sora Kura ដែលជា​អ្នក​ដេញ​បំបែកហ្វូង​កណ្ដូប​ម្នា​ក់នៅ​តំបន់ Borana បាន​និយាយថា​៖ «​បើ​មើ​លពី​ចម្ងាយ ហ្វូង​កណ្ដូប​ទាំងនេះ​មើលទៅ​ដូចជា​ពពក​ពណ៌​ត្នោត ឬក៏​ព្យុះ​ខ្សាច់​អញ្ចឹង​»​។​
 
​ហ្វូង​កណ្ដូប​ទាំងនេះ​ហោះ​តាម​ទិស​ខ្យល់​បក់ និង​ហោះ​តាម​ការបង្ហាញ​ផ្លូវ​រប​ស់​ប្រមោយ​នៅលើ​ក្បាល​របស់​ពួកវា ដែល​ប្រមោយ​នេះ​អាច​ចាប់​ក្លិន និង​សញ្ញា​ផ្សេងទៀត​នៃ​ចំណីអាហារ​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ Hirpha​។ បើ​យោងតាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ ហ្វូង​កណ្ដូប​ទាំងនេះ​អាច​ហោះ​បាន​ចម្ងាយ​រហូតដល់ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​។​
 
​អង្គការ USAID បាន​បញ្ជាក់ថា បន្ទាប់​ពីនេះ ហ្វូង​កណ្ដូប​ទាំងនេះ​អាច​ហោះ​ទៅកាន់​តំបន់​ភាគ​និរតី​នៃ​ប្រទេស​អេ​ត្យូ​ពី និង​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កេ​ន​យ៉ា ហើយ​អាច​ហោះ​ទៅកាន់​ប្រទេស​អ៊ូ​ហ្គា​ន់​ដា និង​ប្រទេស​ស៊ូដង់​ខាងត្បូង​ផងដែរ​។​
 
​អង្គការ Hirpha បាន​ឲ្យ​ដឹងថា សត្វ​កណ្ដូប​នៅ​តំបន់​វាលរហោឋាន​អាច​រស់​នៅបាន​យ៉ាង​ស្រួល​នៅក្នុង​បរិយាកាស​ដែលមាន​ខ្សាច់ និង​សីតុណ្ហភាព​ក្ដៅ​ល្មម​ដូចជា​នៅ​ភាគ​ខាងកើត​ប្រទេស​អេ​ត្យូ​ពី និង​ដែនដី Somaliland ជាដើម​។​
 
​ប្រទេស​អេ​ត្យូ​ពី​មិនទាន់បាន​រាយការណ៍​អំពី​ការវាយតម្លៃ​ណាមួយ​លើ​ការខាតបង់​កសិផល​ដោយសារ​សត្វ​កណ្ដូប​នេះ​នៅឡើយ​ទេ​។ កាលពី​ឆ្នាំ ២០០៣ និង​ឆ្នាំ ២០០៥ ការផ្ទុះ​ឡើង​នូវ​ហ្វូង​កណ្ដូប​ទាំងនេះ​នៅក្នុង​ប្រទេស​ជាង ២០ ដែល​ភាគច្រើន​នៅ​ទ្វីបអាហ្វ្រិក​ខាងជើង បានធ្វើ​ឲ្យ​កសិករ​ខាតបង់​ថវិកា​អស់ ៣ ពាន់ ៦ រយ​លាន​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com