COVID-19
អន្តរជាតិ
អាមេរិក​ថា មិនបាន​ដណ្តើម​បរិក្ខារ​ពេទ្យ​ដែល​បញ្ជូន​ពី​ចិន​ទៅ​ប្រេ​ស៊ី​ល​ឡើយ​
08, Apr 2020 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលLuiz Henrique Mandetta-AFP
រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលLuiz Henrique Mandetta-AFP
ដោយ:
​នៅ​ថ្ងៃទី​៧ ខែមេសា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល បាន​ច្រានចោល​របាយការណ៍​ដែលថា​រដ្ឋាភិបាល​អាមេរិក ដណ្តើម​បរិក្ខា​ពេទ្យ​ផលិត​ដោយ​ចិន ហើយ​ដែល​បញ្ជា​ទិញ​ដោយ​ប្រេ​ស៊ី​ល​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​។​

 
​សារព័ត៌មាន​ក្នុងស្រុក​ប្រេ​ស៊ី​ល​មួយ បាន​ចុះផ្សាយ​ថា បរិក្ខារ​ពេទ្យ ដែល​ដឹក​តាម​នាវា​សំដៅ​មករ​ដ្ឋ Bahia របស់​ប្រេ​ស៊ី​ល ត្រូវបាន​បង្វែរ​ទៅកាន់​សហរដ្ឋអាមេរិក​វិញ បន្ទាប់ពី​ចូល​ចត​នៅ​ទីក្រុង​Miami ក្រោយពេល​អ្នកផ្គត់ផ្គង់​សម្ភារ ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ជាង​។ កាលពី​សប្តាហ៍​មុន​លោក Luiz Henrique Mandetta រដ្ឋមន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​ល ក៏​អះអាងថា ចិន​បាន​ទាត់ចោល​ការបញ្ជាទិញ​ឧបករណ៍​បរិក្ខារ​ពេទ្យ​របស់​ប្រេ​ស៊ី​ល​មួយចំនួន បន្ទាប់ពី​អាមេរិក​បញ្ជូន​យន្តហោះ​ដឹកទំនិញ​២៣​គ្រឿង សំដៅទៅ​ចិន​ដើម្បី​ទិញ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ទាំងនោះ​។ 
 
​រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ បញ្ជាក់ទៀតថា បណ្តា​រដ្ឋ​នៅ​ប្រេ​ស៊ី​ល​មាន​ឧបករណ៍​ស្តុក​ទុក​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ប្រេ​ស៊ី​ល​ត្រូវ​ស្វែងរក​ប្រទេស​ជាច្រើន ដើម្បី​ទិញ​ឧបករណ៍​បរិក្ខារ​ពេទ្យ​បំពេញ​ស្តុក មុននឹង​ស្វែងរក​ប្រទេស​ចិន ដែល​ខ្លួន​ត្រូវ​ចំណាយ ២២៨​លាន​ដុល្លារ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Todd Chapman ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ទាត់ ចោលការ​រាយការណ៍​ខាងលើ​។ លោក​និយាយថា​៖ « រដ្ឋាភិបាល​អាមេរិក មិនបាន​ទិញ ឬ រាំងខ្ទប់​សម្ភារ បរិក្ខារ​ដែល​សំដៅ​មក​ប្រេ​ស៊ី​ល​ឡើយ​។ អ្វីដែល​បានលើកឡើង​ជា​របាយការណ៍ ក្លែងក្លាយ​។ យើង​បាន​បើក​ការស៊ើបអង្កេត​រួចហើយ​»​។​
 
​លោក Chapman បន្ថែមថា អ្នកផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក កំពុងតែ​ឆ្លៀតឱកាស​យក ចំណេញ​ពី​តម្រូវការ​យ៉ាងគំហុក នូវ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ដូចជា សម្ភារ​ការពារ​ខ្លួន ស្រោមដៃ និង​ម៉ាស់​ជាដើម​។ 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​ប្រេ​ស៊ី​ល​វិញ បាន​ចោទ​អ្នកផ្គត់ផ្គង់​ឧបករណ៍​បរិក្ខារ​ពេទ្យ​ចិន​ថា កំពុង​កើប​ផលចំណេញ ពី​ជំងឺ​រាតត្បាត​សកល​នេះ​។ លោក​បន្ថែមថា លោក​នឹង​សុំទោស​ដរាបណា ចិន​សន្យា​លក់​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​១,០០០ គ្រឿង​មក​ឲ្យ​ប្រេ​ស៊ី​ល​។​
 
​គិត​មកដល់ពេលនេះ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ចំនួន ១២,០៥៦​នាក់ និង​ករណី​ស្លាប់ ៥៥៣​នាក់ ចំនួន​ដែល​កើនឡើង​ទ្វេដង ក្នុង​រយៈពេល​៦​ថ្ងៃ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​អាមេរិក​រង​ការចោទប្រកាន់​បែបនេះ កាលពី​សប្តាហ៍​កន្លងទៅ ក៏មាន​ផងដែរ ការចោទប្រកាន់ថា អាមេរិក​ស្ទាក់ និង​ដណ្តើម​ទិញ ម៉ាស់​ពី​បារាំង និង​អាល្លឺម៉ង់​។ ខណៈ​កាលពី​ថ្ងៃទី​៧ ខែមេសា អភិបាលខេត្ត Ontario របស់​កាណាដា បាន​និយាយថា​អាមេរិក​រាំងខ្ទប់ ការដឹកជញ្ជូន​ម៉ាស់ ៣​លាន​សន្លឹក​៕

© រក្សាសិទ្ធិដោយ thmeythmey.com