COVID-19
អន្តរជាតិ
ប្រមុខ​WHO ៖ COVID-19 ជាស​ត្រូវ​ប្រឆាំង​មនុស្សជាតិ​
19, Mar 2020 , 11:45 am        
រូបភាព
​ដោយ​៖ គយ រតន​បុរិន្ទ
 
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅ​ថ្ងៃទី ១៨ ខែមីនា បាន​ហៅ​ជំងឺឆ្លង COVID-19 ជា «​សត្រូវ​ប្រឆាំង​មនុស្សជាតិ​»​។ លោក​និយាយ​បែបនេះ ខណៈ​អ្នក​ឆ្លង​ជំងឺ​ថ្មី​នេះ​មាន​ចំនួន​ដល់ ២​សែន​នាក់​នៅ​ជុំវិញ​ពិភពលោក ពិសេស​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី​ប៉ែក​អាគ្នេយ៍​ដែលមាន​ករណី​ឆ្លង​ប្រចាំថ្ងៃ​កើនឡើង​។

 
​នៅក្នុង​សន្និសីទ​សារ​ព័​ត៍​មាន លោក Tedros Adhanom Ghebreyesus បាន​លើកឡើងថា វី​រ៉ុ​ស​កូ​រ៉ូ​ណា​បានបង្ហាញ​ពី​ការ​គម្រាមកំហែង​ដែល​មិន​ធ្លាប់មាន​ពីមុន​។ ត្រង់ចំណុច​នេះ លោក Tedros បាន​បន្ថែមថា​៖ «​ប្រទេស​ទាំងអស់​ត្រូវ​រូប​រួមគ្នា ប្រយុទ្ធ​នឹង​សត្រូវ​រួម​៖ សត្រូវ​ប្រឆាំង​មនុស្សជាតិ​»​។​
 
​ចាប់​តាំងតែ​ពី​ការ​ផ្ទុះឡើង​នៃ​ជម្ងឺ​នេះ​ក្នុង​ខែធ្នូ ២០១៩​នៅ​ប្រទេស​ចិន COVID-19 បាន​ប្រល័យ​ជិវិត​មនុស្ស​លើសពី ៨​ពាន់​នាក់ ខណៈ​ការស្លាប់​នៅ​អឺរ៉ុប​កំពុង​បន្ត​កើនឡើង​។ អ៊ីតាលី​ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅ​អឺរ៉ុប ដោយ​ករណី​ស្លាប់​កើន​ដល់​មាន ២,៥០៥ ករណី និង​មាន​ករណី​ឆ្លង​ចំនួន ៣១,៥០៦ ករណី​។ នៅ​អ៊ីរ៉ង់​វិញ​មាន​ករណី​ស្លាប់​ចំនួន ៩៨៨ ករណី និង​ឆ្លង​ចំនួន ១៦,១៦៩​ករណី​។ រដ្ឋ​អាស៊ីអាគ្នេយ៍​ដូចជា ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ​ជាដើម សុទ្ធ​តែមាន​ករណី​ឆ្លង​ច្រើន​។ 
 
​រីឯ​នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​វិញ ដ្បិត​មាន​ករណី​ឆ្លង​មិនសូវ​ច្រើនក្ដី ប៉ុន្តែ​ប្រទេស​នៅ​ទ្វីប​មួយ​នេះ​ក៏មាន​ការឆ្លង​ច្រើន​ដែរ​។ ករណី​ឆ្លង​នៅ​ទ្វីប​នេះ​មាន​ប្រមាណ ២៣៣​ករណី និង​៤​ករណី​ស្លាប់​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា​។ ប៉ុន្តែ WHO ក៏បាន​រំលឹក​ផង​ផងដែរ​ថា​ស្ថានការណ៍​អាច​នឹង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។​
 
​ទាក់ទង​វិធានការ​វិញ លោក​អគ្គនាយក​អង្គការ WHO បាន​សង្កត់ធ្ងន់ថា ដើម្បី​គ្រប់គ្រង​ការរីក​សាយ​នៃ COVID-19 នេះ​បាន​ប្រទេស​ទាំងអស់​ត្រូវ «​នៅ​ឲ្យ​ដាច់​ពី​គេ ធ្វើតេស្ត ព្យាបាល និង​រក​តម្រុយ​» នៃ​ការឆ្លង​របស់​ជំងឺ​។ លោក Tedros បា​នស​សើរ​ពី​ការចាប់ផ្តើម​ពិសោធ​របស់​វា និង​បាន​និយាយថា ជា​សមិទ្ធផល​ដែល​មិនគួរ​ឲ្យ​ជឿ​។ ចំពោះ​ការព្យាបាល​វិញ WHO បានដាក់​ចេញ​នូវ​កម្មវិធី  «​ពិសោធន៍​រួម​» ដោយ​ទទួលយក វិធីសាស្ត្រ​ព្យាបាល​ចំនួន​៥ ពី​ប្រទេស​ចំនួន ១០ និង​ពិនិត្យមើល​វិធីសាស្ត្រ​ណាមួយ​ដែលមាន​ប្រសិទ្ធភាព​ជាងគេ​។ 
 
​ចំពោះ​ការឆ្លង​វិញ ប្រមុខ​WHO​ក៏បាន​ព្រមាន​ផងដែរ​ថា គេ​មិនគួរ​មើលស្រាល​ជំងឺ ដោយ​គិតថា​វា​មិន​ឆ្លង​មក​មនុ​ស្សវ័យ​ជំទង់ និង​កុមារ​ដូច​មនុស្ស​ចាស់​ឡើយ​។ នេះ​ក៏​ព្រោះតែ​មនុស្ស​វ័យ​ជំទង់ និង​កុមារ​ជាច្រើន​នាក់​បាន​ឆ្លង​រួចមក ហើយ​មិនមាន​អកា​រៈ​ធ្ងន់ធ្ងរ​ផងដែរ បើទោះបីជា​មិនមាន​រោគសញ្ញា​ក៏ដោយ​។ 

Tag:
 WHO
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com