អាចបិទភូមិ បើរកឃើញអ្នកឆ្លងកូវីដ-១៩ ២ទៅ៣នាក់
COVID-19
ជាតិ
អាចបិទភូមិ បើរកឃើញអ្នកឆ្លងកូវីដ-១៩ ២ទៅ៣នាក់
24, Mar 2020 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ឡើងទៅ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ អាចនឹងបិទ មិនឲ្យមានការចេញចូលតែម្តង។ នេះបើតាមប្រសាស៍ន៍របស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។



ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេចរដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«...អ្នកណាមួយកើត [កូវីដ-១៩] គឺថាឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថាភូមិ ដាច់ដោយឡែកពីគ្នា ៤-៥ផ្ទះអ៊ីចឹងទៅ»។

រដ្ឋមន្រ្តីមហាផ្ទៃ បន្តថា៖«យើង អាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់អ៊ីចឹងទៅ គឺថា ឃុំ [បិទ] ទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង...»។ 

សំឡេង



គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពលករខ្មែរជិត១ម៉ឺននាក់ បានសម្រុកចេញពីថៃ មកកម្ពុជាវិញ។ នៅថ្ងៃទី២៣ ខែមីនា គឺថ្ងៃចុក្រោយ ដែលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រទ្វារព្រំដែនគោកផ្សេងទៀតរវាងកម្ពុជា-ថៃ នៅដំណើរការ។ 

តែនៅថ្ងៃទី២៤ ខែមីនានេះ ច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានបិទអស់ហើយ។ នេះបើតាមលោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេន៍ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែមីនា។ 

ក្រសួងពាក់ព័ន្ធនានា អំពាវនាវឲ្យពលកខ្មែរគ្រប់រូប ដែលទើបនឹងមកពីថៃនិងប្រទេសផ្សេងៗ ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤សិន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ទៅសមាជិកគ្រួសារ ឬអ្នកដទៃ។ 

គិតត្រឹមយប់ម្សិលមិញ (ថ្ងៃទី២៣ ខែមីនា) កម្ពុជា រកឃើញមនុស្ស៨៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន២នាក់ គឺបុរសជនជាតិចិននិងស្រ្តីជនជាតិអង់គ្លេស បានជាសះស្បើយវិញ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com