កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 ៖ អ្នកលេងកាយវប្បកម្មវ័យ៧២ឆ្នាំម្នាក់ ស្លាប់ ព្រោះចចេសមិនពាក់ម៉ាស់
× លោក Qiu Jun អ្នកលេងកាយវប្បកម្មជនជាតិចិន វ័យ៧២ឆ្នាំ ដែលមានកាយសម្បទារឹងមាំបានទទួលមរណភាពហើយដោយសារឆ្លងមេរោគកូរ៉ូណាវីរុស COVID-19 បន្ទាប់ពីលោកបដិសេធមិនព្រមពាក់ម៉ាស់ការពារ។
ក្រុមគ្រួសាររបស់លោក Qiu បានបញ្ជាក់ថាលោក Qiu ដែលជាអ្នកឆ្លងជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មីមួយរូបចំណោមច្រើនរូបក្នុងក្រុងវូហាន់ ខេត្តហ៊ូប៉ី ប្រទេសចិន បានស្នាក់នៅមន្ទីរពេទ្យតែ៤ថ្ងៃប៉ុណ្ណោះមុនពេលស្លាប់នៅថ្ងៃទី៦ កុម្ភៈ ដោយរលាកសួតធ្ងន់ធ្ងរ។
បើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស
Dailystar និវត្តន៍ជនដែលចូលនិវត្តន៍នៅឆ្នាំ ២០០៣ ក្នុងអាយុ៥៦ឆ្នាំរូបនេះ ជាអតីតកីឡាករជើងខ្លាំងខាងកាយវប្បកម្ម ដោយដណ្តើមបានពានរង្វាន់ជាច្រើនពីកម្មវិធីធំៗ។
ជាធម្មតា លោក Qiu ត្រូវបានគេមើលឃើញថាតែងតែចំណាយពេលបីម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើលំហាត់ប្រាណនៅឯសួន Zhongshan នៅមុនពេលអាហារថ្ងៃត្រង់ និងបន្តដល់ពេលរសៀលថែមទៀត។
លោក Hai ដែលជាកូនប្រសាររបស់លោក Qiu អះអាងថាឪពុកក្មេករបស់លោកបានទៅជួបលោក និងភរិយាមុនពេលចូលឆ្នាំចិនអំឡុងពេលមានការផ្ទុះឡើងខ្លាំងនៃកូរ៉ូណាវីរុសនេះ។ បើទោះមានការហាមប្រាមជុំវិញការឆ្លងមេរោគនេះក្តី ប៉ុន្តែលោក Qiu នៅតែចចេសមិនព្រមឈប់ទៅហ្វឹកហាត់នៅខាងក្រៅផ្ទះនោះទេ និងថែមទាំងមិនពាក់ម៉ាស់ការពារផង រហូតដល់ក្រុងវូហានត្រូវបិទនៅថ្ងៃទី២៣ ខែមករា។
បុរសវ័យ៧២ឆ្នាំរូបនេះ បានមានអាការគ្រុនក្តៅរ៉ាំរ៉ៃ ហើយលោក Hai និងភរិយាបានបញ្ជូនឪពុករបស់ខ្លួនទៅកាន់មន្ទីរពេទ្យវូហានប៉ុន្តែត្រូវបង្ខំចិត្តត្រឡប់ទៅផ្ទះវិញព្រោះខ្វះគ្រែគេង ដ្បិតមានអ្នកជំងឺច្រើន។
ទីបំផុត នៅថ្ងៃទី២៨ ខែមករា លោក Qiu ត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគឆ្លងកូរ៉ូណាវីរុស ដោយត្រូវដាក់លោកនៅចត្តាលីស័កនៅឯមន្ទីរពេទ្យកាកបាទក្រហមវូហាន នៅថ្ងៃទី២ ខែកុម្ភៈ មុនពេលប្រកាសថាស្លាប់នៅ៤ថ្ងៃបន្ទាប់។
គិតត្រឹមព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ អ្នកស្លាប់ព្រោះជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ឡើងដល់១១១៥ នាក់ហើយ ក្នុងនោះតួលេខអ្នកជំងឺកើនឡើងដល់ប្រមាណ៤៥ ០០០នាក់ នៅប្រទេសចំនួន២៥ ដោយភាគច្រើនបំផុតនៅចិន ជាពិសេសនៅក្រុងវូហានដែលជាកន្លែងផ្ទុះជំងឺ៕
លោក Qiu Jun (ឆ្វេង) អំឡុងការសម្តែកីឡាកាយវប្បកម្មកាលពីឆ្នាំ២០១៨Tag:
COVID-19
កូរ៉ូណាវីរុស
Qiu Jun
© រក្សាសិទ្ធិដោយ thmeythmey.com