COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Sir Alex អតីត​គ្រូ Man Utd សរសើរ​គ្រូពេទ្យ​អង់គ្លេស​ដែល​ប្រថុយ​ជីវិត​ប្រឆាំង COVID-19
10, Apr 2020 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
Manchester United បាន​បរិច្ចាគ​គ្រឿង​បរិក្ខារ​ពេទ្យ អាហារ និង​អំណោយ​ដល់​មណ្ឌល​សុខភាព​ក្នុង​តំបន់ ខណៈ Sir Alex Ferguson កោតសរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស (NHS)  ចំពោះ​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង COVID-19 ទាំង​ប្រថុយ​ជីវិត​។​


 
​ក្លិប​រហស្សនាម​បិសាច​ក្រហម​ក៏​នឹង​ទទួល​សំណើ​បន្ថែមទៀត​ពី NHS ប្រសិនបើ​ត្រូវការ​ប្រើប្រាស់​ទីតាំង​កីឡដ្ឋាន Old Trafford របស់​ពួកគេ​ដែល​បានដាក់​ក្នុង​បញ្ជី​បម្រុង​ជា​មជ្ឈមណ្ឌល​ផ្តល់​ឈាម​បណ្តោះអាសន្ន​រួចហើយនោះ​។ 
 
​យានយន្ត​ចំនួន​១៦​គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ក្លិប​ក៏​អនុញ្ញាត​ឲ្យ​សុខាភិបាល​ប្រើប្រាស់​ផងដែរ ហើយ​អាហារ​និង​ភេសជ្ជៈ​ចំនួន ៣០០០០​សម្រាប់ ដែល​ត្រូវបាន​រក្សាទុក​នៅ​កីឡដ្ឋាន​ត្រូវបាន​បញ្ជូនទៅ​ធនាគារ​ស្បៀងអាហារ មន្ទីរពេទ្យ និង​សប្បុរសជន​នានា​។​
 
​លោក Alex Ferguson អតីត​អ្នកចាត់ការ​ទូទៅ Man Utd ដែល​ធ្លាប់​ទទួល​ការវះកាត់​ជាបន្ទាន់​បន្ទាប់ពី​មាន​ជំងឺសរសៃប្រសាទ​ខួរក្បាល​កាលពី ២ ឆ្នាំមុន​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សេវាកម្ម​សុខភាព​របស់​អង់គ្លេស​នេះ​។​
 
​លោក Ferguson ដែល​សព្វថ្ងៃ​មាន​វ័យ ៧៨​ឆ្នាំ បាន​សរសេរ​លើ​គេហទំព័រ​ផ្លូវការ​របស់​បិសាច​ក្រហម​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ដែល​ឥឡូវនេះ​យើង​បានទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ NHS របស់​យើង​។ ដូចដែល​ខ្ញុំ​ធ្លាប់មាន​បទពិសោធ​កាលពី ២ ឆ្នាំមុន​បន្ទាប់ពី​ពួកគេ​បាន​ជួយសង្គ្រោះ​ជីវិត​ខ្ញុំ​។ ការ​ប្រឆាំងនឹង​រោគរាតត្បាត​ដ៏​សាហាវ​នេះ​ពិតជា​អស្ចារ្យ និង​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទកភាព​ចំពោះ​របៀប​ដែល​ក្លិប និង​ប្រជាជន​អង់គ្លេស​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ជួយ​ដល់​សុខ​ភិ​បាល​អង់គ្លេស​»​។​
 
​តាមពិតទៅ គំនិត​ផ្តួចផ្តើម​ក្នុងការ​បរិច្ចាគ​នេះ​ដំបូង​កើតឡើង​ពី​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ Man Utd បច្ចុប្បន្ន​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​លើកសរសើរ​ពី​បុគ្គលិក​របស់ NHS និង​អ្នកស្ម័គ្រចិត្ត​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ថា​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដើម្បី​រក្សា​សុវត្ថិភាព​របស់​អ្នក​រាល់គ្នា និង​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​។ ពួកគេ​សម​នឹង​ទទួលបាន​ការដឹងគុណ និង​ការសរសើរ​ពី​អ្នក​រាល់គ្នា​ចំពោះ​ការងារ​និង​ការខិតខំ​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃនេះ​។​
 
​មកទល់ពេលនេះ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ជាង​៦៥​ពាន់​នាក់​នៅ​ចក្រភព​អង់គ្លេស ក្នុងនោះ​ស្លាប់​ជិត​៨០០០​នាក់ និង​សះស្បើយ​ពី​ជំងឺ​លើស​១៣០​នាក់​៕

Tag:
 Manchester United
  Sir Alex Ferguson
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com