កីឡាអន្តរជាតិ
អន្តរជាតិ
វិបត្តិ​COVID-19 ធ្វើ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​នៅ Premier League ធ្លាក់​ជិត​២​ពាន់​លាន​ដុល្លារ​
11, Apr 2020 , 8:29 am        
រូបភាព
​តាម​ការប៉ាន់ស្មាន តម្លៃ​កីឡាករ​ក្នុង​ក្រុម​នៅ Premier League បាន​ធ្លាក់ចុះ​រហូតដល់​ចំនួន ១,៦ ពាន់​លាន​ផោន (១,៩៩​ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយសារតែ​វិបត្ដិ​នៃ​ជំងឺ COVID-19​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​ស្ថិតិ​កីឡាបាល់ទាត់ Transfermarkt​។


Transfermarkt គណនា​តម្លៃ​របស់​កីឡាករ​ដោយ​ប្រើ​ទិន្នន័យ​ផ្សេងៗ​គ្នា និង​ការប៉ាន់ស្មាន​សរុប​រប​ស់​អ្នកប្រើប្រាស់​លើ​គេហទំព័រ​។ ក្នុងនោះ​ការ​ព្យាករ​ពី​ការធ្លាក់ចុះ នៃ​តម្លៃ​របស់​ក្រុម Manchester City គឺ​ទទួលរង​ការធ្លាក់ចុះ​ច្រើនជាងគេ​ប្រមាណ ២២៥ លាន​ផោន (២៧៩​លាន​ដុល្លារ​អាមេរិក​) ខណៈ Liverpool នៅ​លេខ​រៀង​ទី​ពីរ​ខែល​ខាត ២៥៤​លាន​ដុល្លារ​។​
 
​លោក Matthias Seidel ស្ថាបនិក Transfermarkt លើកឡើងថា​តម្លៃ​ទីផ្សារ​ភាគហ៊ុន​បាន​ធ្លាក់ចុះ​ជា​លំដាប់​។ ក្លិប​ជាច្រើន​អាច​ត្រូវ​គំរាមកំហែង​ដោយ​ការ​ក្ស័យធន​ហើយ​ផែនការ​ផ្ទេរ​កីឡាករ​បាន​ក្លាយជា​ឧបសគ្គ​ដោយសារតែ​ភាពមិនប្រាកដប្រជា​ជាច្រើន​។​
 
Transfermarkt បាន​ពិនិត្យមើល​លើ​ស្ថិតិ​ជាច្រើន រាប់បញ្ចូល​ទាំង​អាយុ​របស់​កីឡាករ រយៈពេល​នៃ​កិច្ចសន្យា​បច្ចុប្បន្ន និង​ថ្លៃ​ផ្ទេរ​ពីមុន​ដែល​ត្រូវបាន​បង់​។ ស្ថិតិ​ទាំងនោះ​ត្រូវបាន​ពិភាក្សា​លម្អិត​ជាមួយ​បណ្តា​សហគមន៍​តាម​តំបន់​មុនពេល​ប៉ាន់ស្មាន​ពី​តម្លៃ​។​
 
​ដោយសារតែ​វិបត្តិ​ជំងឺ COVID-19 ទើប​ធ្វើ​ឲ្យ​ក្លិប​នៅ​អឺរ៉ុប​ត្រូវ​ផ្អាក​ការប្រកួត ដែល​នេះ​នឹងធ្វើ​ឲ្យ​ធ្លាក់ចុះ​ចំណូល​ដ៏​ច្រើន​។ ផែនការ​នៃ​ការផ្ទេរ​កីឡាករ​របស់​ក្រុម​ជាច្រើន​ត្រូវបាន​រក្សាទុក ដែល​គេ​ជឿជាក់ថា​នឹងមាន​ការធ្លាក់ចុះ​លើ​តម្លៃ​ផ្ទេរ​។​
 
​ទិន្នន័យ​ខាងលើ ក៏​វាយតម្លៃ​កីឡាករ​ដែល​កើតមុន​ឆ្នាំ ១៩៩៨ ត្រូវ​ខាត​ថ្លៃ​ខ្លួន ២០ ភាគរយ ហើយ​អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ ១៩៩៨ ឃើញថា​តម្លៃ​របស់​ពួកគេ​ត្រូវ​កាត់បន្ថយ ១០ ភាគរយ​។ នេះ​ក៏​ព្រោះតែ​តម្លៃ​របស់​កីឡាករ​ដែលមាន​អាយុ ២២​ឆ្នាំ ឬ​ក្មេង​ជាង​នេះ​មាន​ភាព​រ៉ឹង​មាំ​ជាង​កីឡាករ​វ័យ​ចំណាស់ ដូច្នេះ​ក្រុម​ដែលមាន​កីឡាករ​សំខាន់ៗ​ជាច្រើន​ដែលមាន​អាយុ​លើសពី ២២​ឆ្នាំ ទំនងជា​ទទួលរង​ការធ្លាក់ចុះ​ខ្លាំងជាងគេ​។​
 
​ក្រុម​នៅ​លី​គ​កំពូល​អង់គ្លេស​ចំនួន​១០ ដែល​ប្រឈម​ធ្លាក់​ថ្លៃ​ច្រើនជាងគេ​អំឡុង​វិបត្តិ COVID-19 មាន Manchester City, Liverpool, Tottenham Hotspur, Chelsea, Manchester United, Arsenal, Everton, Leicester City, Wolves និង West Ham United៕

Tag:
 Premier League
 Transfermarkt
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com