COVID-19
អន្តរជាតិ
COVID-19៖ អ៊ីតាលី​រើស​គ្រូ​ពេ​ទ​បន្ថែម ខណៈ​អ្នកស្លាប់​កើន​លើស​២,៥០០​នាក់
18, Mar 2020 , 3:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ដោយ​៖ គយ រតន​បុរិន្ទ 
 
​និស្សិត​ពេទ្យ​ចំនួន ១​ម៉ឺន​នាក់​នឹងត្រូវ​បញ្ជូន​ឲ្យ​ចូល​បម្រើសេវា​សុខាភិបាល ដើម្បី​ទប់​នឹង​ការរីក​រាលដាល​របស់ COVID-19​។

 
​លោក Gaetano Manfredi រដ្ឋ​ម្ត្រី​ក្រសួង​ទទួលបន្ទុក​សកលវិទ្យា​ល័យ និង​កិច្ចការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បានសម្រេច​ឲ្យ​និស្សិត​ពេទ្យ​ចូល​បម្រើ​ការងារ​៨​ទៅ​៩​ខែ​មុន​កាលវិភាគ និង​អនុញ្ញាត​ឲ្យ​ពួកគេ​បញ្ចប់​ការសិក្សា​តែម្តង ដោយ​មិនចាំបាច​ប្រឡង​ឡើយ​។ « នេះ​ជា​វិធានការ​ភា្ល​មៗ​របស់​រដ្ឋាភិបាល​ដោយ​បន្ថែម​កម្លាំង​វេជ្ជបណ្ឌិត​ថ្មី​ចំនួន​១​ម៉ឺន​នាក់​ចូលក្នុង​ប្រព័ន្ធ​សុខាភិបាល​ជាតិ ដើម្បី​ដោះស្រាយ​ការខ្វះខាត​ដែល​ប្រទេសជាតិ​កំពុង​ជួបប្រទះ​»​។ នេះ​ជា​សេចក្តី​ថ្លែង​ការ​របស់​រដ្ឋមន្ត្រី​ខាងលើ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​និស្សិត​ទាំងអស់នោះ​នឹងត្រូវ​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​ជាមួយ​វេជ្ជបណ្ឌិត​ទូទៅ​តាម​គ្លីនិក និង​ផ្ទះ​មនុស្ស​វ័យ​ចំណាស់ ខណៈ​វេជ្ជបណ្ឌិត​ដែលមាន​បទពិសោធ​នឹងត្រូវ​ប​ញ្ជួ​ន​ទៅកាន់​មន្ទី​ពេទ្យ​ដែល​ហូរហៀរ​ដោយ​អ្នកជំងឺ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា អាជ្ញាធរ​សុខាភិបាល​អ៊ីតាលី​បាន​ឲ្យ​ដឹងថា​ចំនួន​ករណី​ឆ្លង COVID-19 បាន​កើនឡើង​ពី ២៧,៩៨០ ករណី រហូតដល់ ៣១,៥០៦​ករណី ដែលជា​ចំនួន​ច្រើន​បំផុត​បន្ទាប់ពី​ប្រទេស​ចិន ខណៈដែល​អ្នកស្លាប់​បាន​កើនឡើង​ដល់ ២,៥០៣ នាក់​ហើយ​។​
 
​ការរីក​រាលដាល​នៃ​COVID-19 ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល និង​មន្ទី​ពេទ្យ​អ៊ីតាលី​ប្រឈម​មុននឹង​វិបត្តិ​ខ្វះ​គ្រែពេទ្យ គ្រូពេទ្យ និង​សម្ភារៈ​វេជ្ជសាស្ត្រ ជាពិសេស​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ដែលជា​កន្លែង​ផ្ទុះ​ជម្ងឺឆ្លង​។ 
 
​ចំណែកឯ​ស្ថានការណ៍​វិ​វត្ត​នៅ Milan ដែល​នៅ​ភាគ​ខាងជើង​ប្រទេស មាន​លក្ខណៈ​គួរ​ឲ្យ​ព្រួយបារម្ភ និង​គ្រោះថ្នាក់​ដោយសារតែ​អ្នក​ឆ្លង​ថ្មី​កើនឡើង​ខ្លាំង​។ ភាគ​ខាងជើង​អ៊ីតាលី ដែលជា​តំបន់​សម្បូរ​ធនធាន​ជាងគេ រង​ខ្លាំងជាងគេ​ពី COVID-19 នេះ និង​ជាទី​តាំង​ផ្ទុះ​ករណី​ឆ្លង​ដំបូង​ផងដែរ​។ ៣​សប្តាហ៍​ចុងក្រោយ ចំនួន​អ្នកជំងឺ​នៅ​តំបន់ Lombardy ដែល​ត្រូវការ​ការថែទាំ​ខ្លាំង កើនឡើង​ដល់ ១,១៣៥​។ នាក់ ខណៈ​មន្ទី​ពេទ្យ​មានលទ្ធភាព​ទទួលបាន​ត្រឹមតែ ៨០០​នាក់​ប៉ុណ្ណោះ​។​
 
​សព្វថ្ងៃ អ៊ីតាលី ស្ថិតក្រោម​ការបិទទ្វារ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ បន្ទាប់ពី​រដ្ឋាភិបាល​បានចេញ​បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​កាលពី​សប្តាហ៍​មុន នគរបាល​អ៊ីតាលី​បាន​ឃាត់ និង​សាកសួរ​មនុស្ស​ចំនួន ១៧២,៧២០ នាក់​ពី​ហេតុផល​ដែល​ពួកគេ​ចាក​ចេញពីផ្ទះ ខណៈ​មនុស្ស ៧,៨៩០​នាក់​ត្រូវបាន​កត់សម្គាល់ថា បាន​ល្មើ​សនឹង​បម្រាម​ខាងលើ​៕

Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com